សេចក្តីថ្លែងការណ៍ស្តីអំពីការព្រមព្រៀងរួមរស់ជាមួយគ្នានៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ធ្វើឡើងនៅកោះបាលី ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៧៦ ។ សេចក្តីថ្លែងការណ៍នេះបានប្រកាសថា ៖កិច្ចសហប្រតិបត្តិការរបស់អាស៊ានត្រូវយកចិត្ត ទុកដាក់លើគោលបំណងនិងគោលការណ៍នានាដូចខាងក្រោមនេះក្នុងការស្វែងរកស្ថិរភាពនយោបាយ ៖
- ស្ថិរភាពនៃរដ្ឋជាសមាជិកអាស៊ាននីមួយៗ និងនៅក្នុងតំបន់អាស៊ាន គឺជាការរួមវិភាគទាន យ៉ាងសំខាន់សម្រាប់សន្តិភាព និងសន្តិសុខអន្តរជាតិ ។ រដ្ឋជាសមាជិក នីមួយៗ រិះរកដំណោះស្រាយដើម្បីលុបបំបាត់ចោលនូវការគំរាមកំហែងទាំងឡាយ ដែលបង្កឡើងដោយវិទ្ធង្សនាចំពោះស្ថិរភាពរបស់ខ្លួនដូច្នេះត្រូវពង្រឹងភាពរឹងមាំរបស់ជាតិ និងរបស់អាស៊ាន ។
- រដ្ឋជាសមាជិកទាំងឡាយជាឯករដ្ឋ និងជាសមូហរដ្ឋត្រូវចាត់វិធានការឱ្យបានសកម្មដើម្បីបង្កើតឱ្យបានឆាប់នូវតំបន់សន្តិភាព សេរីភាព អព្យាក្រិតភាព ។
- ការលុបបំបាត់ចោលភាពក្រីក្រ ការស្រេកឃ្លាន ជំងឺនិងអនក្ខរកម្ម គឺជារង្វល់ដ៏ចម្បងរបស់រដ្ឋជាសមាជិក ។ ដូច្នេះរដ្ឋជាសមាជិកទាំងអស់ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍ សង្គម និងសេដ្ឋកិច្ចដោយសង្កត់ធ្ងន់លើការបង្កើនយុត្តិធម៌សង្គម និងការធ្វើឱ្យប្រសើរឡើងនូវកម្រិតជីវភាពរបស់ប្រជាពលរដ្ឋរបស់ខ្លួន ។
- គ្រោះធម្មជាតិ និងមហន្តរាយធំៗអាចពន្យល់ដំណើរការអភិវឌ្ឍរបស់ប្រទេសជាសមាជិក ។ ប្រទេសជាសមាជិកត្រូវផ្តល់ជំនួយសង្រ្គោះទៅតាមលទ្ធភាពដល់បណ្តាប្រទេសជាសមាជិក ដែលកំពុងជួបការលំបាក ។
- បណ្តាប្រទេសជាសមាជិកត្រូវចាត់វិធានការរួមគ្នានៅក្នុងកម្មវិធីអភិវឌ្ឍជាតិ និងតំបន់ដោយប្រើប្រាស់ឱ្យអស់លទ្ធភាពនូវធនធានដែលមាននៅក្នុងតំបន់អាស៊ាន ដើម្បីពង្រីកសេដ្ឋកិច្ច នៅក្នុងប្រទេសជាសមាជិកនីមួយៗឱ្យបានពេញបរិបូរណ៍ ។
- ដោយឈរលើស្មារតីសាមគ្គីភាពនៅក្នុងតំបន់អាស៊ានរដ្ឋសមាជិកត្រូវប្រើប្រាស់មធ្យោបាយ សន្តិវិធីជាដាច់ខាតដើម្បីដោះស្រាយរាល់ការខ្វែងគំនិតគ្នាក្នុងរង្វង់តំបន់ ។
- រដ្ឋជាសមាជិកទាំងអស់ត្រូវខិតខំប្រឹងប្រែងជាលក្ខណៈឯករដ្ឋ និងសមូហរដ្ឋដើម្បីបង្កលក្ខណៈអនុគ្រោះដល់ការព្រឹក្សាកិច្ចសហប្រតិបត្តិការប្រកបដោយ សន្តិភាពក្នុងចំណោមប្រជាជាតិនៅអាស៊ីអាគ្នេយ៍ដោយឈរលើមូលដ្ឋានគោរពគ្នាទៅវិញទៅមក និងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ។
- រដ្ឋជាសមាជិកត្រូវបង្កបង្កើនការយល់ដឹងអំពីអត្តសញ្ញាណតំបន់ និងខំប្រឹងប្រែងយ៉ាងពេញទំហឹងដើម្បីបង្កើតសមាគមនអាស៊ានដ៏ខ្លាំងក្លាមួយដែលត្រូវបានទទួលការគោរពពីគ្រប់ប្រជាជាតិ ហើយត្រូវគោរពប្រជាជាតិទាំងនោះវិញ ដោយឈរលើមូលដ្ឋានទំនាក់ទំនងផ្តល់ផល ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក និងស្របទៅតាមគោលការណ៍សិទ្ធិស្វ័យសម្រេច ស្មើភាព លើអធិបតេយ្យភាព និងការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងផងគ្នា ។