កំណត់បង្ហាញលិខិតចូលមានខ្លឹមសារដូចជា៖
- ឈ្មោះហៅជាផ្លូវការនៃប្រទេស និងបាវចនា ៖ ត្រូវសរសេរឈ្មោះប្រទេស និងបាវចនា ជាអក្សរធំបន្តិចនៅចំកណ្តាលទំព័រ ។
- ប្រភព ៖ គេសរសេរប្រភព នៃកំណត់បង្ហាញលិខិតចូល នៅផ្នែកខាងឆ្វេងក្រោមប្រទេស ។ ជាទូទៅប្រភពនៃកំណត់បង្ហាញលិខិតចូល គឺខុទ្ទកាល័យ ឬអាចប្រែប្រួលទៅតាមប្រភេទអង្គភាពតូចធំ ។
- ចំណង់ជើង ៖ ការសរសសេរចំណងជើងថា “កំណត់បង្ហាញលិខិតចូល” ជាតួអក្សរធំបន្តិចនៅចំកណ្តាលទំព័រខាងក្រោមឈ្មោះប្រទេស (ប្រហែល ៤-៥ ចន្លោះបន្ទាត់) ។
- នៅខាងក្រោមចំណងជើង គេត្រូវបោះពុម្ព នូវខ្លឹមសាររួមមួយចំនួនទៀតដូចខាងក្រោម ៖
ក្រសួង ស្ថាប័នផ្ញើ..........................លេខ................................................ថ្ងៃទី.........ខែ.............ឆ្នាំ.....................
កម្មវត្ថុ ៖ ................................................................................................................................................
ខ្លឹមសារសង្ខេប ៖ ..................................................................................................................................
....................................................................................................................
ក្នុងការសរសេរខ្លឹមសារសង្ខេបនៃលិខិតចូល ត្រូវសរសេរឲ្យខ្លី និងឲ្យចំបញ្ហា ឲ្យត្រូវតាមសំណូមពររបស់លិខិត ដើម្បីថា្នក់ដឹកនាំជ្រាប និងមានមតិ (ចំណា) ។ ជួនកាលគេពុំចាំបាច់សង្ខេបខ្លឹមសារទេ ។
- យោបល់របស់ការិយាល័យរបៀប ខុទ្ទកាល័យ និងមតិសម្រេចរបស់ថ្នាក់ដឹកនាំ ៖ នៅខាងក្រោមខ្លឹមសារសង្ខេប គេត្រូវចែកទំព័រក្រដាសជាពីរផ្នែកស្មើគ្នាដោយបន្ទាត់ឈរមួយ ។ ផ្នែកខាងស្តាំសម្រាប់ការិយាល័យរបៀប និងខុទ្ទកាល័យចារយោបល់ រីឯខាងឆ្វេងសម្រាប់ថ្នាក់ដឹកនាំក្រសួង ឬអភិបាលរាជធានី-ខេត្ត ចារមតិសម្រេច ។ ការិយាល័យរបៀប ត្រូវពិនិត្យខ្លឹមសារលិខិតចូលឲ្យបានច្បាស់លាស់រួចត្រូវចារថា “គួរបញ្ជូនទៅអង្គភាព...ដើម្បីជូនជ្រាប ឬមុខងារ” ។ ខុទ្ទកាល័យត្រូវពិនិត្យមើលឲ្យបានត្រឹមត្រូវ អំពីខ្លឹមសារនៃលិខិតចូល និងចំណាររបស់ការិយាល័យរបៀប មុននឹងចារយោបល់លើកំណត់បង្ហាញលិខិតចូល ព្រោះឯកសារខ្លះអាចចារបញ្ជូនត្រង់ទៅអង្គភាពជំនាញបានឯឯកសារខ្លះទៀត ត្រូវមានការឯកភាពពីថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ឬរាជធានី-ខេត្ត សិន មុននឹងបញ្ជូនទៅអង្គភាពជំនាញ ។ ដើម្បីចារបញ្ជូនលិខិតឲ្យបានចំតាមមុខការរបស់អង្គភាពជំនាញនីមួយៗ ការិយាល័យរបៀបក៏ដូចជាខុទ្ទកាល័យ ត្រូវក្តាប់ឲ្យជាប់អំពីភារកិច្ចរបស់អង្គភាពជំនាញនីមួយៗ និងត្រូវយកចិត្តទុកដាក់ តាមដានការងាររបស់ក្រសួង ស្ថាប័ន ខេត្ត ក្រុង ព្រមទាំងមិតណែនាំផ្សេងៗរបស់ថ្នាក់លើ ។ ជៀសវាងឲ្យបានដាច់ខាត ការចារបញ្ជូនលិខិតចូលមិនចំមុខការរបស់អង្គភាពជំនាញ និងជៀសវាងការចារបញ្ជូនលិខិតម្តងទៅអង្គភាពនេះ ម្តងទៀតទៅអង្គភាពនោះ នៅលើលិខិតនានា ដែលមានខ្លឹមសារប្រហាក់ប្រហែលគ្នា ។ លិខិតចូលត្រូវបានបញ្ជូនទៅថ្នាក់លើ ឬទៅអង្គភាពជំនាញនានា តាមចំណាររបស់ខុទ្ទកាល័យបើនៅក្រសួង ឬសាលារាជធានី-ខេត្ត ឬអាចប្រែប្រួលទៅតាមប្រភេទអង្គភាពផ្សេងៗ ។