សកម្មភាពម៉ាឃីធីងបង្កើតតម្លៃអតិថិជនត្រូវផ្អែកលើគោលការណ៍មួយចំនួយដូចជា ៖
- គោលការណ៍ផ្តោតអតិថិជន ៖ ក្រុមហ៊ុនតែងតែផ្តោតសកម្មភាពម៉ាឃីធីងទាំងអស់ទៅលើការបង្កើត និងអត្ថប្រយោជន៍ទៅឲ្យអតិថិជនដោយស្វែងយល់ពីចំណង់ចំណូលចិត្ត អតិថិជនរបៀបទិញផលិតផល និងរបៀបប្រើប្រាស់ផលិតផល ។ គោលការណ៍នេះមិនត្រឹមតែផ្តោតទៅលើអតិថិជន ប៉ុន្តែផ្តោលើមធ្យោបាយក្នុងការបង្កើតតម្លៃសម្រាប់ពួកគេដូចជា ការបង្កើតទំនាក់ទំនងល្អរវាងក្រុមហ៊ុន និងអតិថិជន ។
- គោលការណ៍ផ្តោតលើការគូប្រជែង ៖ គោលការណ៍នេះគឺផ្តោតទៅលើការផ្តល់ប្រយោជន៍ទៅអតិថិជនច្រើនជាងអ្វីដែលពួកគេអាចនឹងទទួលបានពីផលិតផលរបស់គូប្រជែង ។
- គោលការផ្តោតលើការផ្លាស់ប្តូរបិរយាកាសខាងក្រៅ ៖ អនុវត្តគោលការណ៍នេះក្រុមហ៊ុនត្រូវផ្លាស់ប្តូរយុទ្ធសាស្ត្រឲ្យសមស្របទៅនឹងបំលាស់ប្តូរបរិស្ថានខាងក្រៅ ហើយត្រូវគ្រប់គ្រងពេលវេលាដែលអាចទទួលបានឱកាសសម្រេចជោគជ័យ ។
- គោលការណ៍ផ្តោតលើមុខងារផ្សេងៗគ្នានៅក្នុងអង្គការ ៖ គោលការណ៍នេះគឺប្រើប្រាស់នៅក្នុងក្រុមការងារចម្រុះដែលបានមកពីផ្នែកផ្សេងៗគ្នានៅក្នុងអង្គភាព ដើម្បីចូលរួមធ្វើសកម្មភាពម៉ាឃីធីងដែលផ្តល់នូវប្រសិទ្ធិភាពការងារ និងប្រសិទ្ធិភាពចំណាយក្នុងកម្រិតខ្ពស់ ។ ការប្រើប្រាស់ក្រុមចម្រុះ គឺតម្រូវឲ្យបុគ្គលិកនៅក្នុងផ្នែកផ្សេងៗទៀតចូលរួមជាមួយបុគ្គលិកម៉ាឃីធីងក្នុងការធ្វើសកម្មភាពម៉ាឃីធីង ជាពិសេសគឺការធ្វើផែនការអនុវត្តន៍ និងគ្រប់គ្រងផែនការយុទ្ធសាស្រ្ត ។ ក្រុមការងារទាំងអស់នេះធ្វើការងាររួមគ្នា និងផ្តោតទៅលើអត្ថប្រយោជន៍អតិថិជន ។
- គោលការណ៍ផ្តោតទៅលើការកែលម្អផលិតផលជាប្រចាំ ៖ ផ្តោតលើគោលការណ៍នេះក្រុមហ៊ុនត្រូវកែលម្អ ផែនការយុទ្ធសាស្រ្តម៉ាឃីធីងជាប្រចាំដូចជា ការកែលម្អដំណើរប្រតិបត្តិការអាជីវកម្មកែលម្អផលិតផល និងសេវាកម្មតាមរយៈការអង្កេត និងត្រួតពិនិត្យជាប្រចាំ ។ បុគ្គលិកម៉ាឃីធីង និងបុគ្គលិកគ្រប់ផ្នែកទាំងអស់ត្រូវធ្វើការស្រាវជ្រាវជាប្រចាំ ដើម្បីស្វែងរកមធ្យោបាយល្អៗដើម្បីផ្តល់ប្រយោជន៍ទៅអ្នកប្រើប្រាស់ផលិតផល ។
- គោលការណ៍ផ្តោតលើអ្នកទទួលប្រយោជន៍ផ្សេងៗទៀត ៖ ពាក្យថា Stakeholders នៅទីនេះសំដៅលើអតិថិជន គូប្រជែង អ្នកលក់ អ្នកផ្គត់ផ្គង់ ភ្នាក់ងាររដ្ឋាភិបាល បុគ្គលិក អ្នកគ្រប់គ្រង ម្ចាស់ក្រុមហ៊ុន ។ល។ និយាយដោយខ្លី គឺសំដៅលើបុគ្គលនិតិបុគ្គលទាំងអស់ដែលផ្តល់ និងទទួលប្រយោជន៍ពីក្រុមហ៊ុន ។ ទោះបីជា Value-driven Marketing ផ្តោតទៅលើអតិថិជនក៏អ្នកដែលទទួលប្រយោជន៍ផ្សេងៗទៀត សុទ្ធតែមានសារៈសំខាន់ក្នុងការចូលរួមចំណែក និងជះឥទិ្ធពលទៅលើការសម្រេចចិត្តអំពីសកម្មភាពម៉ាឃីធីង ។ ឧទាហរណ៍ ការលើកទឹកចិត្តបុគ្គលិកលក់គឺពិតជាជះឥទ្ធិពលល្អដល់ការជំរុញលើកទឹកចិត្តអតិថិជនផងដែរ ។