Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

១- អ្វីទៅជានិយមន័យនៃការស្រាវជ្រាវម៉ាឃីធីង ?

២- តើដំណើរការស្រាវជ្រាវម៉ាឃីធីងមានប៉ុន្មានជំហាន ? អ្វីខ្លះ ?

៣- ដូចម្តេចហៅថា ការស៊ើបយកការណ៍ម៉ាឃីធីង ?

ចម្លើយ

១- និយមន័យនៃការស្រាវជ្រាវម៉ាឃីធីងត្រូវបានកំណត់ថា ជាដំណើរការដែលមានលក្ខណៈជាប្រព័ន្ធ និងច្បាស់លាស់នៃដំណើរការព័ត៌មានសម្រាប់ជាជំនួយដល់ការធ្វើសេចក្តីសម្រេចចិត្តម៉ាឃីធីង ។ ដំណើរការនេះរួមមាន ការកំណត់ថាតើព័ត៌មានមានអ្វីខ្លះដែលត្រូវការ គូសគ្រោងនូវវិធីសាស្រ្តដើម្បីប្រមូលព័ត៌មាន អនុវត្តការប្រមូលទិន្នន័យ និងវិភាគលទ្ធផល ។

២- ដំណើរការស្រាវជ្រាវម៉ាឃីធីងមាន៤ជំហានគឺ ៖

  • ជំហានទី១ ៖ កំណត់បញ្ហា

មុននឹងធ្វើកិច្ចការផ្សេងៗទៀត គឺត្រូវកំណត់បញ្ហា ។ កំណត់បញ្ហា គឺជាការសង្ខេបនូវសេចក្តីថ្លែងនៃបញ្ហាម៉ាឃីធីង ដែលអ្នកកំពុងធ្វើការស៊ើបអង្កេត ។ អ្នកដឹងហើយថា មានបញ្ហាត្រូវតែធ្វើការដោះស្រាយនៅពេលដែលអ្នកអនុវត្តការស្រាវជ្រាវម៉ាឃីធីងបានរកឃើញ ប៉ុន្តែមុននឹងចាប់ផ្តើមចូរព្រៀងការផ្តោតអារម្មណ៍របស់អ្នកចំពោះសំណួរចំៗ ដែលអ្នកនឹងយកវាទៅសួរ​ ។ ឧបមាថា អ្នកជាអ្នកផលិតគ្រឿងឧបករណ៍អេឡិចត្រូនិច ហើយបានមើលឃើញថា ការលក់ទូរទស្សន៍របស់អ្នកមានការធ្លាក់ចុះយ៉ាងឆាប់រហ័ស ។ អ្នកក៏សម្រេចចិត្តប្រើប្រាស់ការស្រាវជ្រាវម៉ាឃីធីង ដើម្បីស្វែងរកមូលហេតុចំពោះការធ្លាក់ចុះនៃការលក់ ដូច្នេះអ្នកព្យាយាមរកឲ្យឃើញ​ ឬកំណត់បញ្ហាតាមមធ្យោបាយផ្សេងៗ ។ អ្នកអាចដាក់សំណួរថា (តើមានអ្វីខុសចំពោះការផ្សព្វផ្សាយពាណិជ្ជកម្មអំពីទូរទស្សន៍?) ឬ (តើមានអ្វីខុសជាមួយនឹងការវេចខ្ចប់?) ។ ការកំណត់បញ្ហានីមួយៗនឹងនាំអ្នកក្នុងការគូសគ្រោងការស្រាវជ្រាវម៉ាឃីធីង ជាមួយនឹងការផ្តោតអារម្មណ៍ផ្សេងៗគ្នា ។ បើសិនជាការវេចខ្ចប់របស់អ្នកគ្មានបញ្ហាទេ នោះប្រហែលជាមកពីមានកំហុស ឆ្លងតាមការផ្សព្វផ្សាយពាណិជ្ជកម្ម ហើយអ្នកប្រហែលជាមិនអាចរកឃើញទេ បើសិនជាការកំណត់បញ្ហារបស់អ្នកមិនបានរាប់បញ្ចូល នូវការផ្សព្វផ្សាយពាណិជ្ជកម្មទេនោះ ។ ដូច្នេះហើយ បានជាការកំណត់បញ្ហាគឺជាត្រីវិស័យដ៏សំខាន់សម្រាប់នាំផ្លូវអ្នកដោយបង្ហាញនូវទិសដៅសម្រាប់អនុវត្តនៅពេលធ្វើការស្រាវជ្រាវម៉ាឃីធីង​ ។

  • ជំហានទី២ ៖ គូសគ្រោងការស្រាវជ្រាវ

ឥឡូវនេះ អ្នកបានកំណត់បញ្ហារួចហើយ ជាបន្តអ្នកស្រាវជ្រាវម៉ាឃីធីងត្រូវតែមានជម្រើសណាមួយ ក្នុងចំណោមការគ្រោងរៀបចំស្រាវជ្រាវបីដូចខាងក្រោម​ ៖

ក- ការស្រាវជ្រាវរុករក ការសិក្សាត្រូវបានគ្រោងរៀបចំ ដើម្បីប្រមូលព័ត៌មានបន្ថែមអំពីបញ្ហា ឬសម្មតិកម្មដែលបានកំណត់រួច​ ។ ការដឹងអំពីបញ្ហាត្រូវកំណត់ក្នុងក្របខណ្ឌដែលត្រូវបានរុករកស៊ីជម្រៅបន្ថែមដោយអ្នកស្រាវជ្រាវ ។ គោលដៅរបស់ប្រភេទនៃការស្រាវជ្រាវនេះ​ គឺដើម្បីទទួលបានការបញ្ជាក់ច្បាស់ជាង នូវអ្វីដែលនៅជំុំវិញបញ្ហាដែលបានកំណត់ហើយ មុនពេលដំណើរការបន្តជាមួយការស្រាវជ្រាវពេញលេញ ។ ការស្រាវជ្រាវរុករកត្រូវបានចាត់ថ្នាក់ចាប់ពីការពិនិត្យមើលយ៉ាងសាមញ្ញនូវព័ត៌មានមានស្រាប់ ក្នុងប្រព័ន្ធផ្ទុកទិន្នន័យរបស់ក្រុមហ៊ុន ទៅដល់ការសួរអ្នកឯកទេសអំពីគំនិតយោបល់របស់គេ ចំពោះបញ្ហាដែលនឹងរុករកឃើញ ។ ពិនិត្យការយល់ឃើញ និងឥរិយាបថនៃអតិថិជនឆ្លងកាត់តាមការសិក្សាក្រុមតំណាង ឬការស្ទង់មតិគឺជាវិធីសាស្រ្តត្រូវបានប្រើក្នុងដំណើរការស្រាវជ្រាវរុករក ។

ខ- ការស្រាវជ្រាវបែបពិពណ៌នា គឺជាសិក្សាដៅឆ្ពោះទៅរកការទទួលបានការយល់ដឹងទូលាយនៃលក្ខណៈជាកលាក់របស់បាតុភូតណានោះ ដែលផ្សារភ្ជាប់ជាមួយបញ្ហាស្រាវជ្រាវដែលបានកំណត់ ។ គោលដៅរបស់ការស្រាវជ្រាវបែបពិពណ៌នា គឺពិពណ៌នាអ្វីដែលកើតមានឡើងក្នុងក្រុមអតិថិជន (ហេតុអ្វីជ្រើសយកផលិតផលក្នុងស្រុក) ចំណែកទីផ្សារ (ចំនួនបុគ្គលដែលស្ថិតនៅក្នុងលក្ខណៈវិនិច្ឆ័យនៃចំណូលណានោះ) ឬសកម្មភាពម៉ាឃីធីង (អត្រានៃការឆ្លើយតបចំពោះការផ្សាយលក់ណានោះ) ។ ការសិក្សាបែបពិពណ៌នា គឺតែងតែបង្ហាញតាមការពិពណ៌នាស្ថិតិដោយមានជំនួយពីការវិភាគបរិមាណ ។

គ- ការស្រាវជ្រាវបែបហេតុផល ពិនិត្យទំនាក់ទំនងហតុ និងផលរវាងបាតុភូតជាច្រើនដែលបានសិក្សា ។ វិធីសាស្រ្តនេះផ្តើមដោយសម្មតិកម្មទូទៅនៃអថេរឯករាជ្យជាហេតុបណ្តាលទៅដល់អថេរឯករាជ្យ ។ ឧទាហរណ៍ ការស្រាវជ្រាវអាចពិនិត្យទំនាក់ទំនងមូលហេតុរវាងការកើនឡើងនៃចំណាយផ្សាយពាណិជ្ជកម្ម​ និងការកើនឡើងនៃចំនួនអតិថិជនទិញទំនិញ ។ នេះគឺជាវិធីសាស្ត្រស្មុគស្មាញនៃការស្រាវជ្រាវ ដែលទាមទារការត្រួតពិនិត្យយ៉ាងប្រុងប្រយ័ត្ន ចំពោះអថេរឯករាជ្យដទៃទៀត ក្នុងគោលបំណងយល់ឲ្យបានច្បាស់នូវទំនាក់ទំនងហេតុ និងផលដែលបានសិក្សា ។ វិធីសាស្រ្តពិសោធន៍គឺជាយន្តការតែងតែប្រើក្នុងការស្រាវជ្រាវបែបនេះ ។

  • ជំហានទី៣ ៖ ប្រមូលទិន្នន័យ

អ្នកស្រាវជ្រាវមានជម្រើសបី ក្នុងការប្រមូលទិន្នន័យ ។ វិធីសាស្រ្តនីមួយៗមានគុណសម្បត្តិ និងគុណវិបត្តិរបស់វា ។ ជ្រើសរើសយកវិធីសាស្រ្តណាមួយ គឺយោងទៅតាមប្រភេទ និងភាពជាក់លាក់នៃព័ត៌មានដែលត្រូវការពេលវេលា​លុយនឹងការខំប្រឹងរបស់អ្នកស្រាវជ្រាវ ។

ក- វិធីសាស្រ្តស្ទង់មតិ គឺជាវិធីសាស្រ្តប្រមូលព័ត៌មានចាំបាច់ដោយផ្ទាល់ពីអតិថិជន តាមរយៈការដាក់សំណួរទៅមនុស្សផ្ទាល់តាមទូរស័ព្ទ ឬតាមសំបុត្រ ។ សំណួរត្រូវដាក់ចេញតាមបង្គុំដ៏ប្រុងប្រយ័ត្ន ដើម្បីចៀសវាងភាពស្មុគស្មាញ និងលម្អៀងក្នុងចម្លើយ ។ សំណួរអាចដាក់ចេញជា ៖

- សំណួរបែបបើកកញ្ចប់ អ្នកឆ្លើយត្រូវប្រើពាក្យពេចន៍ចម្លើយរបស់គេសឹងតែទាំងស្រុង ។

- សំណួរបែបបិទបញ្ចប់ ផ្តល់នូវចម្លើយមួយចំនួនភ្ជាប់នឹងសំណួរជាស្រេច ដើម្បីឲ្យអ្នកឆ្លើយជ្រើសរើស ។

ខ- វិធីសាស្រ្តអង្កេត គឺជាការកត់ត្រានូវសកម្មភាពនិងឥរិយាបថរបស់អតិថិជន ឬក៏ហេតុការណ៍ដែលកើតឡើងនៅកន្លែងទីផ្សារ ។

គ- វិធីសាស្រ្តពិសោធន៍ គឺជាបង្គុំខ្ពស់នៃវិធីសាស្រ្តប្រមូលទិន្នន័យ ដែលអ្នកស្រាវជ្រាវមានបំណងវាស់វែងលទ្ធផលនៃការប្រែប្រួលរបស់អថេរមួយ ហើយដែលអថេរដទៃទៀតថេរ ។ ឧទាហរណ៍ តើនឹងមានឥទ្ធិពលដល់ទំហំនៃការលក់យ៉ាងណា ប្រសិនបើអ្នកលក់រាយបញ្ចុះថ្លៃចំពោះផលិតផលណានោះ ហើយរក្សាការតាំងទំនិញក្នុងហាង សកម្មភាពផ្សព្វផ្សាយបុគ្គលិកលក់ទំនិញ និងសកម្មភាពម៉ាឃីីធីងដែលពាក់ព័ន្ធដទៃទៀតនៅដដែល ?

  • ជំហានទី៤ ៖ វិភាគ បកស្រាយ និងបង្ហាញលទ្ធផល

ជំហានចុងក្រោយនៅក្នុងដំណើរការស្រាវជ្រាវម៉ាឃីធីង គឺការវិភាគ បកស្រាយ និងបង្ហាញនូវលទ្ធផល ចំពោះអ្នកគ្រប់គ្រង ។ នេះគឺជាចលនានៃហេតុការណ៍ពិតសម្រាប់អ្នកស្រាវជ្រាវ ថាតើការសិក្សាដែលបង្កើតព័ត៌មានដែលត្រូវការជួយអ្នកគ្រប់គ្រងក្នុងការសម្រេចចិត្តអំពីម៉ាឃីីធីងឬទេ ។

៣- ការស៊ើបយកការណ៍ម៉ាឃីធីង គឺជាផ្នែកមួយនៃប្រព័ន្ធព័ត៌មានម៉ាឃីធីង ដែលត្រូវបានគ្រោងរៀបចំ ដើម្បីតាមដានមើល និងប្រមូលព័ត៌មានដែលមានស្រាប់ និងព្រឹត្តការណ៍ដែលកើតមានឡើង នៅក្នុងបរិយាកាសម៉ាឃីធីង និងប្រតិបត្តិការរបស់អង្គភាព ។ វាគឺជាទម្រង់មួយនៃការឈ្លបមើល ការវិភាគដែលធ្វើឡើង ដើម្បីកំណត់និងវាយតម្លៃការគំរាមកំហែង និងឱកាសនៃបរិយាកាស ។ ភាពមិនអាចត្រួតត្រាបាន និងការប្រែប្រួលមិនឈប់ឈរនៃបរិយាកាសជុំវិញមានឥទិ្ធពលយ៉ាងធំធេង ទៅលើផែនការយុទ្ធសាស្រ្ត និងយុទ្ធវិធីប្រតិបត្តិការ ។ ការយល់ដឹងថ្មីៗនូវអ្វីដែលកំពុងកើតមានឡើងក្នុងបរិយាកាសម៉ាឃីធីងអាចជាភាពចាំបាច់មួយ ដើម្បីចៀសវាងកំហុស និងទទួលបានភាពប្រសើរនៃឱកាសម៉ាឃីធីង ។ ការស៊ើបយកការណ៍ម៉ាឃីធីងអាចប្រមូលព័ត៌មានពីប្រភពជាច្រើនដូចជា ៖

  • ប្រភពបណ្ណាល័យ កន្លែងដែលបម្រើឲ្យការប្រមូលព័ត៌មាន ។ ទីមួយ វាជាប្រភពនៃការស៊ើបយកការណ៍លើបញ្ហាជាច្រើន ដែលពាក់ព័ន្ធដល់អាជីវកម្ម និងម៉ាឃីធីង ។ ទីពីរ បណ្ណាល័យ គឺជាកន្លែងដែលអ្នកស្រាវជ្រាវអាចកំណត់រកមើលប្រភពនៃការស៊ើបយកការណ៍ព័ត៌មានផ្សេងៗទៀត ។
  • ប្រភពរដ្ឋាភិបាល ភ្នាក់ងាររដ្ឋាភិបាលគឺជាប្រភពដ៏សម្បូរហូរហៀរនៃការស៊ើបយកការណ៍ម៉ាឃីធីង ។ គេបានបោះផ្សាយរបាយការណ៍ពិពណ៌នា និងស្ថិតិជាច្រើន ។ ភ្នាក់ងាររដ្ឋាភិបាលជាច្រើនទាមទារឲ្យបុគ្គល និងអង្គភាពរាយការណ៍អំពីសកម្មភាពរបស់ខ្លួនផងដែរ ។
  • ប្រភពសមាគម សមាគមវិជ្ជាជីវៈ អាជីវកម្ម និងពាណិជ្ជកម្ម គឺជាប្រភពដ៏ប្រសើរនៃការស៊ើបយកការណ៍ម៉ាឃីធីង ។ សមាគមទាំងនេះតែងតែបោះពុម្ពផ្សាយសារព័ត៌មាន ឬទស្សនាវដ្តី និងរបាយការណ៍ជាពិសេស អំពីបញ្ហាដែលទាក់ទងដល់ការជក់ចិត្តនៃសមាជិកសមាគម ។ បន្ថែមលើការបោះពុម្ពផ្សាយរបស់គេសមាគមនក៏ឧបត្ថម្ភការស្រាវជ្រាវ ការប្រជុំហ្វឹកហាត់ បណ្តុះបណ្តាលវិជ្ជាជីវៈ ពិព័រណ៌ពាណិជ្ជកម្ម ។ល។
  • ប្រភពពាណិជ្ជកម្ម តម្រូវការដ៏ខ្ពស់សម្រាប់ការស៊ើបយកការណ៍ម៉ាឃីធីងបាននាំទៅដល់ការបង្កើតឡើងនូវអង្គភាពជាច្រើន ដែលប្រមូលនិងបែងចែកព័ត៌មានអំពីបរិយាកាសអាជីវកម្មពាណិជ្ជកម្ម ។ អង្គភាពនេះប្រមូលដំណើរការរៀបចំ និងលក់ព័ត៌មានទៅឲ្យអតិថិជនរបស់គេ ។ លើសពីនេះទៅទៀត ប្រភពនៃការស៊ើបយកការណ៍ម៉ាឃីធីង រួមមានការសួរព័ត៌មានអំពីអតិថិជន អ្នកលក់ និងគូប្រកួតប្រជែងនូវអ្វីដែលពួកគេគិតថានឹងកើតឡើង និងកំពុងកើតឡើងក្នុងបរិយាកាសម៉ាឃីធីង ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login