ការស៊ើបយកការណ៍ម៉ាឃីធីង គឺជាផ្នែកមួយនៃប្រព័ន្ធព័ត៌មានម៉ាឃីធីង ដែលត្រូវបានគ្រោងរៀបចំ ដើម្បីតាមដានមើល និងប្រមូលព័ត៌មានដែលមានស្រាប់ និងព្រឹត្តការណ៍ដែលកើតមានឡើង នៅក្នុងបរិយាកាសម៉ាឃីធីង និងប្រតិបត្តិការរបស់អង្គភាព ។ វាគឺជាទម្រង់មួយនៃការឈ្លបមើល ការវិភាគដែលធ្វើឡើង ដើម្បីកំណត់និងវាយតម្លៃការគំរាមកំហែង និងឱកាសនៃបរិយាកាស ។ ភាពមិនអាចត្រួតត្រាបាន និងការប្រែប្រួលមិនឈប់ឈរនៃបរិយាកាសជុំវិញមានឥទិ្ធពលយ៉ាងធំធេង ទៅលើផែនការយុទ្ធសាស្រ្ត និងយុទ្ធវិធីប្រតិបត្តិការ ។ ការយល់ដឹងថ្មីៗនូវអ្វីដែលកំពុងកើតមានឡើងក្នុងបរិយាកាសម៉ាឃីធីងអាចជាភាពចាំបាច់មួយ ដើម្បីចៀសវាងកំហុស និងទទួលបានភាពប្រសើរនៃឱកាសម៉ាឃីធីង ។ ការស៊ើបយកការណ៍ម៉ាឃីធីងអាចប្រមូលព័ត៌មានពីប្រភពជាច្រើនដូចជា ៖
- ប្រភពបណ្ណាល័យ កន្លែងដែលបម្រើឲ្យការប្រមូលព័ត៌មាន ។ ទីមួយ វាជាប្រភពនៃការស៊ើបយកការណ៍លើបញ្ហាជាច្រើន ដែលពាក់ព័ន្ធដល់អាជីវកម្ម និងម៉ាឃីធីង ។ ទីពីរ បណ្ណាល័យ គឺជាកន្លែងដែលអ្នកស្រាវជ្រាវអាចកំណត់រកមើលប្រភពនៃការស៊ើបយកការណ៍ព័ត៌មានផ្សេងៗទៀត ។
- ប្រភពរដ្ឋាភិបាល ភ្នាក់ងាររដ្ឋាភិបាលគឺជាប្រភពដ៏សម្បូរហូរហៀរនៃការស៊ើបយកការណ៍ម៉ាឃីធីង ។ គេបានបោះផ្សាយរបាយការណ៍ពិពណ៌នា និងស្ថិតិជាច្រើន ។ ភ្នាក់ងាររដ្ឋាភិបាលជាច្រើនទាមទារឲ្យបុគ្គល និងអង្គភាពរាយការណ៍អំពីសកម្មភាពរបស់ខ្លួនផងដែរ ។
- ប្រភពសមាគម សមាគមវិជ្ជាជីវៈ អាជីវកម្ម និងពាណិជ្ជកម្ម គឺជាប្រភពដ៏ប្រសើរនៃការស៊ើបយកការណ៍ម៉ាឃីធីង ។ សមាគមទាំងនេះតែងតែបោះពុម្ពផ្សាយសារព័ត៌មាន ឬទស្សនាវដ្តី និងរបាយការណ៍ជាពិសេស អំពីបញ្ហាដែលទាក់ទងដល់ការជក់ចិត្តនៃសមាជិកសមាគម ។ បន្ថែមលើការបោះពុម្ពផ្សាយរបស់គេសមាគមនក៏ឧបត្ថម្ភការស្រាវជ្រាវ ការប្រជុំហ្វឹកហាត់ បណ្តុះបណ្តាលវិជ្ជាជីវៈ ពិព័រណ៌ពាណិជ្ជកម្ម ។ល។
- ប្រភពពាណិជ្ជកម្ម តម្រូវការដ៏ខ្ពស់សម្រាប់ការស៊ើបយកការណ៍ម៉ាឃីធីងបាននាំទៅដល់ការបង្កើតឡើងនូវអង្គភាពជាច្រើន ដែលប្រមូលនិងបែងចែកព័ត៌មានអំពីបរិយាកាសអាជីវកម្មពាណិជ្ជកម្ម ។ អង្គភាពនេះប្រមូលដំណើរការរៀបចំ និងលក់ព័ត៌មានទៅឲ្យអតិថិជនរបស់គេ ។ លើសពីនេះទៅទៀត ប្រភពនៃការស៊ើបយកការណ៍ម៉ាឃីធីង រួមមានការសួរព័ត៌មានអំពីអតិថិជន អ្នកលក់ និងគូប្រកួតប្រជែងនូវអ្វីដែលពួកគេគិតថានឹងកើតឡើង និងកំពុងកើតឡើងក្នុងបរិយាកាសម៉ាឃីធីង ។