ប្រឡងជ្រើសរើសសិស្សពូកែ M J Q
ផ្នែកអក្សសិល្ប៍ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី៩
សម័យប្រឡង ១៤-១៥ ខែកុម្ភៈ ឆ្នាំ ២០១៣
វប្បធម៌ទូទៅ រយៈពេល ១២០ នាទី
១.តើព្រះបាទសម្តេចនរោត្តមសីហនុទ្រង់ប្រសូត ឡើងគ្រងរាជ្យលើកទី១ លើកទី២ និងយាងចូលទីវង្គត់នៅថ្ងៃខែឆ្នាំណា? តើព្រះអង្គមានគោរមងាដូចម្តេច មុននិងក្រោយទ្រង់សោយទីវង្គត់?
២.តើវត្តអារាមមានតួនាទីដូចម្តេចខ្លះក្នុងការចូលរួមអភិវឌ្ឃន៍សង្គមខ្មែរ?
៣.ចូររៀបរាប់សកម្មភាព ដែលជាអបាយមុខបួនយ៉ាង។ តើអបាយមុខទាំងបួនយ៉ាងគួរជាទីប្រព្រឹត្តរបស់យុវវ័យដែរឬទេ? ព្រោះអ្វី?
៤.ពាក្យចាស់លោកពោលថា “ខ្មៅចុះឱ្យតែស ក្រចុះឱ្យតែមាន”។ តើមានន័យដូចម្តេច? ចូរបកស្រាយ។
៥.មតិខ្លះយល់ថា “ការអប់រំ ជាភារកិច្ចរបស់សាលារៀន”។ តើប្អូនយល់ដូចម្តេច?
ចម្លើយ
១.ក.ព្រះបាទសម្តេចព្រះនរោត្តមសីហនុទ្រង់ប្រសូតនៅថ្ងៃ អង្គារ ១១ កើត ខែកត្តិក ឆាំច ចត្វាស័ក ព.ស ២៤៦៥ ត្រូវនឹងថ្ងៃទិ ៣១ ខែតុលា ឆ្នាំ ១៩២២។
ខ.ព្រះអង្គទ្រង់គ្រងរាជលើកទី១នៅថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ១៩៤១ និងឡើងគ្រងរាជ្យសម្បត្តិជាលើកទី២ នៅថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ១៩៩៣។
គ.ព្រះអង្គទ្រង់យាងចូលទីវង្គតនៅថ្ងៃ១៥ រោច ខែភទ្របទ ឆ្នាំ រោង ចត្វាស័ក ព.ស២៥៥៦ ត្រូវនឹងថ្ងៃ ១៥ ខែតុលា ឆ្នាំ ២០១២។
ឃ.កាលព្រះអង្គទ្រង់នៅមានព្រះជន្មនៅឡើយ ទ្រង់មានគោរម្យងារថា “ព្រះវររាជបិតាឯករាជ្យជាតិ បូរណភាពទឹកដី...”។ ក្រោយពេលព្រះអង្គសោយទីវង្គតមានគោរម្យងារថា “ព្រះបាទសម្តេចព្រះបរមរតនកោដ្ធ”។
២.វត្តអារាមមានតួនាទីសំខាន់ក្នុងការចូលរួមអភិវឌ្ឃន៍សង្គមជាតិដូចតទៅ៖
- ជាឃ្លាំងផ្ទុកនូវវប្បធម៌ អរិយធម៌(ក្បូនច្បាប់ គម្ពីរ អក្សរសាស្ត្រ និងចំណេះវិជ្ជាផ្សេងៗ)
- ជាទីជម្រកដល់ជនក្រីក្រ កម្សត់ទុគ៌តគ្មានទីពឹង មកជ្រកកោន និងទីស្នាក់អាស្រ័យនៃនិសិត្ស សិស្ស ដែលបន្តការសិក្សា
- ជាកន្លែងដុសខាត់ចិត្តឱ្យជ្រះថ្លាបរិសុទ្ធ ក្នុងការកសាងកុសល
- ជាកន្លែងអប់រំសតិបញ្ញា ស្មារតីទាំងផ្លូវលោកនិងផ្លូវធម៌
- ជាទីដែលពុទ្ធបរិស័ទតែងនាំគ្នាមកបរិច្ចាកធនធាននិងកម្លាំងកាយ កម្លាំងចិត្ត ដើម្បីកសាងប្រយោជន៍សាធារណៈ
- វត្តអារាមចូលរួមកសាងសង្គមតាមរយៈធ្វើបុណ្យទានប្រមូលបច្ច័យមកកសាងសមិទ្ធផលផ្សេងៗ ដូចជាសាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់...
- ជាកន្លែងសម្រាប់ថែរក្សានិងផ្សព្វផ្សាយទំនៀមទម្លាប់ប្រពៃណីជាតិ
- ជាទីប្រជុំនៃពុទ្ធបរិស័ទក្នុងការប្រារព្ធធ្វើពិធីបុណ្យទានផ្សេងៗតាមប្រពៃណី
- ជាអាវាសរបស់បព្វជិតក្នុងការប្រតិបត្តិធម៌អាថ៍វិន័យតាមពុទ្ធោវាទ
- ជួយបណ្តុះទឹកចិត្តមនុស្សធម៌ក្នុងការដោះស្រាយទុក្ខលំបាករបស់មនុស្សក្នុងសង្គម។
៣.សកម្មភាពដែលជាអំពើអបាយមុខ៤យ៉ាងគឺ៖
- ល្បែងស្រី គឺការប្រព្រឹត្តអំពើអានាចារក្នុងកាមគុណ ក្បត់នឹងប្រពន្ធកូន
- ល្បែងស្រា គឺការចូលចិត្តសេពនូវសុរា និងគ្រឿងញៀនស្រវឹងដើម្បីកំសាន្តចិត្ត
- ល្បែងបៀប៉ោ គឺសេចក្តីឈ្លក់វង្វេងនឹងល្បែងស៊ីសងគ្រប់ប្រភេទ មិនអាចអត់បាន
- អំពើពាល គឺការប្រព្រឹត្តអំពើខុសបែបបទ ល្មើសនឹងច្បាប់ដូចជា៖ ការលួច ឆក់ ប្លន់ បោកប្រាស់ វាយតប់ កាប់សម្លាប់គ្នា និងអំពើទារុណកម្មផ្សេងៗ...។
អំពើអបាយមុខទាំងបួននេះ មិនគួរជាទីប្រព្រឹត្តរបស់យុវវ័យទេ ព្រោះ៖
- សតិបញ្ញាចុះខ្សោយ សិក្សាមិនបានវែងឆ្ងាយ
- បាត់បង់កិត្តិយសផ្ទាល់ខ្លួន មានតាបិតា អាណាព្យាបាល និងសង្គមជាតិ
- បាត់បង់សណ្តាប់ធ្នាប់សង្គម ឬបង្កភាពអានាធិបតេយ្យក្នុងសង្គម
- ត្រូវប្រឈមមុខនឹងជំងឺសង្គម
- ធ្វើឱ្យបាត់បង់សតិសម្បជញ្ញៈរបស់ខ្លួនផ្ទាល់(អាចគិតខ្លីប្រព្រឹត្តអំពើល្ងង់ខ្លៅផ្សេងៗ)
- ខាតបង់ពេលវេលាសិក្សារៀនសូត្រ និងការប្រកបរបររកស៊ីចិញ្ចឹមជីវិត
- ធ្វើឱ្យខូចអនាគត់ខ្លួននិងបាត់បង់សេចក្តីសង្ឃឹមសម្រាប់គ្រួសារ
- នាំឱ្យបាត់បង់ធនធាតមនុស្សដែលជាសសរទ្រួងនៃប្រទេសជាតិ
- បង្កើតឱ្យមានអំពើចោរកម្មដែលនាំឱ្យមានអសន្តិសុខក្នុងសង្គម។
៤.ពាក្យចាស់ថា “ខ្មៅចុះឱ្យតែស ក្រចុះឱ្យតែមាន” គឺ
ពាក្យ “ខ្មៅចុះឱ្យតែស” មានន័យថា មនុស្សយើងកើតមកមានសម្បុរខ្មៅ មានរូបអាក្រក់ មិនមែនជាបញ្ហាទេ ឱ្យតែមានចិត្តល្អសប្បុរស ស្មោះត្រង់ មានគុណធម៌ មានកិរិយាមាយាទថ្លៃថ្នូរ សុភាពរាបសា មានទឹកចិត្តសន្តោសប្រណី អាចរស់នៅចុះសម្រុងនឹងគេ និងជាគម្រូល្អដល់អ្នកដទៃ...។
ពាក្យ “ក្រចុះឱ្យតែមាន” មានន័យថា បើក្រទ្រព្យសម្បត្តិ ក្របុណ្យស័ក្តិ អំណាចឱ្យតែមានគំនិត ឆ្លាតវៃ ចេះគិតគូរដោះស្រាយបានគ្រប់បញ្ហា និងមានស្មារតី ប្រឹងប្រែងព្យាយាម តស៊ូអំណត់ក្នុងការងារពិតជាធ្វើឱ្យគ្រួសារមានជីវភាពធូរធា មានកិត្តិយស កេរ្តិ៍ឈ្មោះ មានការស្រលាញ់រាប់អានពីអ្នកដទៃ។
៥.មតិដែលយល់ថា “អប់រំ ជាភារកិច្ចរបស់សាលារៀន” ខ្ញុំគិតថាការយល់ឃើញបែបនេះមិនទាន់មានលក្ខណៈគ្រប់ជ្រុងជ្រោយនៅឡើយទេព្រោះការអប់រំត្រូវមានការចូលរួមពីគ្រួសារនិងសង្គមទើបទទួលបាន លទ្ធផលល្អ និងសម្រេចគោលដៅនៃការអប់រំបានជោគជ័យ។
មជ្ឃដ្នានទាំងបីនេះត្រូវមានទំនាក់ទំនងយ៉ាងជិតស្និទ្ធបំផុតនឹង៖
ក.សាលារៀន
- បណ្តុះបណ្តាលចំណេះដឹង ចំណេះធ្វើ និងឥរិយាបថឱ្យសិស្ស
- អប់រំសមត្ថភាព និងបុគ្គលិកលក្ខណៈរបស់សិស្សឱ្យមានការប៉ិនប្រសប់
- អប់រំឱ្យស្គាល់ពីច្បាប់ទម្លាប់សង្គម ចេះរស់នៅចុះសម្រុងជាមួយអ្នកដទៃ
- អប់រំកែប្រែខាងផ្លូវគំនិត និងឥរិយាបថឱ្យមានសីលធម៌ល្អ ស្គាល់ខុសត្រូវ ស្គាល់គុណទោស
- បំផុសស្មារតីឱ្យសិស្សមានឆន្ទៈស្រលាញ់ប្រទេសជាតិ ហើយចូលរួមបំរើប្រទេសជាតិអស់ពីចិត្ត
ខ.គ្រួសារ
- ទំនុកបម្រុងកូនឱ្យបានល្អ ទាំងការហូបចុក ទាំងសម្ភារសិក្សា
- គ្រប់សកម្មភាពរបស់ឪពុកម្តាយត្រូវធ្វើជាគំរូដល់កូន
- ត្រូតពិនិត្យតាមដាមការសិក្សារបស់កូនឱ្យបានទៀងទាត់
- ជួយជម្រុញនិងលើកទឹកចិត្តកូនឱ្យប្រឹងប្រែងរៀនសូត្រ
- អប់រំទូន្មានកូនប្រព្រឹត្តតែអំពើល្អ
គ.សង្គម
- ជះឥទ្ធិពលយ៉ាងខ្លាំងដល់ការអភិរឌ្ឃន៍បុគ្គលិកលក្ខណៈរបស់សិស្ស
- អាជ្ញាធរដែនដីត្រូវបង្ហាញឱ្យឃើញនូវលក្ខណៈសម្បតិ្តល្អៗជាគំរូដល់សិស្ស
- ត្រូវផ្សព្វផ្សាយតែអ្វីដែលល្អ (គោរពច្បាប់ ការលើកស្ទួយទំនៀមទម្លាប់ ប្រពៃណីជាតិ)
- អប់រំសិស្សឱ្យមានគំនិតច្នៃប្រឌិតក្នុងការរស់នៅ
- បើមានអំពើណាមួយជះឥទ្ធិពលអាក្រក់ដល់សិស្ស ត្រូវរួមគ្នាដោះស្រាយលុបបំបាត់ជាបន្ទាន់។