Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៦១- របបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់កម្មករនិយោជិត ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់នៃច្បាប់ស្តីពីការងារមានតាវកាលិកអ្វីខ្លះ ? ចូររៀបរាប់តាវកាលិកនីមួយៗ ។

៦២- ចូររៀបរាប់ពីវិសាលភាព និងដែនអនុវត្តនៃច្បាប់ស្តីពីរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ?

៦៣- របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពមានតាវកាលិកអ្វីខ្លះ ? ចូររៀបរាប់ពីតាវកាលិកនីមួយៗ ។

៦៤- តើបេឡាជាតិរបបសន្តិសុខសង្គមស្ថិតនៅក្រោមអាណាព្យាបាលក្រសួងណាខ្លះ ? ហើយសមាសភាពក្រុមប្រឹក្សាភិបាលមានតំណាងមកពីក្រសួង ស្ថាប័ន ឬអង្គភាពណាខ្លះ ?

៦៥- តើអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម មានអ្វីខ្លះ ?

ចម្លើយ

៦១- របបសន្តិសុខសង្គមផ្អែកប្រាក់សោធនមានតាវកាលិកជាអាទិ ៖

         ក- សោធនជរាភាព ៖ កាលណាសាមីជនដែលមានអាយុ ៥៥ឆ្នាំ មានសិទ្ធិទទួលបានប្រាក់សោធនជរាភាព ប្រសិនបើជននោះបានបំពេញលក្ខខណ្ឌដូចតទៅ ៖

  • ចុះឈ្មោះក្នុងបញ្ជីនៃបេឡាជាតិរបបសន្តិសុខសង្គមក្នុងរបបសោធនក្នុងថេរវេលាយ៉ាងតិច២០(ម្ភៃ) ឆ្នាំ
  • បានបង់ភាគទានយ៉ាងតិច ៦០(ហុកសិប)ខែ សម្រាប់របបសន្តិសុខសង្គមផ្នែកប្រាក់សោធនក្នុងអំឡុងពេលដប់ប្រាំឆ្នាំចុងក្រោយ គិតមករហូតមកដល់កាលបរិច្ឆេទ ដែលមានសិទ្ធិត្រូវទទួលបានប្រាក់សោធន ។

         ខ- សោធនកាលាទិករណ៍ ៖ កាលណាសាមីជនចុះខ្សោយសម្បទាមុនអាយុ ៥៥ឆ្នាំ ទោះជាខាងស្មារតី ឬរាង្គកាយក្តីបណ្តាលឱ្យបាត់បង់សមត្ថភាពការងារ ដែលទទួលបានប្រាក់ចំណូល ប៉ុន្តែបានបំពេញលក្ខខណ្ឌដូចចំណុច១ អាចស្នើសុំប្រាក់សោធនកាលាទិករណ៍បាន ។

         គ- វិភាជន៍ជរាភាព ៖ កា​​លណាសាមីជនមានអាយុ ៥៥ឆ្នាំ បានបង់ភាគទានផ្នែកប្រាក់សោធនតិចជាង ៦០ (ហុកសិប) ខែមានសិទ្ធិទទួលវិកាជន៍ជរាភាពដែលត្រូវបើកឱ្យតែម្តងគត់

         ឃ- សោធនទុព្វលភាព ៖ កាលណាសាមីជនមានអាយុ ៥៥ឆ្នាំ មានសិទ្ធិទទួលបានប្រាក់សោធនទុព្វលភាព ប្រសិនបើគាត់បានបំពេញលក្ខខណ្ឌដូចតទៅ ៖

         - មានឈ្មោះក្នុងបញ្ជី បេឡាជាតិរបបសន្តិសុខសង្គមយ៉ាងតិច ៥(ប្រាំ)ឆ្នាំ

         - បានបង់ភាគទានចំនួន ៦(ប្រាំមួយ)ខែ សម្រាប់របបសន្តិសុខសង្គមផ្នែកប្រាក់សោធនក្នុងអំឡុងពេល ១២(ដប់ពីរ)ខែចុងក្រោយ ដោយគិតមកដល់ថ្ងៃដែលគាត់ចាប់ផ្តើមបាត់បង់សមត្ថភាពការងារដោយសារទុព្វលភាព

         ង- សោធនចំពោះអ្នកនៅក្នុងបន្ទុក ៖ ប្រសិនបើសាមីជននៃសោធនជរាភាព ឬទុព្វលភាព ឬសោធនកាលាទិករណ៍ទទួលមរណៈភាព ឬក៏ក្នុងករណីដែលសមាជិក បេឡាជាតិរបបសន្តិសុខសង្គមទទួលមរណៈភាព ហើយដែល នៅក្នុងកាលបរិច្ឆេទនៃមរណៈភាពនេះ គាត់បានបំពេញលក្ខខណ្ឌគ្រប់គ្រាន់ សម្រាប់ការទទួលយកអត្ថប្រយោជន៍ពីសោធនជរាភាព ឬទុព្វលភាព ឬក៏បានបង់ភាគទានចំនួន ១៨០(មួយរយប៉ែតសិប)ខែ សម្រាប់របបសន្តិសុខសង្គម ផ្នែកសោធនរួចហើយ អ្នកសិទ្ធិវន្តរបស់គាត់មានសិទ្ធិទទួលបាននូវសោធនចំពោះអ្នកនៅក្នុងបន្ទុក ។

         ឆ- វិភាជន៍ចំពោះអ្នកនៅក្នុងបន្ទុក ៖ ប្រសិនបើ សាមីជនមិនអាចមានសិទ្ធិទទួលនូវប្រាក់សោធនទុព្វលភាព និងមិនទាន់បានបង់ភាគទានគ្រប់ចំនួន ១៨០(មួយរយប៉ែតសិប)ខែ សម្រាប់របបសន្តិសុខសង្គមផ្អែកប្រាក់សោធន គិតមកទល់ថ្ងៃដែលខ្លួនទទួលមរណៈភាពទេនោះ ប្តីឬប្រពន្ធដែលជាទុព្វលជនក្តី ឬមិនមែនក្តី ព្រមទាំងកូនកំព្រានៃ សាមីជន ត្រូវមានសិទ្ធិទទួលអត្ថប្រយោជន៍ជាវិភាជន៍ចំពោះអ្នកនៅក្នុងបន្ទុក ដែលបើកឱ្យតែម្តងគត់ក្នុងចំនួនមិនតិច ជាងប្រាក់សោធនជរាភាពប្រចាំខែសម្រាប់សមាជិកបេឡាជាតិរបបសន្តិសុខសង្គមនោះទេ ។

៦២- ជនដែលត្រូវដាក់បញ្ចូលឱ្យនៅក្នុងរបបសន្តិសុខសង្គមតាមច្បាប់នេះ ដោយមិនមានបែងចែកពី ពូជសាសន៍ ពណ៌សម្បុរ ភេទ ជំនឿសាសនា គំនិតនយោបាយ ដើមកំណើតសង្គម ការចូលជាសមាជិកសហជីពកម្មករនិយោជិត ឬធ្វើសកម្មភាពក្នុងសហជីពគឺ ៖

  • កម្មករនិយោជិតទាំងអស់ដែល ស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ប្រសិនបើជនទាំងនោះធ្វើសកម្មភាពការងារនៅក្នុងទឹកដីព្រះរាជាណាចក្រកម្ពុជា ដើម្បីជាប្រយោជន៍សម្រាប់និយោជកម្នាក់ ឬច្រើននាក់ដោយមិនគិតដល់ប្រភេទ ទម្រង់ និងសុពលភាពនៃកិច្ចសន្យា ឬប្រភេទ និងចំនួននៃប្រាក់ឈ្នួលដែលជននោះបានធ្វើ ឬបានទទួលឡើយ ។
  • កម្មករនិយោជិតរដ្ឋ កម្មករនិយោជិតនៃអង្គការសាធារណៈ និងបុគ្គលិកទាំងអស់ដែលមិនស្ថិតនៅក្រោមការគ្រប់គ្រងដោយសហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល ឬលក្ខន្តិកៈទូត ព្រមទាំងភ្នាក់ងារក្រុមរាជការ សាធារណៈដែលតែងតាំងដោយបណ្តោះអាសន្ន ។
  • សិស្សសាលាវិជ្ជាជីវៈជនដែលដាក់ឱ្យធ្វើការនៅក្នុងមណ្ឌលបណ្តុះបណ្តាល សម្របសម្រួលនិងអប់រំវិជ្ជាជីវៈឡើងវិញ និងកូនជាងត្រូវចាត់ទុកដូចជាកម្មករនិយោជិតដែរ ។
  • ជនដែលប្រកបមុខរបរក្នុងវិជ្ជាជីវៈសេរី និងកម្មករនិយោជិតធ្វើការម្តងម្កាល ឬតាមរដូវ ។

៦៣- របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពមានតាវកាលិកដូចជា ៖

         ក- សេវាព្យាបាលថែទាំវេជ្ជសាស្ត្រ

         - ការព្យាបាលដោយសម្រាកក្នុងមន្ទីរពេទ្យ និងសេវាពិគ្រោះជំងឺក្រៅមានជាអាទិ៍ ៖ សេវាព្យាបាលថែទាំតាមបច្ចេកទេសវិជ្ជាជីវៈវេជ្ជសាស្រ្ត សេវាធ្វើរោគវិនិច្ឆ័យ សេវាមន្ទីរពិសោធន៍ និងសេវាពិនិត្យវេជ្ជសាស្រ្តផ្សេងទៀត ឧបករណ៍ផ្នែកសល្យសាស្ត្រ និងសម្ភារបរិក្ខាផ្នែកវេជ្ជសាស្ត្រផ្សេងៗ ដែលជាតម្រូវការចាំបាច់សម្រាប់ការព្យាបាល ឱសថតាមវេជ្ជបញ្ជាបន្ទប់ (ធម្មតា) និងអាហារដែលផ្តល់ដោយមូលដ្ឋានសុខាភិបាល

         - សេវាសង្គ្រោះបន្ទាន់ ៖ គឺជាអន្តរាគមន៍ទាំងឡាយណាដែលធ្វើឡើងក្នុងកាលៈទេសៈមួយ ដែលមិនបាន គ្រោងទុក ហើយអន្តរាគមន៍ទាំងនេះអាចធ្វើឡើងក្លាមៗក្នុងគោលបំណងជួយសង្គ្រោះជីវិត ឬជួយកការពារការបាត់បង់អវៈយវៈណាមួយនៃរាង្គកាយរបស់អ្នកជំងឺ ឬជនរងគ្រោះ ។

         - សេវាព្យាបាលដោយស្អំ និងដោយចលនា

         - សេវាសម្រាលកូន និងសេវាព្យាបាលថែទាំមុន និងក្រោយពេលសម្រាលកូន

         - សេវាស្តារនីតិសម្បទា ៖ ផ្តល់ដោយបេឡាជាតិរបបសន្តិសុខសង្គម កម្មវិធីជាតិ អង្គភាព ឬស្ថាប័ន និង អង្គការទាក់ទងនឹងការស្តារនីតិសម្បទាដទៃទៀត

         ខ- សេវាបញ្ជូនអ្នកជំងឺ ឬជនរងគ្រោះ និងសេវាបញ្ជូនសព

         គ- ប្រាក់បំណាច់ប្រចាំថ្ងៃ ត្រូវផ្តល់ជូនក្នុងពេលមានជំងឺ ឬជួបឧបទ្ទេវហេតុផ្សេងៗ

         ឃ- សេវាបង្កាសុខភាព

៦៤- បេឡាជាតិរបបសន្តិសុខសង្គមស្ថិតនៅក្រោមអាណាព្យាបាលរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាអាណាព្យាបាលបច្ចេកទេស និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអាណាព្យាបាលហិរញ្ញវត្ថុ ។

ក្រុមប្រឹក្សាភិបាលរបស់បេឡាជាតិរបបសន្តិសុខសង្គមមានសមាសភាពត្រីភាគីដែលមានសមាជិក ៩ រូប ៖

  • តំណាងរាជរដ្ឋាភិបាល ៥ រូប

         - តំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ១រូប                       ជាប្រធាន

         - តំណាងទីស្តីការគណៈរដ្ឋមន្ត្រី ១រូប                                                     សមាជិក

         - តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ១រូប                                           សមាជិក

         - តំណាងក្រសួងសុខាភិបាល ១រូប                                                        សមាជិក

         - នាយក នៃបេឡាជាតិរបបសន្តិសុខសង្គម ១រូប                                    សមាជិកស្វ័យប្រវត្តិ

  • តំណាងនិយោជក ២រូប                                                                         សមាជិក
  • តំណាងកម្មករនិយោជិត ២រូប                                                               សមាជិក

៦៥- អត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម រួមមាន ៖

  • ធានាកម្រិតជីវភាពគ្រួសាររបស់កម្មករនិយោជិត នៅពេលដែលរងហានិភ័យសង្គមនានា
  • លើកកម្ពស់គុណភាពបរិមាណផលិតផលសហគ្រាស តាមរយៈការជឿជាក់លើការងារ
  • រួមចំណែកលើកកម្ពស់សុខភាពកម្មករនិយោជិតតាមរយៈការចូលរួមភាគទានសង្គម
  • លើកស្ទួយសមធម៌ សាមគ្គីធម៌ និងយុត្តិធម៌ក្នុងសង្គម តាមរយៈការរំលែកហានិភ័យ
  • ធានាសិទ្ធិជាមូលដ្ឋានរបស់មនុស្សជាតិ ពិសេសកម្មករនិយោជិតដែលមានចែងក្នុងច្បាប់
  • កម្មករនិយោជិតមានក្តីសង្ឃឹម លើការងារក្នុងវិស័យឯកជន ដោយពួកគេយល់ថា មានការធានារ៉ាប់រង នៅពេលជួបហានិភ័យសង្គមនានា ដូចមន្ត្រីរាជការរដ្ឋដែរ
  • កម្មករនិយោជិត ទទួលបានការងារប្រពៃតាមរយៈការលើកកម្ពស់លក្ខខណ្ឌការងារ ពិសេសសុវត្ថិភាព ការងារ និងអនាម័យការងារតាមសហគ្រាសគ្រឹះស្ថាន
  • ធ្វើឱ្យមានសុខដុមរមណីយកម្មក្នុងសង្គមជាតិ ពិសេសរវាងកម្មករនិយោជិត និងនិយោជក
  • ចូលរួមការអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម តាមរយៈការវិនិយោគប្រាក់ដែលនៅសល់ពីការប្រើប្រាស់សម្រាប់ តាវកាលិក
  • ចូលរួមចំណែកកសាងនីតិរដ្ឋ ព្រមទាំងលើកស្ទួយកម្មវិធីកំណែទម្រង់នយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ ឆាប់ទទួលបានជោគជ័យ
  • រួមចំណែកក្នុងការអនុវត្តគោលនយោបាយ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ដែលមានចែងក្នុង ចតុកោណទី ៣ មុំទី ៤ ទទួលបានជោគជ័យតាមការកំណត់
  • និយោជកបានបំពេញករណីយកិច្ច គុណធម៌ ដោយចែករំលែកផលចំណេញតាមរយៈ កាតព្វកិច្ចបង់ភាគទានសម្រាប់របបសន្តិសុខសង្គម
  • បញ្ជាក់ឱ្យឃើញ នូវការយកចិត្តទុកដាក់អំពីប្រមុខរាជរដ្ឋាភិបាល ក្នុងការធានានិរន្តរភាពដល់ជីវភាពរស់នៅរបស់កម្មករនិយោជិត ទាំងបច្ចុប្បន្ន ក៏ដូចតទៅអនាគត ។

នៅបណ្តាលប្រទេសជឿនលឿនមូលធនសន្តិសុខសង្គមអាចរួមចំណែកដល់កំណើននៃផលទុនជាតិ ដូច្នេះ ប្រព័ន្ធសន្តិសុខសង្គមមានឥទ្ធិពល និងជាបង្អែកដ៏រឹងមាំលើវិស័យសេដ្ឋកិច្ចសម្រាប់ការអភិវឌ្ឍន៍សង្គមជាតិ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login