អាជីពសម្រាប់មនុស្សម្នាក់មានន័យថាជាការបំពេញការងារដោយប្រើប្រាស់ចំណេះដឹង និងជំនាញជាក់លាក់ ហើយបន្តអនុវត្តក្នុងរយៈពេលយូរ (ឬពេញមួយជីវិតការងារ ) ចំពោះមុខរបរឬការងារមួយប្រភេទ ដែលទទួលបាននូវវឌ្ឍនភាពក្នុងតួនាទីការទទួលខុសត្រូវលទ្ធផល និងភាពជោគជ័យក្នុងការងារនោះ។ ក្នុងន័យនេះការជ្រើសរើសការងារ ឬមុខរបរត្រូវតែរិះគិតពីគោលដៅអនាគតឱ្យបានហ្មត់ចត់ដោយត្រូវចោទសួរខ្លួនឯងថា តើចង់ជ្រើសយកការងារមួយ ដែលមានគោលដៅទ័លច្រកឬក៏ជ្រើសយកការងារដែលអាចអភិវឌ្ឍជាអាជីពសម្រាប់គោលដៅយូរអង្វែង ?
ដើម្បីទទួលបានការងារ និងអភិវឌ្ឍអាជីពយុវជនគួរពិនិត្យលើចំណុចខ្លះៗដូចខាងក្រោម ៖
- គិតរៀបចំផែនការអាជីពឱ្យបានកាន់តែលឿនកាន់តែប្រសើរ ដោយគិតចាប់ពីការសិក្សានៅកម្រិតអប់រំ ចំណេះទូទៅ។
- ជ្រើសរើសមុខវិជ្ជាសិក្សាបន្តតាមរយៈជម្រើសការអប់រំឧត្តមសិក្សា ឬការបណ្តុះបណ្តាលបច្ចេកទេស និង វិជ្ជាជីវៈដោយពិនិត្យលើចំណូលចិត្តនិងលទ្ធភាពរបស់ខ្លួន។
- ស្វែងយល់ពីព័ត៌មានទីផ្សារការងារឱ្យបានទូលំទូលាយ ដើម្បីវិភាគរកភាពស៊ីចង្វាក់គ្នារវាងជម្រើសមុខវិជ្ជាសិក្សា និងតម្រូវការទីផ្សារការងារ។
- ក្នុងពេលកំពុងសិក្សាត្រូវខិតខំស្រូបយកចំណេះដឹង និងបំប៉នជំនាញឱ្យបានពេញលេញ ដើម្បីបង្កើនភាពប្រកួតប្រជែងនិងសក្តានុពល។
- ស្វែងរកឱកាសធ្វើកម្មសិក្សាការងារស្ម័គ្រចិត្ត និងការងារក្រៅម៉ោង ដើម្បីទទួលបទពិសោធន៍ ចំណេះធ្វើសម្រាប់ត្រៀមរកការងារ។
- ក្នុងពេលស្វែងរកការងារត្រូវរៀបចំខ្លួនឱ្យបានល្អដោយផ្តោតលើការស្វែងយល់ពីប្រភពការងារ វិធីស្វែងរកការងារ ការរៀបចំប្រវត្តិរូបនិងពាក្យស្នើសុំការងារ ការត្រៀមសម្ភាសការងារ និងការបង្កើតជម្រើសការងារសម្រាប់ខ្លួនឯងឱ្យបានច្រើន។
- ពេលទទួលបានការងារត្រូវខិតខំបំពេញការងារ ប្រកបដោយភាពហ្មត់ចត់ការទទួលខុសត្រូវខ្ពស់សីលធម៌ វិជ្ជាជីវៈ និងយកចិត្តទុកដាក់ថែរក្សាការងារឱ្យបានជាប់លាប់។
- ត្រូវយល់ដឹងពីវប្បធម៌កន្លែងការងារ និងប្រើប្រាស់ទាំងជំនាញបច្ចេកទេស និងជំនាញទន់ឲ្យអស់ពីសមត្ថភាពដើម្បីសម្របខ្លួនក្នុងបរិបទការងារ និងមានទំនាក់ទំនងល្អជាមួយអ្នកជុំវិញខ្លួន។
- មិនគួរគិតបារម្ភខ្លាំងពេកអំពីប្រាក់ខែ ឬអត្ថប្រយោជន៍ផ្សេងៗ ដែលរំពឹងចង់បានពីក្រុមហ៊ុន ឬកន្លែងការងារខណៈពេលដែលសមត្ថភាពរបស់ខ្លួនមិនបានឆ្លើយតបតាមតម្រូវការរបស់និយោជក។
- ត្រូវគិតថាការរក្សាការងារបានជាប់លាប់ សម្រេចបានលទ្ធផលនិងទទួលនូវទំនុកចិត្តពីនិយោជក គឺជា មធ្យោបាយដ៏ចម្បង និងសំខាន់បំផុតសម្រាប់កសាងអាជីពនិងភាពជោគជ័យនៅលើមាគ៌ានេះ។