សំណួរ
៦- តើសារការីនិងមេធាវីខុសគ្នាយ៉ាងដូចម្តេច ?
៧- តើប្រភេទលិខិតសារការីក្នុងការបង្កើតហ៊ីប៉ូតែកមានអ្វីខ្លះ ?
៨- តើអត្ថន័យនៃហ៊ីប៉ូតែកមានអ្វីខ្លះ ?
៩- តើការបង្កើតហ៊ីប៉ូតែកដោយរបៀបណា ?
១០- តើការបង្កើតហ៊ីប៉ូតែកលើសិទ្ធិជួលអចិន្រ្តៃយ៍ មានសារៈប្រយោជន៍អ្វីខ្លះដល់ម្ចាស់បំណុលហ៊ីប៉ូតែក និង អ្នកបង្កើតហ៊ីប៉ូតែក?
ចម្លើយ
៦- ភាពខុសគ្នារវាងសារការីនិងមេធាវីគឺ ៖
+ សារការី (Notary)
- ជាអ្នកវិជ្ជាជីវៈសេរី និងជាមន្ត្រីសាធារណៈ
- កិច្ចសន្យាដែលធ្វើដោយសារការី គឺជាលិខិតយថាភូតដែលមានតម្លៃស្មើនឹងសាលក្រមស្ថាពរ ។ បើកូនបំណុលមិនអនុវត្តកាតព្វកិច្ចម្ចាស់បំណុលអាចអនុវត្តដោយបង្ខំ ដោយមិនចាំបាច់ឆ្លងកាត់នីតិវិធីតុលាការនោះទេ ។
- តាក់តែងលិខិតមតកសាសន៍ (លិខិតបណ្តាំ)
- មិនអាចតំណាងដោយអាណត្តិ ឬការពារក្តីនៅតុលាការ
+ មេធាវី (Lawyer)
- ជាអ្នកវិជ្ជាជីវៈសេរី
- កិច្ចសន្យាដែលធ្វើដោយមេធាវី គឺជាលិខិតឯកជន មិនមានតម្លៃស្មើនឹងសាលក្រមស្ថាពរទេ ។ បើកូនបំណុលមិនអនុវត្តកាតព្វកិច្ចម្ចាស់បំណុលមិនអាចយកទៅអនុវត្តដោយបង្ខំបានទេ គឺត្រូវតែឆ្លងកាត់នីតិវិធីតុលាការដើម្បីសម្រេចសេចក្តី ។
- មិនអាចតាក់តែងមតកសាសន៍ (លិខិតបណ្តាំ)
- ជាអ្នកតំណាងដោយអាណត្តិ និងការពារក្តីនៅតុលាការ
៧- ប្រភេទលិខិតសារការីក្នុងការបង្កើតហ៊ីប៉ូតែកអាចមានដូចជា ៖
- កិច្ចសន្យាខ្ចីបរិភោគ និងបង្កើតហ៊ីប៉ូតែកដោយលិខិតយថាភូតរបស់សារការី
- សារការីទទួលរៀបចំតាក់តែង និងបញ្ជាក់លើលិខិត
- កិច្ចសន្យានេះ ជាកិច្ចសន្យាដោយលិខិតយថាភូតរបស់សារការី
- កិច្ចសន្យាខ្ចីបរិភោគ និងបង្កើតហ៊ីប៉ូតែកដោយលិខិតបញ្ជាក់របស់សារការី
- សារការីគ្រាន់តែផ្ទៀងផ្ទាត់ និងបញ្ជាក់ហត្ថលេខា ឬ/និង ស្នាមម្រាមដៃគូភាគី
- កិច្ចសន្យាខ្លួនវានៅតែជាលិខិតឯកជនដដែល ។
៨- អត្ថន័យនៃហ៊ីប៉ូតែកមានដូចជា ៖
- ម្ចាស់បំណុលហ៊ីប៉ូតែកមានសិទ្ធិទទួលការសងចំពោះសិទ្ធិលើបំណុលរបស់ខ្លួន ដោយមានអាទិភាពជាងម្ចាស់បំណុលផ្សេងទៀត ចំពោះអចលនវត្ថុដែលបានដាក់ជាប្រាតិភោគនៃកាតព្វកិច្ចដោយកូនបំណុល ឬតតិយជនមិនផ្ទេរការកាន់កាប់ ។
- សិទ្ធិជួលអចិន្ត្រៃយ៍ និងផលុបភោគ ក៏អាចយកមកធ្វើជាកម្មវត្ថុនៃហ៊ីប៉ូតែកបានដែរ។ ក្នុងករណីនេះ បញ្ញត្តិនៃ (ហ៊ីប៉ូតែក) នេះត្រូវយកមកអនុវត្តដូចគ្នាផងដែរ ។
- ក្នុងករណីដែលច្បាប់ពិសេសទទួលស្គាល់ការយកទ្រព្យសម្បត្តិផ្សេងក្រៅពីអចលនវត្ថុ មកធ្វើជាកម្មវត្ថុនៃហ៊ីប៉ូតែក បញ្ញត្តិនៃច្បាប់ ពិសេសនោះត្រូវយកមកអនុវត្ត ។
៩- ហ៊ីប៉ូតែកនឹងត្រូវបានបង្កើតឡើង ដោយការព្រមព្រៀងគ្នារវាងម្ចាស់បំណុល និងកូនបំណុល ឬតតិយជនដែលយកអចលនវត្ថុរបស់ខ្លួនមកដាក់ជាប្រាតិភោគ ។
១០- ការបង្កើតហ៊ីប៉ូតែកលើសិទ្ធិជួលអចិន្រ្តៃយ៍ មានសារៈប្រយោជន៍ដូចជា ៖
+ ចំពោះម្ចាស់បំណុលហ៊ីប៉ូតែក
- គ្មានបន្ទុកក្នុងការគ្រប់គ្រងសិទ្ធិជួលអចិន្រ្តៃយ៍ វាមាន័យថា គ្មានការផ្ទេរនូវសិទ្ធិជួលអចិន្ត្រៃយ៍
- មានសិទ្ធិទទួលសំណងជាអាទិភាព វាមានន័យថាម្ចាស់បំណុលអាចប្តឹងទៅតុលាការដើម្បីលក់ដោយបង្ខំនូវវត្ថុដែលជាកម្មវត្ថុ ហើយទទួលនូវការចែកចំណែកពីថ្លៃលក់នោះបាន ។
+ ចំពោះអ្នកបង្កើតហ៊ីប៉ូតែក
- អាចបន្តនូវការកាន់កាប់ ប្រើប្រាស់ និងអាស្រ័យផលនូវសិទ្ធិជួលអចិន្ត្រៃយ៍នោះ ហើយអាចបង្កើតចំណូលដើម្បីសងបំណុល
- អាចបង្កើតហ៊ីប៉ូតែកច្រើន លើសិទ្ធិជួលអចិន្ត្រៃយ៍បាន។ ករណីនេះលំដាប់អាទិភាព គឺលំដាប់នៃការចុះបញ្ជី (មាត្រា៨៥១ នៃក្រមរដ្ឋប្បវេណី) ។
តភាគ