ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
មាននារីស្រស់ស្អាតម្នាក់កំពុងរង់ចាំយន្តហោះវេនយប់មួយ ហើយដោយសារការរង់ចាំយូរពេក ទើបនាងបានទិញសៀវភៅមួយក្បាលនិងនំមួយកញ្ចប់ធំពីហាងក្នុងព្រលានយន្តហោះពោធិ៍ចិនតុង រួចក៏រកកន្លែងអង្គុយ។ នាងបានអានសៀវភៅយ៉ាងជក់ចិត្ត ស្រាប់តែមានបុរសម្នាក់មកអង្គុយក្បែរនាងយ៉ាងក្លាហាន ដោយមានថង់នំនៅកណ្តាលពួកគេ។ នាងបានអានសៀវភៅស្លុងអារម្មណ៍ អានបណ្តើរដៃលូកយកនំមកញ៉ាំបណ្តើរ។ មួយសន្ទុះក្រោយមក នាងឃើញថាបុរសម្នាក់នោះក៏កំពុងយកនំពីក្នុងកញ្ចប់នោះញ៉ាំដែរ ជាហេតុធ្វើឳ្យនាងកាន់តែមួម៉ៅ ព្រោះធ្វើឳ្យនំជិតអស់ ហើយនាងត្រូវទើសទាល់ដោយទប់ចិត្តហើយគិតថា «នេះបើសិនជាខ្ញុំមិនចេះទប់ ម្ល៉េះសមនាយនេះនឹងខៀវភ្នែកមិនខាន»។ ពេលនាងយកមួយ គេក៏យកមួយដែរ រហូតដល់នៅសល់តែមួយចុងក្រោយ នាងគិតថាតើបុរសនោះគិតយ៉ាងម៉េច? បុរសនោះញញឹមទាំងចិត្តច្របូកច្របល់ បន្តិចក្រោយមក គាត់ក៏កាច់នំចុងក្រោយនោះជាពីរ ហើយចែកឳ្យនាងមួយដុំ។ នាងក៏ឆក់យកហើយគិតថា « អូ! តាប៉ិនេះគ្មានសុជីវធម៌សោះ អត់របៀបរបបណាស់ សូម្បីតែជានំចុងក្រោយហើយ ក៏នៅតែឆ្លៀតកាច់យកពាក់កណ្ដាលទៀត » ។ រហូតដល់ពេលនាងទៅដល់ច្រកចូលយន្តហោះ នាងក៏ប្រមែប្រមូលឥវ៉ាន់ចេញទាំងគ្មានសុជីវធម៌ ហើយក៏ទៅបាត់ទៅ។
ពេលឡើងមកដល់លើយន្តហោះ នាងក៏បានទាញយកសៀវភៅមកអានបញ្ចប់ ស្រាប់តែនាងភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលនាងឃើញកញ្ចប់នំដែលនាងបានទិញនោះនៅក្នុងកាតាបនៅឡើយ។ នាងក៏យល់ថាពេលនៅព្រលាននោះ បុរសនោះព្យាយាមចែករំលែកជាមួយនាងទេតើ ខ្លួនឯងសោះជាចោរហើយធ្វើឈ្លើយដាក់គេទៀត។ នាងក៏ស្រណោះ សោកស្តាយ យ៉ាងខ្លាំងក្រោយពីបានដឹង និងយល់ពីទង្វើរបស់ខ្លួន ហើយអៀនខ្មាសបុរសនោះផងដែរដែលខំចិត្តល្អដាក់នាងដល់ថ្នាក់និងហើយ តែបែរជាទទួលបាននូវការធ្វើទង្វើមិនគប្បីជាការតបស្នងទៅវិញ ។
តម្លៃអប់រំ
យើងមិនគួរធ្វើការសរុបសេចក្តីលឿន ដោយមិនបានមើលមុខមើលក្រោយយល់សេចក្តីសាច់រឿងនោះទេ ព្រោះវាធ្វើ៌៌ឲ្យប៉ះពាល់ដល់ភាពស្អាតស្អំរបស់គេ ហើយប៉ះពាល់ដល់ផ្លូវចិត្តរបស់គេដែរ ព្រោះពេលខ្លះចិត្តវាពិបាកនឹងប៉ះប៉ូវវិញខ្លាំងណាស់។