សំណួរ
១. តើសីលធម៌មានសារៈសំខាន់យ៉ាងណាខ្លះ ចំពោះជីវភាពរស់នៅរបស់មនុស្ស ?
២. តើសុជីវធម៌តម្រូវឱ្យមនុស្សម្នាក់ៗចេះធ្វើអ្វីខ្លះ ?
៣. ចូរឱ្យនិយមន័យសុជីវកម្ម និងលើកឧទាហរណ៍មកបង្ហាញ ។
៤. តើវប្បធម៌ និងសង្គមធម៌មានទំនាក់ទំនងគ្នាដូចម្តេច ?
ចម្លើយ
សីលធម៌មានសារៈសំខាន់ណាស់ចំពោះជីវភាពរស់នៅរបស់មនុស្សគឺ ៖
- ធ្វើឱ្យមនុស្សមានភាពថ្លៃថ្នូរ មានកិត្តិយស មានឧត្តមភាពក្នុងការងារ ប្រព្រឹត្តល្អគ្រប់បែបយ៉ាង ។
- ធ្វើឱ្យមនុស្សចេះម្ចាស់ការ និងមានទំនួលខុសត្រូវលើគ្រប់ការងារ ។
- មានការយោគយល់អធ្យាស្រ័យគ្នាល្អ ។
- ចេះជួយយកអាសាគ្នា និងទុក្ខធុរៈគ្នា ។
- មានសាមគ្គីភាពគ្នាល្អ ។
២. សុជីវធម៌តម្រូវឱ្យមនុស្សម្នាក់ៗចេះ ៖
- រៀបចំខ្លួនកុំឱ្យឆ្គាំឆ្គងក្នុងឥរិយាបថណាមួយដូចជា ការនិយាយ ដេក ដើរ ឈរ អង្គុយ
- រៀបចំចរិយា ឬកពារឱ្យសមទីកន្លែង និងកាលៈទេសៈ
- រៀបចំកាយវិការក្នុងពេលសន្ទនាជាមួយអ្នកដទៃ ឬក្នុងពេលទទួលទានអាហារ
- ប្រើសម្លៀកបំពាក់សមរម្យទៅតាមពេលវេលា
- របៀបនិយាយ សរសេរឱ្យបានត្រឹមត្រូវតាមក្បួនខ្នាត
- ទទួលភ្ញៀវដោយរាក់ទាក់
- គោរពសិទ្ធិ ទ្រព្យសម្បត្តិ សេចក្តីទុក្ខសោករបស់អ្នកដទៃ ។ ល ។
៣. សុជីវកម្ម សម្គាល់នូវការរស់នៅមានរប្រៀបរៀបរយចេះគួរសមក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ ។ សុជីវកម្ម ជាវិជ្ជាមួយសម្រាប់អប់រំមនុស្សគ្រប់រូបទាំងបុរស ទាំងស្រ្តីឱ្យមានឬកពាអាកប្បកិរិយាថ្លៃថ្នូរមិនឆ្គាំឆ្គងក្នុងទង្វើរបស់ខ្លួននៅពេលធម្មតា និងពេលចេញមុខក្នុងអង្គពិធីធំៗ ។ សុជីវធម៌ ជាសោភ័ណ និងវិធីសម្រាប់អប់រំមនុស្សឱ្យមានឬកពាថ្លៃថ្នូរ មានភាព ស្លូតបូតមានសេចក្តីសុចរិតស្មោះត្រង់ មានសណ្តាប់ធ្នាប់ចេះរៀបចំរបៀបរស់នៅឱ្យបានសមរម្យ ហើយមានតម្លៃនៅក្នុងសង្គម ។ ម៉្យាងទៀតសុជីវធម៌អប់រំមនុស្សប្រកាន់នូវសេចក្តីសុចរិត សេចក្តីស្មោះត្រង់ សេចក្តីស្ងប់ សេចក្តីសន្តោសមានចរិយាល្អ ។ ឧទាហរណ៍ ៖ អ្នកបើកយានយន្តគួរអនុញ្ញតឱ្យអ្នកបើកបរទោចក្រយានយន្តដែលមានផ្ទុកធ្ងន់ អ្នកជម្ងឺធ្វើដំណើរទៅមុន ឬបើកបន្ថយល្បឿននៅលើផ្លូវដែលមានទឹកដក់ឬភក់ ដើម្បីកុំឱ្យខ្នាតទឹក ឬភក់លើអ្នកដទៃ ។
៤. ទោះបីវប្បធម៌ និងសង្គមធម៌ជាមែកធាងនៃអអរិយធម៌ក៏ដោយក៏មានទស្សនៈមួយចំនួនយល់ខុសៗគ្នាអំពីការរីកចម្រើននៃអរិយធម៌ដោយឱ្យតម្លៃលើកត្តាមួយផ្នែកៗតាមការយល់ឃើញរបស់គេជាក់ស្តែងដូចជាមតិខាងក្រោម ៖
- មតិទី១ ៖ គេយល់ថា កម្លាំងអរិយធម៌ស្ថិតនៅលើវប្បធម៌ពោលគឺ វប្បធម៌ គឺជាបុព្វហេតុនៃការជឿនលឿនរបស់មនុស្ស ។ គេអះអាងថា ចំពោះចំណេះដឹងមានវិជ្ជាសាសនាអក្សរ អក្សរសិល្ប៍ ការសិក្សាអប់រំ ជាដើម ជាកម្លាំងវប្បធម៌អាចកែប្រែសង្គមមនុស្សឱ្យមានកម្រិតជីវភាពខ្ពស់មានចរិយាថ្លៃថ្នូរ មានច្បាប់ ទម្លាប់ត្រឹមត្រូវមានការគ្រប់គ្រងរៀបរយ ។
- មតិទី២ ៖ គេយល់ថា កម្លាំងអរិយធម៌ស្ថិតនៅលើសង្គមធម៌វិញ ពោលគឺសង្គមធម៌ជាបុព្វហេតុនៃ ការជឿនលឿនព្រោះសង្គមធម៌អាចកែប្រែផ្លាស់ប្តូរទាំងទស្សនៈ ទាំងចិត្តគំនិត ទាំងចំណង់ចំណូលចិត្តរបស់ មនុស្សម្នាក់ៗផងរបស់សង្គមទាំងមូលផង ។ យ៉ាងណាមិញប្រដាប់ប្រើប្រាស់របៀបបង្កបង្កើនផល និងចែកផល ច្បាប់សង្គមវិធីរៀបចំសង្គមព្រមទាំងមនោសាស្រ្តបែបណា ក៏សង្គមបែបនោះដែរ ។ ដូចនេះការផ្លាស់ប្តូរសង្គមកិច្ច នយោបាយ ទស្សនៈចិត្តគំនិត ចំណង់ចំណូលចិត្តក៏ផ្លាស់ប្តូរទៅតាមនោះដែរ ។ ដូចជាវណ្ណៈមនុស្ស សាសនា ជំនឿ ក៏បាត់បង់ដោយសារការផ្លាស់ប្តូរសង្គមធម៌ ។ រួមសេចក្តីមក ថ្វីត្បិតតែទស្សនៈទាំងពីរខាងលើនេះមានលក្ខណៈខុសប្លែកពីគ្នាខ្លះក៏ដោយ ក៏វាជាកម្លាំងពីរសម្រាប់គាំទ្រ និងធ្វើឱ្យអរិយធម៌រីកចម្រើន ឯសង្គមក៏ដូចគ្នាដែរ ។ ជាការពិតវប្បធម៌ និងសង្គមធម៌មានទំនាក់ទំនងគ្នាយ៉ាងជិតស្និត មានឥទ្ធិពលលើគ្នាទៅវិញទៅមកបំពេញឱ្យគ្នាទៅវិញទៅមកដូចកាយ និងចិត្តនោះដែរ ។