កត្តាដែលជះឥទ្ធិពលទៅលើអតិថិជនមានដូចជា ៖
- កត្តាសេដ្ឋកិច្ច អ្នកទ្រឹស្តីសេដ្ឋកិច្ចបានលើកឡើងថា កត្តាសេដ្ឋកិច្ចបង្កើតនូវឥទ្ធិពលយ៉ាងសំខាន់ទៅលើអ្នកទិញ ។ ការពិចារណាដ៏ចម្បងមួយ គឺថាវាទាក់ទងទៅនឹងស្ថានភាពសេដ្ឋកិច្ចរបស់អ្នកទិញទាំងនោះ ។ តួយ៉ាងដូចជា បើសិនជាអ្នកប្រើប្រាស់មានប្រាក់ច្រើនពួកគាត់ទំនងជានឹងចំណាយច្រើន ។ ហេតុដូច្នេះហើយ វិធីមួយក្នុងចំណោមវិធីជាច្រើននៃការបែងចែកទៅតាមប្រភេទអតិថិជន គឺធ្វើការបែងចែកទៅតាមក្រុមមនុស្ស ដែលមានប្រាក់ចំណូលខុសៗគ្នា ។ យ៉ាងណាក៏ដោយ ប្រាក់ចំណូលមួយមុខគត់ផ្តល់នូវព័ត៌មានមិនគ្រប់គ្រាន់ទេ ពីព្រោះឥរិយាបថនៃក្រុមមនុស្សដែលមានប្រាក់ចំណូលខុសៗគ្នា គឺត្រូវមានបញ្ជាក់ដោយបរិយាកាសសេដ្ឋកិច្ចទាំងមូល ។ បើសិនជាសេដ្ឋកិច្ចរីកចម្រើន ឬហក់ឡើងគឺជាឱកាសដែលអ្នកប្រើប្រាស់ និងប្រហែលជាធ្វើការចំណាយប្រាក់ច្រើនថែមទៀត ហើយនឹងនៅពេលខ្លះអាចរហូតដល់ខ្ចីគេបន្ថែមទៀតដើម្បីចំណាយ ដូច្នេះពួកគាត់អាចចំណាយច្រើនជាងអ្វីដែលពួកគាត់រកចំណូលបាននៅពេលណាមួយ ។ ឧស្សាហករ ឬផលិតករនឹងចំណាយច្រើនថែមទៀតផងដែរ ក្នុងការវិនិយោគនៅក្នុងកម្រិតថ្មី ដើម្បីឆក់យកឱកាសនូវផលប្រយោជន៍នៃបរិយាកាសសេដ្ឋកិច្ច ។ ដូច្នេះ កត្តាសេដ្ឋកិច្ចមានឥទ្ធិពលយ៉ាងខ្លាំងទៅលើការសម្រេចចិត្តរបស់អតិថិជន ។
- កត្តាអាយុ និងបែបផែនជីវិត សកម្មភាពទាំងឡាយនៃបុគ្គល និងគ្រួសារមានភាពខុសៗគ្នាទៅលើពេលវេលា ។ ឋានៈនៃអាយុ និងគ្រួសារ គឺប្រហែលជាមានឥទ្ធិពលចំពោះតម្រូវការនៃអ្នកប្រើប្រាស់ និងលទ្ធភាពនៃពេលវេលា និងធនធាន ដើម្បីបំពេញតម្រូវការទាំងនោះ ។ ជាឧទាហរណ៍ មនុស្សដែលនៅលីវនិងមានវ័យក្មេង គឺមានការចាប់អារម្មណ៍ខ្លាំងនៅក្នុងការកម្សាន្ត ហើយប្តីប្រពន្ធដែលគ្មានកូនត្រូវការទំនិញទំនើបៗ ។ ប្តីប្រពន្ធដែលមានកូនមានបំណងកាត់បន្ថយលទ្ធភាពចំណាយប្រាក់ទៅលើការទិញទំនិញដែលមិនចាំបាច់ ហើយបើប្តីប្រពន្ធដែលចាស់តែនៅតែគ្មានកូនហើយនៅផ្ទះ អាចមានលទ្ធភាបប្រើប្រាស់របស់របរទំនើបៗ ។ ការជាប់ទាក់ទងជាច្រើននៃការជាប់ទាក់ទងបែបផែនជីវិតដែលជាទម្លាប់ នៅតែមានសុពលភាព ។ ឧទាហរណ៍ ដូចជា ប្តីប្រពន្ធដែលរៀបការហើយមានកូនឆាប់ពេកមានបំណងដើម្បីបង្ហាញនូវលំនាំតាមឥរិយាបថដដែលៗ ជាមួយនឹងការរៀបរាប់ខាងលើ ។ ទោះបីជាយ៉ាងណាក៏ដោយ ក៏ក្រុមមនុស្សថ្មីទាំងនោះកំពុងតែផុសចេញដោយផ្អែកលើបែបផែនជីវិតដែលមិនមែនជាទម្លាប់ ឬការយឺតយ៉ាវទេ ។ ឧទាហរណ៍ មានគូស្រករជាច្រើននៅពេលបច្ចុប្បន្ននេះអាចពន្យាពេលរៀបការ និងអាចពន្យាពេលក្នុងភាពជាឪពុកម្តាយ ដើម្បីបន្តការងារទ្វេឡើង ។ ដើមុ្បីឲ្យបានយល់កាន់តែប្រសើរឡើងក្នុងការភ្ជាប់រវាងអាយុ និងបែបផែនជីវិតហើយដោយធ្វើការវិភាគការកើតឡើង ដែលមានដំណាលគ្នានៃសេចក្តីត្រូវការ ដោយអ្នកប្រតិបត្តិការម៉ាឃីធីង គឺអាចកែលម្អសេវានៃតម្រូវការទាំងនោះនិងបង្កើនការលក់ ។ ជាឧទាហរណ៍ អ្នកគ្រប់គ្រងនៅ Warehouse Club ដ៏ធំមួយបានធ្វើការកត់សម្គាល់ថា ទំនាក់ទំនងសំខាន់បំផុតរវាងអ្នកលក់នៃក្រណាត់កន្ទបដែលប្រើហើយចោល និងស្រាបៀរ ។ នៅពេលធ្វើការស៊ើបអង្កេតនូវហតុការណ៍នេះ ពួកគេបានរកឃើញថា ឪពុកដែលមានវ័យក្មេងមកហាងលក់ទំនិញ បន្ទាប់ពីបំពេញការងាររួចហើយ ដើម្បីទិញ diaper ហើយក៏ទិញស្រាបៀរមួយយួរនៅពេលត្រឡប់ទៅផ្ទះវិញ ។ ម្ចាស់ហាងបានសម្រេចចិត្តថានិងផ្លាស់ប្តូរទីនៃទូរដាក់ស្រាបៀរឲ្យទៅជិត diaper ហើយពេលនោះការលក់ក៏កើនឡើង ១០% ។ ដូច្នេះកត្តាអាយុ និងបែបផែនជីវិតក៏ជាកត្តាជះឥទិ្ធពលដ៏សំខាន់ដែរទៅលើអតិថិជន ។
- កត្តាភូមិសាស្រ្ត សម្រាប់ទិញ ឬសេវាខ្លះ ការខុសគ្នានៃកត្តាភូមិសាស្ត្រ ក៏អាចជាកត្តាដ៏សំខាន់ណាស់ដែរ ។ ជាឧទាហរណ៍ នៅក្នុងសហរដ្ឋអាមេរិក ចំណង់ចំណូលចិត្តទៅលើរសជាតិខុសៗគ្នាចំពោះអាហារដែលបរិភោគនៅពេលធ្វើការ ដោយប្រៀបធៀបរវាងភាគខាងជើងនិងភាគខាងត្បូង ឬរវាងធ្នេរភាគខាងកើតនិងធ្នេរភាគខាងលិច ដោយរៀបចំនូវអ្វីដើម្បីបរិភាគសម្រាប់អាហារពេលព្រឹក ហើយក៏មានការរៀបចំសម្រាប់អាហារពេលល្ងាចដែរ ។ ភាពខុសគ្នានៃកត្តាភូមិសាស្ត្រទាំងនោះ គឺកើតមានជាទូទៅនៅជុំវិញពិភពលោក ។ ឧទាហរណ៍ដូចជា នៅចក្រភពអង់គ្លេសអ្នករស់នៅភាគខាងជើងមានចំណូលចិត្តខ្ទឹមបារាំងជ្រក់ ឬខ្ទឹមបារាំងត្រាំពណ៌ស ប៉ុន្តែអ្នករស់នៅភាគខាងត្បូងវិញ បែរជាមានចំណូលចិត្តខ្ទឹមបារាំងជ្រក់ ឬខ្ទឹមបារាំងត្រាំពណ៌ត្នោតទៅវិញ ។ នៅក្នុងប្រទេសបារាំងមានមនុស្សខ្លះ ចូលចិត្តផឹកក្រូចពោធិសាត់នៅអាហារពេលព្រឹក ប៉ុន្តែមានមនុស្សភាគច្រើននៃតំបន់ដទៃទៀត ពួកគេនឹងធ្វើដូច្នេះនៅក្នុងកំឡុងពេលថ្ងៃសដោយផឹកវាដូចជា សម្រាប់បំបាត់ការស្រេកទឹកទៅវិញ ។ កត្តាភូមិសាស្ត្រវាបានធ្វើឲ្យមានការជះឥទិ្ធពលផងដែរទៅលើការសម្រេចចិត្តរបស់អតិថិជន ។
- កត្តាវណ្ណៈសង្គម ការញែកឲ្យឃើញនូវភាពខុសគ្នាជាទម្លាប់មួយ ត្រូវបានប្រើប្រាស់ដោយអ្នកប្រតិបត្តិការម៉ាឃីធីង គឺវណ្ណៈនៅក្នុងសង្គម ។ ផ្អែកទៅលើសង្គមក្រោមការគិតពិចារណាដោយតួនាទី និងភាពសំខាន់នៃវណ្ណៈក្នុងសង្គមគឺជាការទទួលមរតកនូវតំណែង ដោយធ្វើការតែងតាំងពីកំណើត ឬដោយលក្ខណៈជាប្រពៃណី ។ ផ្សេងពីនេះទៀតកម្រិតនៃការឈរក្នុងសង្គម គឺមានការទាក់ទងយ៉ាងជិតស្និទ្ធជាមួយនឹងមុខងាររបស់បុគ្គល ឬកម្រិតនៃការទទួលប្រាក់ចំណូល ។ វាជាទម្លាប់ក្នុងការសន្មតថា អ្នកដែលមានវណ្ណៈខ្ពស់ជាដំបូងតែងតែព្យាយាមប្រើប្រាស់ផលិតផលថ្មីៗ ដែលនៅខណៈនោះមានការរារែកក្នុងការប្រើប្រាស់ផលិតផលថ្មីសម្រាប់អ្នកមានវណ្ណៈទាបទៅវិញ ។ ដូច្នេះ ការសម្រេចចិត្តរបស់អតិថិជនក៏រងឥទិ្ធពលពីកត្តាវណ្ណៈសង្គមផងដែរ ។
- កត្តាវប្បធម៌ គឺជាកត្តាសំខាន់ផ្សេងមួយទៀត ដែលមានឥទិ្ធពលទៅលើឥរិយាបថអតិថិជន ហើយការកត់សម្គាល់សំខាន់មួយ គឺទាក់ទងទៅនឹងជនជាតិនីមួយៗ ។ វប្បធម៌ជនជាតិអាស៊ី ខុសគ្នានឹងវប្បធម៌ជនជាតិអឺរ៉ុប ។ នៅពេលបច្ចុប្បន្ននេះ មានអ្នកប្រតិបត្តិការម៉ាឃីធីងមួយចំនួន បានចាប់ផ្តើមស្វែងយល់ដែលធ្វើការផ្តោតជាពិសេសទៅលើសហគមន៍អាចមានតម្លៃជាទូទៅ ។ ទោះបីជាយ៉ាងណាក៏ដោយ ក៏ការបញ្ចូលមនុស្សគ្រប់រូបចូលទៅក្នុងកន្ត្រកមួយគឺជាកំហុសមួយ ដោយយោងទៅលើយោបល់របស់អ្នកស្រាវជ្រាវម្នាក់ ។ ឧទាហរណ៍ ជនជាតិអាមេរិកមានដើមកំណើតវៀតណាម គឺពួកគេចង់បានឲ្យមានព័ត៌មានជាច្រើនអំពីផលិតផល ដើម្បីជួយពួកគេក្នុងការធ្វើសេចក្តីសម្រេចចិត្ត ។ ពួកគេជាអ្នកអានព័ត៌មានអំពីផលិតផល ដោយសង្ឃឹមថាអ្នកផ្សព្វផ្សាយពាណិជ្ជកម្មធ្វើការបញ្ចុះបញ្ចូលពួកគេ ដោយធ្វើការពន្យល់ថា តើផលិតផលនឹងផ្តល់អត្ថប្រយោជន៍ដល់ពួកគេយ៉ាងដូចម្តេច ។ ជនជាតិអាមេរិកមានដើមកំណើតកូរ៉េ ជាអ្នកមានភក្តីភាពយ៉ាងខ្លាំងចំពោះផ្លាកសញ្ញាផលិតផល នឹងត្រូវបានចាប់អារម្មណ៍ទៅលើគុណភាព នឹងឈ្មោះផ្លាកសញ្ញាដែលល្បីឈ្មោះ ។ ជនជាតិអាមេរិកដើមកំណើតចិននាពេលបច្ចុប្បន្ននេះ ដែលធ្វើអន្តោប្រវេសន៍ហុងកុង និងតៃវ៉ាន់ចូលចិត្តអាន និងមើលប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាភាសាចិន ទោះបីជាពួកគេចេះអាន និងយល់ភាសាអង់គ្លេសក៏ដោយ ។ អ្នកប្រតិបត្តិការម៉ាឃីធីងត្រូវយកភាពខុសគ្នាទាំងនេះយកមកគិត នៅពេលដែលចែកក្រុមអតិថិជនគោលដៅ ។ លើសពីនេះទៅទៀត ត្រូវយកចិត្តទុកដាក់ជាចម្បងនៅពេលធ្វើការប្រាស័យទាក់ទងជាមួយក្រុមមនុស្ស ដែលទទួលវប្បធម៌អំពីគេ ។ ដូច្នេះ ការជះឥទ្ធិពលខាងវប្បធម៌ក៏អាចត្រូវបានលើកយកមកពិចារណាសម្រាប់ផលប៉ះពាល់ទៅលើការធ្វើសសេចក្តីសម្រេចចិត្តរបស់អតិថិជនផងដែរ ។
- សម្ពាធឋានៈស្មើគ្នា ជាមួយនឹងវប្បធម៌ និងការទទួលវប្បធម៌ពីគេដោយមានការរងឥទ្ធិពលដ៏ខ្លាំងនៅកន្លែងធ្វើការទាមទារដោយសមាជិកទាំងឡាយ ដើម្បីអនុលោមទៅតាមគ្រប់តម្លៃទាំងអស់នៃក្រុមរបស់ពួកគេ ។ ប្រហែលជាក្រុមដែលមានឋានៈស្មើគ្នា ដែលមានឥទ្ធិពលដ៏សំខាន់ គឺជាក្រុមគ្រួសារ ។ ចាប់តាំងពីរចនាសម្ព័ន្ធគ្រួសារអាចមានទំហំផ្សេងៗគ្នា រវាងប្រទេសនានា វប្បធម៌នានា និងការទទួលវប្បធម៌ផ្សេងៗអំពីគេ ដោយធ្វើការវិភាគរចនាសម្ព័ន្ធគ្រួសារនៃអ្នកប្រើប្រាស់អាចជាចំណុចយ៉ាងសំខាន់ ។ ឧទាហរណ៍នាពេលបច្ចុប្បន្ននេះ ប្រទេសមួយចំនួន ការបង្កើតសមាជិកគ្រួសារគឺមានកម្រិត ដោយនៅខណៈនេះគ្រួសារដែលមានទំហំធំ មានចំនួនសមាជិកគ្រួសារច្រើន អាចមានឥទ្ធិពលទៅលើការធ្វើសេចក្តីសម្រេចចិត្តរបស់បុគ្គល ។ ដូច្នេះ សម្ពាធឋានៈស្មើគ្នាមានការជះឥទ្ធិពលទៅលើការធ្វើសេចក្តីសម្រេចចិត្តរបស់អតិថិជន ។
- កត្តាចិត្តសាស្ត្រ សកម្មភាព និងជម្រើសរបស់មនុស្សម្នាក់ៗ គឺត្រូវបានទទួលឥទ្ធិពលពីផ្នែកផ្សេងៗនៃកម្លាំងខាងក្នុង ។ ឥទ្ធិពលចិត្តសាស្រ្ត រួមបញ្ចូលទាំងការជំរុញ និងតម្រូវការរបស់មនុស្ស ដោយពាក់ព័ន្ធជាមួយនឹងការសម្រេចចិត្ត សញ្ញាខន្ធ បទពិសោធដែលបានសិក្សា អាកប្បកិរិយា និងចរិកលក្ខណៈបុគ្គល ។ ឥទ្ធិពលចិត្តសាស្ត្របែបនេះប៉ះពាល់ដល់ក្រុមឥរិយាបថ ដោយរួមបញ្ចូលទាំងឥរិយាបថអតិថិជនទៀតផង ។ កត្តាចិត្តសាស្រ្តក៏អាចជះឥទ្ធិពលយ៉ាងសំខាន់ដែរ ចំពោះការធ្វើសេចក្តីសម្រេចចិត្តរបស់អតិថិជន ។ ជាឧទាហរណ៍ មានផលិតផលមួយប្រភេទបានចរាចរលក់នៅលើទីផ្សារយ៉ាងសកម្ម ក៏ប៉ុន្តែមានពេលមួយនោះមានការលេចចេញព័ត៌មានថាទំនិញនោះធ្វើឲ្យប៉ះពាល់ដល់សុខភាព ពេលនោះការលក់របស់ក្រុមហ៊ុននឹងអាចធ្លាក់ចុះ បើសិនជាគេមិនរកវិធានការទប់ទល់ទេនោះ ។ ដូច្នេះ កត្តាចិត្តសាស្ត្រមានភាពរំញេាចយ៉ាងខ្លាំងទៅលើកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន ដែលក្រុមហ៊ុនទាំងឡាយគួរយកចិត្តទុកដាក់ ។ កត្តាចិត្តសាស្រ្តធ្វើឲ្យមានផលប៉ះពាល់យ៉ាងខ្លាំង ដែលឥទ្ធិពលនេះកើតមានទៅលើការធ្វើសេចក្តីសម្រេចចិត្តរបស់អតិថិជន។