Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
ទីផ្សារ
2019-08-15 09:33

ដំណើរការនៃការសម្រេចចិត្តទិញរបស់អ្នកប្រើប្រាស់ចែកចេញជា៥ដំណាក់កាលគឺ ៖

  • ការទទួលស្គាល់ពីបញ្ហា ៖ ការយល់ដឹងពីតម្រូវការមួយ

គឺជាជំហានដំបូងក្នុងការសម្រេចចិត្តទិញ គឺជាការយល់ដឹងពីភាពខុសគ្នារវាងគំនិតនៃបុគ្គលម្នាក់ទៅនឹងស្ថានការណ៍ពិតប្រាកដ ដែលល្មមគ្រប់គ្រាន់ ហើយជាគន្លឹះនៃការសម្រេចចិត្ត ។ បញ្ហានេះ យើងអាចស្វែងយល់បានយ៉ាងសាមញ្ញដូចជាប្រអប់ទឹកដោះគោទទេ ដែលអ្នកបានទិញនៅក្នុងទូទឹកកក សម្លៀកបំពាក់ដែលសិស្សនៅវិទ្យាល័យម្នាក់ស្លៀកពាក់ខុសពីឯកសណ្ឋានដែលសាលាបានកំណត់ អ្វីៗទាំងនេះវាបានធ្វើឲ្យអ្នកដែលបានជួបប្រទះមានការចាប់អារម្មណ៍យ៉ាងខ្លាំង ។ នៅក្នុងមុខវិជ្ជាម៉ាឃីធីង ការផ្សាយពាណិជ្ជកម្ម ឬការប្រើប្រាស់ អ្នកលក់អាចធ្វើឲ្យសកម្មឡើងនូវការសម្រេចចិត្តរបស់អ្នកទិញម្នាក់ ដោយដំណើរការផ្សាយនេះបានបង្ហាញពីគុណវិបត្តិទាំងឡាយ​របស់ផលិតផលប្រកួតប្រជែង ។

  • ការស្រាវជ្រាវព័ត៌មាន ៖ ការស្វែងរកពីតម្លៃ

បន្ទាប់ពីចាប់យកបញ្ហាមួយហើយ អតិថិជនម្នាក់ៗចាប់ផ្តើមស្រាវជ្រាវ​ស្វែងយល់ពីព័ត៌មាន​ ។ អតិថិជនត្រូវធ្វើការស្វែងរកព័ត៌មានឲ្យបានគ្រប់គ្រាន់ជាមុនសិន ដើម្បីធ្វើឲ្យប្រាកដថាទំនិញ ឬសេវាដែលពួកគេនឹងបម្រុងនឹងទិញនោះ ពិតជាទំនិញ ឬសេវាដែលពួកគេកំពុងតែស្វែងរកឬទេ ។ ព័ត៌មានទាំងនេះមានទាំងពីខាងក្នុង និងពីខាងក្រៅ ។ ព័ត៌មានពីខាងក្នុង គឺជាការរំលឹកចងចាំពីផលិតផលមួយ ឬផ្លាកសញ្ញានៃផលិតផល រីឯព័ត៌មានពីខាងក្រៅគឺទាក់ទងទៅនឹងប្រភពបី ៖

ទី១ ៖ ប្រភពពីបុគ្គលម្នាក់ៗ មានដូចជាការសាកសួរពីសាច់ញាតិ មិត្តភក្តិ ដែលអ្នកនោះជាអតិថិជន ។

ទី២ ៖ ប្រភពមកពីទីសាធារណៈ ដែលក្នុងនោះរួមមាន របាយការណ៍ស្តីពីអតិថិជន ពីភ្នាក់ងាររដ្ឋ ឬពីកម្មវិធី TV ។

ទី៣ ៖ ការស្រាវជ្រាវពីប្រភពដែលផ្តល់ដោយអ្នកទីផ្សារ ដូចជា ព័ត៌មានដែលផ្តល់ពីអ្នកលក់ ការផ្សព្វផ្សាយ និង ការប្រើប្រាស់បុគ្គលិកលក់ ។ល។

  • ការវាយតម្លៃជម្រើស

ក្រៅពីផ្លាកសញ្ញាដែលអាចមាននៃផលិតផល អតិថិជននឹងយល់ដឹងនូវចំណែកមួយប៉ុណ្ណោះ ហើយក្នុងចំណោមទាំងនោះ អតិថិជននឹងចាត់ទុកជាការពិចារណាសិន ពីព្រោះនៅទីបញ្ចប់ពួកគេហើយសម្រេចចិត្តជ្រើសរើសយកមួយក្នុងចំណោមទំនិញ ឬសេវានៃជម្រើសចុងក្រោយ ដែលអតិថិជនធ្វើការពិចារណយ៉ាងពិតប្រាកដ មុននឹងឈានទៅធ្វើការជ្រើសរើស ហើយផ្សេងពីនេះនឹងត្រូវបានបដិសេធ ។ ការសម្រេចចិត្តបដិសេធចោលទំនិញ ឬសេវាទាំងនោះ អាចអាស្រ័យទៅលើហេតុផលថ្លៃខ្ពស់ពេក ឬគុណភាពទាប ឬអន់ពេក ។

  • ការសម្រេចចិត្តទិញ

ពេលនេះឈានចូលដល់ដំណាក់កាលថ្មីមួយទៀតនៃដំណើរការទិញ គឺជាការសម្រេចចិត្តក្នុងការជ្រើសរើសទិញយកផលិតផលអ្វីមួយ ដើម្បីប្រើប្រាស់ ឬយកទៅលក់បន្ត ។ ក្នុងដំណាក់កាលនេះ មានជម្រើសចំនួនពីរយ៉ាងចម្បងៗគឺ ៖

ទី១ ៖ តើអ្នកទិញទំនិញនោះពីអ្នកណា​ ?

ទី២ ៖ តើពេលណាដែលយើងត្រូវទិញផលិតផលនោះ ?

ចំពោះការជ្រើសរើសថាតើត្រូវទិញពីអ្នកណានោះ វាទាក់ទងទៅនឹងដំណើរការនៃការស្រាវជ្រាវព័ត៌មាន ការតាំងបង្ហាញពីកន្លែងលក់ដែលងាយទិញបាន និងការបង្ហាញនូវគំរូម៉ូតនៃផលិតផលច្រើនយ៉ាង ។ ការទិញនេះវាក៏ទាក់ទងទៅនឹងអ្នកលក់ដែលមានបទពិសោធន៍ពាក់ព័ន្ធនឹងការផ្សព្វផ្សាយ និងគោលនយោបាយរបស់ក្រុមហ៊ុនផងដែរ ។​ រីឯការសម្រេចចិត្តថាពេលណាដែលត្រូវទិញនោះ ជាញឹកញាប់វាត្រូវបានកំណត់ដោយហេតុផលមួយនៃកត្តានានាដូចជា កត្តាពេញចិត្តចំពោះផ្លាកសញ្ញា កត្តាធ្លាប់ទិញពីមុន កត្តាលើកទឹកចិត្តបញ្ចុះបញ្ចូលរបស់អ្នកលក់ ពេលវេលាដែលត្រូវបង្ខំ និងកត្តាហិរញ្ញវត្ថុរបស់អតិថិជន ។

  • ឥរិយាបថក្រោយពីទិញ

បន្ទាប់ពីការទិញត្រូវបានធ្វើរួចហើយ ផលិតផលនោះត្រូវបានប្រើប្រាស់ ។ អ្នកប្រតិបត្តិម៉ាឃីធីងគួររក្សាភាពជិតស្និទ្ធ ឬមានទំនាក់ទំនងជាបន្តទៀតជាមួយនឹងអ្នកប្រើប្រាស់​ ។ បន្ទាប់ពីបានទិញរួចហើយ អ្នកទិញនឹងធ្វើការប្រៀបធៀបទំនិញដែលគេបានទិញ ទៅនឹងការរំពឹងទុកជាមុនរបស់ពួកគេលើផលិតផលទាំងនោះ ហើយគេនឹងកំណត់ថា តើគេពេញចិត្ត ឬពុំពេញចិត្តលើទំនិញដែលបានទិញ ។ ប្រសិនបើអតិថិជនមិនពេញចិត្តចំពោះផលិតផលនោះទេ អ្នកម៉ាឃីធីងត្រូវតែពិចារណាថា មូលហេតុអ្វីដែលធ្វើឲ្យអតិថិជនមិនពេញចិត្តនឹងផលិតផលនោះ ។ បើសិនជាមានការពុំពេញចិត្តពីអតិថិជនចំពោះផលិតផលរបស់យើង នោះយើងត្រូវមានការផ្លាស់ប្តូរ នូវការរៀបចំការកែតម្រូវពីទម្រង់នៃផលិតផល ។ ដូច្នេះក្រោយពីការលក់រួចហើយ អ្នកប្រតិបត្តិុម៉ាឃីធីងត្រូវតែតាមដាន​ និងមានទំនាក់ទំនងនៅឲ្យកៀកនឹងអតិថិជនជាបន្តទៀត ដើម្បីឲ្យដឹងថា តើផលិតផលរបស់យើងមានអ្វីនៅខ្វះខាត ដើម្បីធ្វើការកែលម្អ ។ គោលបំណងរបស់អ្នកប្រតិបត្តិម៉ាឃីធីង គឺធ្វើដូចម្តេចដើម្បីបំពេញចិត្តអតិថិជននៅគ្រប់ពេលវេលាទាំងអស់ មិនមែនបំពេញចិត្តតែពេលលក់នោះទេ ។ ដូច្នេះ គេត្រូវធ្វើឲ្យអ្នកទិញពេញចិត្តផងដែរ នៅពេលដែលទិញទំនិញ ឬសេវារួចហើយ ដើម្បីឲ្យពួកគាត់អាចនឹងទិញទំនិញ ឬសេវាជាបន្តទៀត ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login