ការវិភាគក្រុមហ៊ុនអាចពាក់ព័ន្ធដល់ផ្នែកបួនគឺ ៖
- ផ្នែកទីមួយ ៖ គឺវប្បធម៌របស់ក្រុមហុ៊ន ។ វប្បធម៌គឺជាព្រលឹងរបស់ក្រុមហ៊ុន ។ វាជាទស្សនៈ មនោគមវិជ្ជា និងតម្លៃ ដែលសាយភាយពាសពេញអង្គភាពទាំងមូល ។ អ្នកគ្រប់គ្រងថ្នាក់ខ្ពស់មានឥទ្ធិពលយ៉ាងច្រើនក្នុងការបង្កើត និងថែរក្សាវប្បធម៌បែបនេះ ។ ទិដ្ឋភាពខ្លះៗនៃវប្បធម៌រួមមាន ភាពផ្លូវការទល់នឹងភាពមិនផ្លូវការ ភាពជាបុគ្គលទល់នឹងក្រុមការងារ ការបែរឆ្ពោះទៅរកការងារទល់នឹងការបែរឆ្ពោះទៅរកមនុស្ស ។ វប្បធម៌របស់ក្រុមហ៊ុនផ្តល់ឲ្យមនុស្សនូវសុភនិច្ឆ័យនៃការតម្រង់ទិស និងច្បាប់ឥរិយាបថមិនផ្លូវការ ។ វាជាការចងចាំត្រូវពិនិត្យថា តើក្រុមហ៊ុនមាននូវវប្បធម៌មិនផ្លាស់ប្តូរ (ជាក់លាក់)ឬទេ ។ ប្រសិនបើអ្នកគ្រប់គ្រងខុសៗគ្នា ដែលស្ថិតក្នុងសិទ្ធិអំណាចប្រកាន់យកនូវតម្លៃដែលទំនាស់គ្នា វានឹងនាំទៅដល់ទំនាស់អំពីគោលនយោបាយ និងគោលបំណង ហើយយុទ្ធសាស្ត្រដែលបានជ្រើសរើសណាមួយនោះនឹងខ្វះសហប្រតិបត្តិការ និងការតស៊ូរបស់អ្នកប្រតិបត្តិទាំងអស់ ។ វាក៏ត្រូវការផងដែរថា តើមានសង្គតិភាព (ភាពស្របគ្នា ភាពចុះសម្រុងគ្នា) រវាងវប្បធម៌របស់ក្រុមហ៊ុន និងយុទ្ធសាស្ត្ររបស់វាឬទេ ។
- ផ្នែកទីពីរ ៖ គឺពិនិត្យរចនាសម្ព័ន្ធ និងប្រព័ន្ធរបស់ក្រុមហ៊ុន ។ មានវិធីបួនយ៉ាងក្នុងការចាត់ចែងសកម្មភាពម៉ាឃីធីងនៃក្រុមហ៊ុន គឺរចនាសម្ព័ន្ធតាមមុខងារ តាមទីផ្សារ ឬឧស្សាហកម្ម តាមផលិតផល ឬតាមម៉ាទ្រិក្ស ។ រចនាសម្ព័ន្ធចាត់តាំងដែលបានជ្រើសរើស គឺត្រូវតែសមស្របជាមួយនឹងទីផ្សារដែលបម្រើ និងជាមួយនឹងផលិតផលដែលផ្តល់ដោយក្រុមហ៊ុន ។ វាមានសារៈសំខាន់ផងដែរសម្រាប់ក្រុមហ៊ុន ក្នុងការមានរចនាសម្ព័ន្ធបញ្ចូលគ្នាមួយ ដែលនោះគឺអ្នកគ្រប់គ្រងដែលទទួលខុសត្រូវផ្នែកផ្សេងៗនៃម៉ាឃីធីងចម្រុះ ត្រូវតែធ្វើរបាយការណ៍ទៅអ្នកគ្រប់គ្រងថ្នាក់ខ្ពស់ ដែលជាអ្នកមើលទូទៅ និងជាអ្នកធ្វើឲ្យប្រាកដថា កម្មវិធីម៉ាឃីធីងនៃក្រុមហ៊ុនគឺមានលក្ខណៈបញ្ចូលគ្នា និងមិនផ្លាស់ប្តូរ ។ ដើម្បីចាត់ចែងការងារដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិ ក្រុមហ៊ុនត្រូវតែមានប្រព័ន្ធព័ត៌មានល្អ និងប្រព័ន្ធត្រួតពិនិត្យល្អ ។ ប្រព័ន្ធទាំងនេះគួរត្រូវបានវាយតម្លៃជាទៀងទាត់ ដើម្បីធានាថាវាផ្តល់នូវជំនួយយ៉ាងល្អដល់អ្នកគ្រប់គ្រងម៉ាឃីធីង ។
- ផ្នែកទីបី ៖ គឺវាយតម្លៃធនធានរបស់ក្រុមហ៊ុន ។ ត្រូវប៉ាន់ប្រមាណឲ្យបានម៉ត់ចត់នូវសមត្ថភាពម៉ាឃីធីង សមត្ថភាពហិរញ្ញវត្ថុ សមត្ថភាពផលិតកម្ម និងសមត្ថភាពគ្រប់គ្រង ។
- ផ្នែកទីបួន ៖ គឺការវិភាគការសម្តែងសកម្មភាពរបស់ក្រុមហ៊ុន ។ ត្រូវពិនិត្យមើលការលក់ អត្រាទីផ្សារការ ចំណាយ និងប្រាក់ចំណេញនៃផលិតផលរបស់ក្រុមហ៊ុន ទាំងជាសរុប និងទាំងបែងចែកតាមចំណែកទីផ្សារ តាមច្រកបែងចែក និងតាមផលិតផល ឬផ្លាកសញ្ញា ។ ក៏ត្រូវសិក្សាផងដែរនូវការយល់ដឹងអំពីអតិថិជន អាកប្បកិរិយា និងកម្រិតនៃការពេញចិត្តនឹងផលិតផល ឬផ្លាកសញ្ញារបស់ពួកគេ ។