Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៩១- ដើម្បីទទួលបានការងារល្អប្រសើរឈានទៅអភិវឌ្ឍអាជីពក្នុងពេលអនាគតតើយុវជនគួរតែត្រៀមខ្លួនដូចម្តេចខ្លះ ?

៩២-​ មតិភាគច្រើនយល់ថា "ការខិតខំបំពេញការងារនិងទទួលបានប្រាក់បៀវត្សរ៍ច្រើនគឺជាការគ្រប់គ្រាន់សម្រាប់ជីវិតការងាររបស់បុគ្គលម្នាក់ៗ”។ តើអ្នកយល់យ៉ាងណាដែរ ?

៩៣- អ្នកប្រាកដជាធ្លាប់មានក្តីសុបិនតាំងពីក្មេង ដើម្បីក្លាយខ្លួនជាបុគ្គលជោគជ័យក្នុងមុខរបរ ឬអាជីពអ្វីមួយ តើអ្នកមានវិធីដូចម្តេចដើម្បីសម្រេចនូវគោលដៅនៃក្ដីសុបិននោះ ?

៩៤- យើងដឹងថាកម្លាំងពលកម្មនៅតាមទីជនបទភាគច្រើនក្នុងប្រទេសកម្ពុជា បានសម្រេចចិត្តធ្វើចំណាកស្រុកដោយប្រថុយប្រថាននិងខុសច្បាប់ទៅធ្វើការនៅប្រទេសជិតខាងដោយយោងហេតុផលថាការងារ នៅក្នុងប្រទេសកម្ពុជាមានតម្លៃទាប និងពិបាកស្វែងរកខណៈពេលស្ថានភាពជាក់ស្តែងការងារនៅក្នុងប្រទេសកំពុងមានតម្រូវការកម្លាំងពលកម្មជាច្រើនលើគ្រប់វិស័យ។ ប្រសិនបើ អ្នកជាភ្នាក់ងារផ្នែកផ្តល់សេវាការងារសាធារណៈ តើអ្នកមានវិធីសាស្រ្តបែបណាក្នុងការជួយជ្រោមជ្រែងដល់កម្លាំងពលកម្មទាំងនោះ ?

៩៥- មតិមួយពោលថា“ការសិក្សាផងធ្វើការបន្ថែមផងក្នុងពេលដំណាលគ្នាជាមាគ៌ាឆ្ពោះទៅឱកាសការងារកាន់តែទូលាយ” ចូរបកស្រាយ។

ចម្លើយ

៩១- អាជីពសម្រាប់មនុស្សម្នាក់មានន័យថាជាការបំពេញការងារដោយប្រើប្រាស់ចំណេះដឹង និងជំនាញជាក់លាក់ ហើយបន្តអនុវត្តក្នុងរយៈពេលយូរ (ឬពេញមួយជីវិតការងារ ) ចំពោះមុខរបរឬការងារមួយប្រភេទ ដែលទទួលបាននូវវឌ្ឍនភាពក្នុងតួនាទីការទទួលខុសត្រូវលទ្ធផល និងភាពជោគជ័យក្នុងការងារនោះ។ ក្នុងន័យនេះការជ្រើសរើសការងារ ឬមុខរបរត្រូវតែរិះគិតពីគោលដៅអនាគតឱ្យបានហ្មត់ចត់ដោយត្រូវចោទសួរខ្លួនឯងថា តើចង់ជ្រើសយកការងារមួយ ដែលមានគោលដៅទ័លច្រកឬក៏ជ្រើសយកការងារដែលអាចអភិវឌ្ឍជាអាជីពសម្រាប់គោលដៅយូរអង្វែង ?

ដើម្បីទទួលបានការងារ និងអភិវឌ្ឍអាជីពយុវជនគួរពិនិត្យលើចំណុចខ្លះៗដូចខាងក្រោម ៖

  • គិតរៀបចំផែនការអាជីពឱ្យបានកាន់តែលឿនកាន់តែប្រសើរ ដោយគិតចាប់ពីការសិក្សានៅកម្រិតអប់រំ ចំណេះទូទៅ។
  • ជ្រើសរើសមុខវិជ្ជាសិក្សាបន្តតាមរយៈជម្រើសការអប់រំឧត្តមសិក្សា ឬការបណ្តុះបណ្តាលបច្ចេកទេស និង វិជ្ជាជីវៈដោយពិនិត្យលើចំណូលចិត្តនិងលទ្ធភាពរបស់ខ្លួន។
  • ស្វែងយល់ពីព័ត៌មានទីផ្សារការងារឱ្យបានទូលំទូលាយ ដើម្បីវិភាគរកភាពស៊ីចង្វាក់គ្នារវាងជម្រើសមុខវិជ្ជាសិក្សា និងតម្រូវការទីផ្សារការងារ។
  • ក្នុងពេលកំពុងសិក្សាត្រូវខិតខំស្រូបយកចំណេះដឹង និងបំប៉នជំនាញឱ្យបានពេញលេញ ដើម្បីបង្កើនភាពប្រកួតប្រជែងនិងសក្តានុពល។
  • ស្វែងរកឱកាសធ្វើកម្មសិក្សាការងារស្ម័គ្រចិត្ត និងការងារក្រៅម៉ោង ដើម្បីទទួលបទពិសោធន៍ ចំណេះធ្វើសម្រាប់ត្រៀមរកការងារ។
  • ក្នុងពេលស្វែងរកការងារត្រូវរៀបចំខ្លួនឱ្យបានល្អដោយផ្តោតលើការស្វែងយល់ពីប្រភពការងារ វិធីស្វែងរកការងារ ការរៀបចំប្រវត្តិរូបនិងពាក្យស្នើសុំការងារ ការត្រៀមសម្ភាសការងារ និងការបង្កើតជម្រើសការងារសម្រាប់ខ្លួនឯងឱ្យបានច្រើន។
  • ពេលទទួលបានការងារត្រូវខិតខំបំពេញការងារ ប្រកបដោយភាពហ្មត់ចត់ការទទួលខុសត្រូវខ្ពស់សីលធម៌ វិជ្ជាជីវៈ និងយកចិត្តទុកដាក់ថែរក្សាការងារឱ្យបានជាប់លាប់។
  • ត្រូវយល់ដឹងពីវប្បធម៌កន្លែងការងារ និងប្រើប្រាស់ទាំងជំនាញបច្ចេកទេស និងជំនាញទន់ឲ្យអស់ពីសមត្ថភាពដើម្បីសម្របខ្លួនក្នុងបរិបទការងារ និងមានទំនាក់ទំនងល្អជាមួយអ្នកជុំវិញខ្លួន។
  • មិនគួរគិតបារម្ភខ្លាំងពេកអំពីប្រាក់ខែ ឬអត្ថប្រយោជន៍ផ្សេងៗ ដែលរំពឹងចង់បានពីក្រុមហ៊ុន ឬកន្លែងការងារខណៈពេលដែលសមត្ថភាពរបស់ខ្លួនមិនបានឆ្លើយតបតាមតម្រូវការរបស់និយោជក។
  • ត្រូវគិតថាការរក្សាការងារបានជាប់លាប់ សម្រេចបានលទ្ធផលនិងទទួលនូវទំនុកចិត្តពីនិយោជក គឺជា មធ្យោបាយដ៏ចម្បង និងសំខាន់បំផុតសម្រាប់កសាងអាជីពនិងភាពជោគជ័យនៅលើមាគ៌ានេះ។

៩២- គោលដៅរបស់មនុស្សភាគច្រើន គឺរំពឹងចង់បានការងារ ដែលខ្លួនចូលចិត្តហើយរកប្រាក់ចំណូលបានច្រើន សម្រាប់បំពេញតម្រូវការផ្ទាល់ខ្លួន និងការរស់នៅប្រចាំថ្ងៃ។ យើងមិនបដិសេធទេថាប្រាក់ឬធនធាន គឺជាមធ្យោបាយដ៏សំខាន់ក្នុងការធានានូវតម្រូវការមូលដ្ឋានចាំបាច់របស់មនុស្ស (Basic Human Needs) រាប់ទាំងចំណីអាហារសម្លៀក បំពាក់ទីជម្រកសុខភាពអនាម័យ និងការអប់រំជាដើម។ ប៉ុន្តែយើងក៏ត្រូវទទួលស្គាល់ដែរថាតម្រូវការរបស់មនុស្ស ពិតជាគ្មានដែនកំណត់អាចវាស់វែងបាន ហើយមានលក្ខណៈខុសប្លែកពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ឬពីសង្គមមួយទៅសង្គមមួយទៀត។ ដូច្នេះការកំណត់យកមូលបទប្រាក់បៀរវត្សតែម្យ៉ាង ដើម្បីវាស់វែងពីភាពស្កប់ចិត្តរបស់មនុស្ស គឺពិត! ជាលំបាកនិងមិនអាចអនុវត្តជាទូទៅបានឡើយ។

ដោយឡែកសម្រាប់ហេតុផលប្រាក់បៀវត្សរ៍និងជីវិតការងារគេគួរពិចារណាលើចំណុចខ្លះៗដូចខាងក្រោម ៖

  • ជ្រើសរើសការងារ ដែលអាចធានាផ្គត់ផ្គង់គ្រប់គ្រាន់នូវតម្រូវការមូលដ្ឋានចាំបាច់សម្រាប់ការរស់នៅ និងមិនមានការបារម្ភពីការខ្វះខាតឬបាត់បង់ការងារ ។
  • ជ្រើសរើសការងារដែលខ្លួនចូលចិត្តពិតប្រាកដហើយអាចពុះពារបំពេញលុះត្រាសម្រេចលទ្ធផលទោះបីមានការលំបាកឬឧបសគ្គក៏ដោយ។
  • ថ្លឹងថ្លែងរវាងនិរន្តរភាពការងារនិងប្រាក់បៀវត្សរ៍ ឧទាហរណ៍៖ តើគួរជ្រើសយកការងារដែលមានដំណើរ ទ័លច្រកឬរងសម្ពាធខ្លាំងប៉ុន្តែមានប្រាក់បៀវត្សរ៍ច្រើន ? ឬក៏ជ្រើសយកការងារ ដែលមានជំនក់ចិត្តក្នុងការបំពេញហើយអាចបន្តដំណើរលើមាគ៌ាអាជីពដ៏វែងឆ្ងាយទោះបីប្រាក់ចំណូលមិនច្រើនលើសលប់ក៏ដោយ ?
  • ម្យ៉ាងទៀតគួរពិចារណាថាសារសំខាន់បំផុតសម្រាប់មនុស្សគ្រប់គ្នាក្នុងវ័យបំពេញការងារគឺការបង្កើតនូវតុល្យភាពរវាងការងារ និងជីវភាពរស់នៅ។ បានន័យថាយើងមិនអាចទទួលរងនូវសម្ពាធការងារ ឬភាពតប់ប្រមល់ពេញមួយជីវិតការងារបានឡើយ ពីព្រោះកត្តានេះពាក់ព័ន្ធជាចាំបាច់ចំពោះសុខភាពស្រុកមង្គល របស់បុគ្គលផ្ទាល់ខ្លួន។
  • ផ្ទុយទៅវិញប្រសិនមនុស្សម្នាក់ជ្រើសរើសបំពេញការងារមួយ ដែលខ្លួនចូលចិត្តពិតប្រាកដហើយការងារ នោះបានផ្ដល់ត្រឡប់មកវិញនូវភារពញចិត្ត ឬការសប្បាយចិត្ត ទោះបីជាទទួលបានប្រាក់បៀវត្សរ៍មិនច្រើនយ៉ាងណាក្តីក៏ចាត់ជាជម្រើសដ៏ល្អសម្រាប់អភិវឌ្ឍអាជីពទៅថ្ងៃអនាគត។

៩៣- ក្តីសុបិនអ្វីម្យ៉ាង គឺជាចំណុចចាប់ផ្តើមនៃការឈានឆ្ពោះទៅកំណត់គោលដៅអាជីពឬជីវិតរបស់បុគ្គលគ្រប់រូប។ យុវជនអាចមានក្តីសុបិនមួយឬច្រើន ដែលចង់នាំខ្លួនឯងឱ្យដល់គោលដៅអ្វីមួយ ឬក្លាយជាបុគ្គលណាម្នាក់ក្នុងពេល អនាគតតាមរយៈការប្រឡូកក្នុងជីវិតការងាររបស់ខ្លួន។ ប៉ុន្តែក្តីសុបិនក្នុងដំណាក់កាលយុវវ័យ ច្រើនតែពុំសូវមានភាព ច្បាស់លាស់ និងអាចរក្សាបាននូវចំណាប់អារម្មណ៍ជាយូរអង្វែងនោះឡើយ។ ពោលគឺមានការប្រែប្រួលតាមវឌ្ឍនាការរបស់វ័យ និងបទពិសោធន៍ដែលបានឆ្លងកាត់ក្នុងជីវិត។

         ប្រសិនអ្នកមានគោលបំណងចង់ធ្វើអ្វីមួយឬក្លាយជាបុគ្គលណាមួយអ្នកគួររៀបចំផែនការអាជីពឱ្យបានច្បាស់ លាស់ដែលអាចអនុវត្តបាន និងឈានទៅសម្រេចគោលដៅនោះតាមរយៈ ៖

  • សិក្សាស្វែងយល់ពីខ្លួនឯងឱ្យបានច្បាស់លាស់ ដោយរួមបញ្ចូលការពិនិត្យលើចំណូលចិត្តជំនាញគុណតម្លៃនិងបុគ្គលិកលក្ខណៈផ្ទាល់របស់ខ្លួន។
  • រៀបចំផែនការអាជីពដែលមានកំណត់ពីគោលដៅត្រូវអនុវត្ត (ឧទាហរណ៍៖ គោលបំណងពិតប្រាកដរបស់អ្នកគឺអ្វី ? )
  • រៀបចំបញ្ជីអាទិភាពនៃគោលដៅ (ឧទាហរណ៍៖ គោលដៅរយៈពេលខ្លីឬវែង ត្រូវអនុវត្តភ្លាម ឬរង់ចាំ ពេលបន្ទាប់)
  • ពិនិត្យរកមើលតើគោលដៅខ្លីនិងវែងនោះ មានឧបសគ្គរារាំងដែរឬទេ ? ប្រសិនបើមានត្រូវកំណត់បញ្ហាឱ្យច្បាស់។
  • ត្រូវហ៊ានដោះស្រាយបញ្ហាដោយពិនិត្យលើលទ្ធភាព និងកត្តាពាក់ព័ន្ធនានាដូចជា៖ បញ្ហាគ្រួសារ បញ្ហា ពេលវេលា បញ្ហាថវិកា និងបញ្ហាដែលមានឥទ្ធិពលពីខាងក្រៅផ្សេងទៀត ដែលរារាំងដល់ការសម្រេចគោលដៅរបស់អ្នក។
  • ត្រូវហ៊ានចំណាយគ្រប់បែបយ៉ាង (ពេលវេលានិងថវិកា...) និងចូលរួមដោយសកម្មក្នុងការរៀបចំអនុវត្ត និងតាមដានដំណើរការសម្រេចអាជីពដោយខ្លួនឯង។

៩៤- ចរន្តនៃការធ្វើចំណាកស្រុក (ពីជនបទមកទីប្រជុំជនឬទីក្រុង ឬក៏ចំណាកស្រុកទៅបរទេស) ដើម្បីគោលដៅ ការងារនិងគោលដៅផ្សេងៗទៀត គឺជានិន្នាការទូទៅនិងពិបាកចៀសវាងទាំងក្នុងបរិបទប្រទេសជឿនលឿន ឬប្រទេសកំពុងអភិវឌ្ឍន៍នៅជុំវិញពិភពលោក។ ជាក់ស្ដែងកម្លាំងពលកម្មរបស់កម្ពុជានៅតាមទីជនបទទូទាំងប្រទេស បានបង្កើតនូវទម្លាប់នៃការធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសជិតខាងទាំងក្នុងរយៈពេលខ្លី-វែងនិងតាមរដូវកាល  ដើម្បីស្វែងរកចំណូលសម្រាប់ជីវភាពគ្រួសារ។ ចំណុចគួរកត់សម្គាល់ពាក់ព័ន្ធនឹងលំហូរ នៃចំណាកស្រុកនេះគឺ ៖

  • ភាពមិនស្របច្បាប់នៃចំណាកស្រុកដែលមានលក្ខណៈប្រថុយប្រថាន និងប្រកបដោយគ្រោះថ្នាក់គ្រប់បែបយ៉ាង។
  • ការបាត់បង់ឱកាសប្រកួតប្រជែងសម្រាប់ទីផ្សារការងារក្នុងស្រុកអាស្រ័យដោយលំហូរកម្លាំងពលកម្មទៅ ក្រៅច្រើនហួសហេតុ និងអាចប្រឈមនូវកង្វះកម្លាំងពលកម្មសម្រាប់ឱកាសការងារជាច្រើនដែលបង្កើត ឡើងតាមរយៈវិនិយោគទុនផ្ទាល់ពីបរទេស។
  • ការផ្តល់ព័ត៌មានទីផ្សារការងារមិនបានគ្រប់ជ្រុងជ្រោយ ដែលជាហេតុបណ្តាលឱ្យកម្លាំងពលកម្មភាគច្រើន លំបាកក្នុងការធ្វើសេចក្តីសម្រេចចិត្តចំពោះជម្រើសការងារ ។
  • កត្តាគម្លាតប្រាក់ឈ្នួលរវាងការងារក្នុងស្រុកនិងការងារនៅបរទេស។ល។

ក្នុងន័យនេះភ្នាក់ងារផ្តល់សេវាការងារសាធារណៈគួរអនុវត្តចំណុចសំខាន់ៗដូចខាងក្រោម ៖

  • បង្កើតនិងពង្រីកមជ្ឈមណ្ឌលការងារនៅតាមបណ្តាខេត្តគោលដៅសំខាន់ៗទូទាំងប្រទេស។
  • ជំរុញការរៀបចំកម្មវិធី ឬវេទិកាការងារនៅតាមជនបទឱ្យបានច្រើននិងញឹកញាប់ ដើម្បីផ្សព្វផ្សាយអំពីឱកាសការងារគ្រប់ប្រភេទនៅក្នុងប្រទេស។
  • ប្រមូលចងក្រងប្រកាសដំណឹងជ្រើសរើសបុគ្គលិកគ្រប់ប្រភេទ និងគ្រប់វិស័យ ដើម្បីផ្តល់ជម្រើសការងារ កាន់តែទូលំទូលាយ។
  • ប្រមូលចុះឈ្មោះកម្លាំងពលកម្មឬអ្នកស្វែងរកការងារគ្រប់ប្រភេទ ដើម្បីផ្តផ្ចងទៅកាន់ឱកាសកាងារដែលទំនេរឬស្របតាមតម្រូវការរបស់និយោជិក។
  • ពង្រឹងយន្តការផ្សព្វផ្សាយតាមមធ្យោបាយ ឬបណ្តាញគ្រប់ប្រភេទអំពីព័ត៌មានទីផ្សារការងារនិងឱកាសការងារជូនដល់កម្លាំងពលកម្មសិស្សនិស្សិតនិងសាធារណៈជនទូទៅ។
  • រៀបចំសិក្ខាសាលា និងវេទិកាផ្សព្វផ្សាយអំពីការធ្វើចំណាកស្រុកដោយសុវត្ថិភាព ទៅដល់ប្រជាពលរដ្ឋនៅគ្រប់ទីជនបទក្នុងប្រទេសកម្ពុជា។
  • រឹតបន្តឹងកិច្ចសហការជាមួយនិយោជកដៃគូអភិវឌ្ឍន៍ អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល និងភាគីពាក់ព័ន្ធ ដើម្បីជំរុញដំណើរការទីផ្សារការងារដែលមានលក្ខណៈឆ្លើយតបរវាងផ្នែកតម្រូវការ និងផ្នែកផ្គត់ផ្គង់កម្លាំងពលកម្ម។

៩៥- ទោះបីមនុស្សវាចធ្វើការសិក្សាពេញមួយជីវិត ប៉ុន្តែគោលដៅសំខាន់មួយនៃការបណ្តុះជំនាញនិងចំណេះដឹង គឺដើម្បីអនុវត្ត និងប្រើប្រាស់ជំនាញឯកទេសនៅក្នុងកន្លែងការងារជាក់ស្តែង។ ដូច្នេះប្រសិនបើការសិក្សាមានគោលដៅ ឆ្ពោះទៅកាន់ការងារដោយចៀសមិនផុតអ្នកសិក្សាគ្រប់រូប គួរតែរំពឹងគិតពីភាពប្រទាក់ក្រឡាគ្នារវាងការសិក្សា និងការបង្កើតទម្លាប់ធ្វើការងារ ឬការស្វែងរកបទពិសោធន៍ដែលពាក់ព័ន្ធដើម្បីត្រៀមទុកជាមុន។

         ធម្មតាទីផ្សារការងារមានភាពប្រកួតប្រជែងយ៉ាងខ្លាំងក្លា ដើម្បីទទួលបានការងារល្អ និងបុគ្គលិកឆ្នើមដែល តម្រូវឱ្យអ្នកស្វែងរកការងារបង្ហាញពីសក្តានុពលរៀងៗខ្លួនទៅកាន់និយោជិក។ ក្នុងន័យនេះបុគ្គលដែលមានទាំងជំនាញទាំងបទពិសោធន៍ងាយនឹងទទួលបានឱកាសការងារល្អស្របតាមបំណង។ ដូច្នេះដើម្បីឈានចូលទីផ្សារការងារដោយរលូនប្រកបដោយលក្ខណៈសម្បត្តិប្រកួតប្រជែងយុវជនសិស្ស និស្សិត គួរតែពិចារណាចំពោះការបង្កើតបទពិសោធន៍ការងារតាំងពីពេលសិក្សានៅឡើយតាមរយៈ ៖

  • ការបំពេញការងារស្ម័គ្រចិត្តសម្រាប់កិច្ចការសង្គមឬសហគមន៍
  • ការហាត់ការឬកម្មសិក្សាការងារនៅតាមក្រុមហ៊ុន ឬសហគ្រាសដែលខ្លួនមានបំណងចូលធ្វើការ
  • ការធ្វើការងារក្រៅម៉ោងសិក្សា ចំពោះការងារដែលអាចជួយរឹតបន្តឹងលើការសិក្សាបែបទ្រឹស្ដីក្នុងសាលា និងអាចរកប្រាក់កម្រៃបន្ថែម
  • ការស្វែងយល់ពីរបៀបធ្វើការវប្បធម៌ការងារ និងទំនាក់ទំនង ដើម្បីបណ្តុះឆន្ទៈ និងភាពសម្របខ្លួនបានល្អប្រសើរក្នុងការដណ្តើមយកឱកាសការងារក្នុងពេលខាងមុខ
  • ការទទួលយកភាពបរាជ័យ ឬឧបសគ្គ ដើម្បីជាការសាកល្បង និងត្រៀមខ្លួនសម្រាប់ថែរក្សាការងារពិតប្រាដក ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login