ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សេចក្តីអធិប្បាយ
វិស័យអប់រំគឺជាគ្រឹះដ៏រឹងមាំ ក្នុងការកសាងនិងអភិវឌ្ឍន៍សង្គមជាតិ ។ ជុំវិញសកលលោកយើងនេះ ប្រទេសមួយដែលមានវិស័យអប់រំរីកចម្រើនល្គឹកណាប្រទេសនោះបន្តការប្រឹងប្រែងអប់រំបណ្តុះបណ្តាលធនធានមនុស្សឲ្យកាន់តែមានឧត្តមភាព និងវឌ្ឍនភាពឥតឈប់ឈរ ។ ទន្ទឹងនឹងនេះ ជនានុជនទាំងឡាយត្រូវរស់នៅលឲ្យស្របតាមតថភាពសង្គម ប្រកបដោយលក្ខណៈពេញលេញជាសោភ័ណមនុស្ស សង្វាតរៀនសូត្រដើម្បីក្រេបជញ្ជក់ចំណេះវិជញជាជំនាញផ្សេងៗដែលជារបៀបអប់រំក្នុងអំឡុងពេលបច្ចុប្បន្នយើងនេះ ។ អាស្រ័យដោយហេតុនេះហើយ ទើបបណ្តាលឲ្យមានទស្សនៈមួយពោលថា« ការសិក្សាពេញមួយជីវីត គឹជារបៀបនៃការអប់រំក្នុងសតវត្សទីម្ភៃមួយ » ។
តើមានអំណះអំណាងយ៉ាងណាខ្លះបានជាគេហ៊ានថាដូចទស្សនៈខាងលើនេះ ?
ដើម្បីជាជំនួយក្នុងការអត្ថាធិប្បាយបកស្រាយទស្សនៈនេះឲ្យបានអស់សេចក្តី និងគ្រប់ជ្រុងជ្រោយ ជាបឋមយើងគប្បីយយល់នូវពាក្យគន្លឹះជាមុនសិន ។ ពាក្យគន្លឹះមាន ការសិក្សា ជីវីត របៀប ការអប់រំ ។ ពាក្យ « ការសិក្សា » គឺជាការរៀនសូត្រ ហ្វឹកហាត់ ប្រតិបត្តិវិជ្ជាជំនាញជាដើម ។ ពាក្យថា « ជីវីត » សំដៅលើដំណើរអស់នៅគិតចាប់ពីថ្ងៃកើត ដល់ថ្ងៃមរណភាព ។ ពាក្យ « របៀប » បានន័យថា បែបបទ បែបផែន ។ រីឯ ពាក្យ« ការអប់រំ » គឹជាការបណ្តុះបណ្តាល ហ្វឹកហាត់ឲ្យមានភាពប៉ិនប្រសប់ និងស្ទាត់ជំនាញ ។ ដូចនេះប្រធានខាងលើបានសេចក្តីថា ការរៀនសូត្រប្រតិបត្តិវិជ្ជាជំនាញផ្សេងៗពេញមួយដំណើររស់នៅ គឺជាបែបបទនៃការបណ្តុះបណ្តាលហ្វឹកហាត់ឲ្យស្ទាត់ជំនាញក្នុងសតវត្សទីម្ភៃមួយ ។
ជាការពិតណាស់ ពាក្យថា ការសិក្សាគឺគ្មានភាពឥតឈប់ឈរឡើយ ។ កាលណាមនុស្សសិក្សាកាន់តែច្រើនក្នុងរយៈពេលយូរ នោះគេនឹងទទួលបានវិជ្ជាកាន់តែច្រើនផងដែរ ។ វិជ្ជានេះហើយដែលជាផ្លូវបំភ្លឺសត្វលោកឲ្យយល់ដឹងពីអាថ៌កំបាំងធម្មជាតិ បច្ចេកវិទ្យាសាស្រ្តទំនើបៗពាសពេញពិភពលោក ។ ការរៀនសូត្រទាមទារឲ្យសិក្ខាកាមប្រុសស្រីគ្រប់រូបឲ្យមានភាពអំណត់ព្យាយាមពុះពារគ្រប់ឧបសគ្គដែលរារាំងក្នុងដំណើរការសិក្សា ទើបអាចឈានទៅដល់គោលដៅជោគជ័យនាអនាគតកាល ។ ទន្ទឹមនឹងការសិក្សាឈ្វេងយល់នេះសិស្សានុសិស្សអាចឆ្លៀតឱកាស និងពេលវេលាមាសប្រាក់ដ៏មានតម្លៃទទួលបានបទពិសោធន៍ និងចំណេះវិជ្ជាពីកត្តាបីសំខាន់ៗគឺកត្តាគ្រួសារ កត្តាសង្គម និងកត្តាសាសនា ។ ចំពោះកត្តាគ្រួសារ មនុស្សទាំងឡាយដែលមានឪពុកម្តាយជាបុព្វាចារ្យ ជាគ្រូដើមឬគ្រូដំបូង តែងទទួលនូវដំបូន្មានប្រៀនប្រដៅយ៉ាងរឹតត្បិតពីសំណាក់អ្នកមានគុណរបស់យើង ។ ពួកគាត់តែងតែបណ្តុះស្មារតីជំរុញចិត្តឲ្យបុត្រាបុត្រីចេះស្រឡាញ់អរិយធម៌ វប្បធម៌ជាតិសាសន៍ខ្លួន រៀនសូត្រនិងអនុវត្តន៍ទំនៀមទម្លាប់ ប្រពៃណីខ្មែរឲ្យបានល្អខ្ជាប់ខ្លួន ប្រព្រឹត្តតែអំពើល្អគ្រប់ពេលវេលា ចេះគោរពលើកដៃសំពះមាសទុំ ព្រឹទ្ធាចារ្យ អ្នកដែលមានន័យចាស់បទពិសោធន៍ជីវីតច្រើនជាងយើង ។ ម្យ៉ាងវិញទៀត មាតាបិតាតែងអប់រំឲ្យបុត្រាបុត្រីយល់ដឹងពីសីលធម៌នៃការអប់រំនៅ ឥរិយាបថនៃការដេកដើរឈរ អង្គុយ អាកប្បកិរិយាស្លូតបូត សុភាពរាបសា ចរិតថ្លៃថ្នូរ ប្រកាន់យកឧត្តមគតិ និងគុណធម៌ មានភាពស្មោះត្រង់ មិនចេះពោលពាក្យកុហក ភូតភរ ជាដើម ។ ជាពិសេស ពូកគាត់បានអប់រំឲ្យយើងប្រកាន់ឲ្យបានជាប់លាប់នូវព្រហ្មវិហារទាំងបួនគឹ មេត្តា ករុណា មុទិតា និងឧបេក្ខា ចេះស្រឡាញ់មនុស្សជាតិ អាណិតអាសូរអ្នកដែលមានជីវភាពអន់ថយ មានទុក្ខវិបត្តិផ្សេងៗជនពិការ ទុគ៌តជន ជាដើម ។ ចំណុចុះទាំងប៉ុន្មាននេះហើយដែលតម្រូវឲ្យយុវជន យុវនារីសិក្សារៀនសូត្ររហូតដល់អវសាននៃជីវីត ។ ដោយហេតុថា សីលធម៌ គុណធម៌ ឥរិយាបថ ធអាកប្បកិរិយាមានសារៈសំខាន់ណាស់ក្នុងដំណើរជីវីតយើងជាកត្តានាំឲ្យមនុស្សដទៃគោរពស្រឡាញ់រាប់អានយើង ។ ទាំងនេះប្រៀបដូចពំនោលមួយពោលឡើងថា « ទ្រឹស្តីត្រូវផ្សារភ្ជាប់និងការអនុវត្ត » ។
ចំពោះកត្តាសង្គមវិញ សិស្សានុសិស្សនឹងមានឱកាសស្រូបយកពុទ្ធិតាមរយៈការអប់រំពីបែបគការអប់រំក្នុងប្រព័ន្ធ និងការអប់រំក្រៅប្រព័ន្ធ ។ ជាក់ស្តែងការអប់រំក្នងប្រព័ន្ធគឺជាការទទួលបានចំណេះដឹង បទពិសោធន៍ ជំនាញ វិទ្យាសាស្រ្ត សង្គម បច្ចេកវិទ្យា និងឥរិយាបថល្អៗ ពីគ្នាទៅវិញទៅមក ។ ជាទូទៅ ការអប់រំក្នុងប្រព័ន្ធនេះគឺប្រព្រឹត្តទៅគ្រឹះស្ថានសិក្សាដូចជាសាលារៀនជាដើម ។ ក្នុងនោះដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំបណ្តុះបណ្តាលសិស្សានិសិស្សឲ្យមានពុទ្ធិក្នុងខួរក្បាល ព្រមទាំងយកចិត្តទុកដាក់បង្រៀនយើងដោយរអ៊ូថាហត់នឿយអ្វីមួយឡើយ ។ កាន់តែអស្ចារ្យជាងនេះទៀត ចំណេះដឹងដែលយើងទទួលបានសុទ្ធសឹងតែមានឧត្តមប្រយោជន៍នាអនាគតកាល ។ ក្នុងនោះ យើងនឹងបានស្វែងយល់ពីវិន័យ សណ្តាប់ធ្នាប់របៀបរបបរៀបរយនៃជីវីតរស់នៅ ប្រវត្តិសាស្រ្តតំបន់ ប្រវត្តិសាស្រ្តពិភពលោក នយោបាយ វប្បធម៌ អារ្យធម៌ សង្គមកិច្ច អភិបាលកិច្ច ក្នុងការដឹកនាំ អក្សរសាស្រ្ត សិល្បះផូរផង់ បាតុភូតធម្មជាតិ ( ខ្យល់ព្យុះ ទឹកជំនន់ បន្ទុះភ្នំភ្លើង រញ្ជួយដី ភ្លៀងអាស៊ីត ) ការវិវឌ្ឍនៃសេដ្ឋកិច្ច គណនេយ្យផ្សេងៗ ច្បាប់រដ្ឋធម្មនុញ្ញ ច្បាប់ស្តីពីសិទ្ធិមនុស្ស ច្បាប់ព្រហ្មទណ្ឌ ។ល។ ហើយនៅមានចំណេះដឹងផ្សេងៗច្រើនសន្ធឹកសន្ធាប់ទៀត ដែលយើងសិក្សាពេញមួយជីវីត ស្ទើរតេមិនអស់ផង ។ រីឯការអប់រំក្រៅប្រព័ន្ថ ជាការទទួលបានចំណេះដឹងទូទៅពីមជ្ឈមណ្ឌលជុំវិញដូចជា ប្រពៃណី ទំនៀមទម្លាប់ សាសនា សីលធម៌ក្នុងការនិយាយស្តី ឬប្រព័ន្ធផ្សព្វផ្សាយនានា ។ តួយ៉ាងដូចជា ទំនៀមទម្លាប់នៃការហូបចុក សម្លៀកបំពាក៉ ប្រពៃណីប្រចាំថ្ងៃ វីធីសាស្រ្តក្នុងការបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ រួមមានវប្បធម៌សម្បត្តិធម្មជាតិ ( ព្រៃ ភ្នំ បឹង អូរ ស្ទឹង ទន្លេ សមុទ្រ និងការប្រកាន់យកឥរិយាបថវិជ្ជាមានជាដើម ) ។ យ៉ាងណាមិញ ការរៀនសូត្រពេញមួយជីវីតតម្រូវឲ្យយើងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព កម្លាំងកាយចិត្តលះបង់នូវទង្វើឥតប្រយោជន៍សព្វសារពើទាំងអស់ ។ ភាពអំណត់តស៊ូពុះពារគឹជាកត្តាសំខាន់ៗក្នុងការជំរុញឲ្យការសិក្សាពេញមួយជីវីតទទួលបានភាពជោគជ័យ និងលទ្ធផលគួរជាទីគាប់ចិត្ត ។ទាំងនេះអាចបង្ហាញតាមរយៈស្នាដៃអក្សរសិល្ប៍របស់លោក ញ៉ុក ថែម គឺរឿងកុលាបប៉ៃលិន បានឆ្លុះបញ្ចាំងពីសកម្មភាពដំណើរជីវីតរៀនសូត្រ និងការងារដ៏ថ្លៃថ្នូររបស់តួអង្គចៅចិត្រ ។ ចៅចិត្រជាមនុស្សកំព្រាឪពុក និងកត្តញ្ញូតាធម៌ដឹងគុណឪពុក និងចងចាំបណ្តាំឪពុកជាកិច្ច ។ លើសពីនេះទៅទៀត គេជាយុវជនសុភាពរាបសាស្មោះត្រង់នឹងចៅហ្វាយនាយ ទានបញ្ញាវាងវៃបានប្រលងជាប់ប្រកាសនីយប័ត្រដែលជាសញ្ញាបត្រដ៏មានតម្លៃនាសម័យនោះ ។ ព្រមជាមួយគ្នានេះផងដែរ ចៅចិត្របានខិតខំរៀនសូត្រជំនាញបច្ចេកទេសបើកបរ និងជួសជុលរថយន្តទៀតផង ។ ចៅចិត្រជាកម្មករដឹកត្បូង ស៊ូទ្រាំលំបាកធ្ងន់ធ្ងរ ប្រឡាក់ភក់ហាលថ្ងៃហាលខ្យល់ តស៊ូពុះពារក្នុងការងារដោយគ្មានធ្វេសប្រហេសឡើយ ។ លុះក្រោយមក ចៅចិត្របានក្លាយជាកូនប្រសារលោកហ្លួងរតនសម្បត្តិ ជាអ្នកកាន់កាប់បញ្ជីត្បូង ព្រមទាំងបានកសាងគ្រួសារដ៏សុភមង្គលជួយផងដែរ ។ ទាំងនេះស បញ្ជាក់ថ្វីត្បិតតែចៅចិត្រមិនស្ថិតក្នងសតវត្សទីម្ភៃមួយមែនពីត តែគេជាមនុស្សមានគំនិតជឿនលឿន រីកចម្រើនដូចមនុស្សបច្ចុប្បន្នដែរ ទើបយុវជនដោយសារការខិតតខំសិក្សានេះឯង ។ ដូចនេះ អ្នកដែលមានសេចក្តីទាល់ច្រលគួរតែយកតម្រាប់តាមលោក ទើបជាការល្អ ។ មិនថាសតវត្សពីមុនក្តីសតវត្សទីម្ភៃមួយក្តី ឲ្យតែមនុស្សមានការព្យាយាម នោះយើងនឹងអាចសម្រេចគោលដៅជោគជ័យបាន ។ ជាពិសេស លោកសន្ធរម៉ុកមានផ្នត់គំនិតជឿនលឿនបញ្ជូនកូនទៅសិក្សានៅបស្ចឹមប្រទេសដូចមាតាបិតាសតវត្សម្ភៃមួយដែរ ។
ចំពោះកត្តាសាសនាវិញគឺនៅពេលមនុស្សឈានទៅដល់វ័យចំណាស់ពួកគេនឹងចាប់ផ្តើមស្វែងយល់ពីព្រះធម៌ និងពុទ្ធោវាទរបស់ព្រះពុទ្ធព្រះបរមគ្រួនៃយើង ។ ព្រះពុទ្ធសាសនាផ្តល់តម្លៃអប់រំឲ្យយើងស្គាល់បុណ្យបាបល្អអាក្រក់ជឿលើកម្មផលជាដើម ។ ពុទ្ធសាសនានិកជនអាចសិក្សាពីច្បាប់វិន័យធម៌ក្នុងគម្ពីរព្រះត្រៃបិដក ស្តាប់ការនៅទេសនារបស់ព្រះសង្ឃ ខិតខំសាងអំពើល្អរហូតដល់ថ្ងៃលាចាកលោក ដើម្បីឈានទៅដល់ឋាននិព្វាន គ្មានការកើត ចាស់ ឈឺ ស្លាប់ ។ ព្រះពុទ្ធិសាសនាជាសាសនារបស់រដ្ឋ ។
ឆ្លងកាត់តាមការបកស្រាយយ៉ាងក្បោះក្បាយខាងលើមក សបញ្ជាក់ឲ្យថាការសិក្សាពេញមួយជីវីតពិតជារបៀបនៃការអប់រំក្នុងសតវត្សទីម្ភៃមួយពិតប្រាកដមែនព្រោះថាសតវត្សទីម្ភៃមួយជាសម័យកាលប្រកបដោយភាពជឿនលឿននិងអភិវឌ្ឍន៍ ហេតុនេះហើយមនុស្សត្រូវប្រឹងប្រែងសិក្សាបញ្ចេញសមត្ថភាពអ្វីដែលខ្លួនមានបទពិសោធន៍ពីមុនមកដើម្បីកសាងសង្គមជាតិឲ្យរីកលូតលាស់ ។
ជារួមមកទស្សនៈខាងលើពិតជាមានអត្ថន័យយ៉ាងជ្រាលជ្រៅសម្រាប់ជាគតិអប់រំដល់អ្នកដែលមានភាពខ្ជិលច្រអូលក្នងការសិក្សារៀនសូត្រ អ្នកដែលមានភាពក្រីក្រកុំឲ្យបាត់បង់ក្តីសង្ឃឹម ។ សម្រាប់អវសានកសា ក្នុងនាមយើងថា យុវជន ជាឆ្អឹងខ្នងប្រទេស យើងត្រូវរៀនសូត្របានពេញមួយជីវីត ដើម្បីប្រកួតប្រជែងជាមួយបណ្តាលប្រទេសក្នុងសកលលោកក្នុងសតវត្សទីម្ភៃមួយនេះ ។ តួយ៉ាងដូចជាកំណាព្យដកស្រងពីច្បាប់ល្បើកថ្មីរបស់លោកតាក្រមង៉ុយបានពោលថា៖« បើចង់ស្រាលខ្លួន រៀនសូត្រ ឲ្យជួន ឲ្យមាំឲ្យស្ទាត់ កុំចេះស្ទាក់ស្ទើរ ល្ងីល្ងើរឥតបទ បើចេះប្រាកដ ប្រាក់រត់តាមហៅ » ។