2019-09-23 08:01
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
៤១- បើមានការសើរើធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ កែប្រែរបបប្រជាធិបតេយ្យសេរីពហុបក្ស និង របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញស្នើឡើងដោយព្រះមហាក្សត្រ ឬនាយករដ្ឋមន្ត្រី ឬតំណាងរាស្ត្រ ឬប្រជាពលរដ្ឋ តើអាចធ្វើបានដែរឬទេ ? ព្រោះអ្វី ? ចូរពន្យល់ ។
៤២- ប្រទេសកម្ពុជា ព្រះមហាក្សត្រទ្រង់ប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ។ តើមានន័យដូចម្តេច ? ចូរពន្យល់ ។
៤៣- តាមទ្រឹស្តីនៃនីតិរដ្ឋធម្មនុញ្ញ តើផ្អែកលើមូលដ្ឋានអ្វីទើបអាចចាត់ទុកថាជាការរំលោភលើអធិបតេយ្យរបស់កម្ពុជា ?
៤៤- តើព្រះមហាក្សត្រទ្រង់គ្រងរាជសម្បត្តិមានអាណត្តិឬទេ ? បើគ្មានចូរពន្យល់ ។
៤៥- ហេតុអ្វីបានជាអង្គព្រះមហាក្សត្រមិនអាចរំលោភបំពានបាន ? ចូរពន្យល់ ។
ចម្លើយ
៤១- មិនអាចធ្វើបានឡើយកាលបើប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ។
៤២- របបប្រជាធិបតេយ្យប្រជាពលរដ្ឋជាម្ចាស់អំណាចនិងវាសនារបស់ខ្លួន ដោយប្រើប្រាស់សិទ្ធិអំណាចតាមរយៈតំណាង បង្កើតជាអំណាចរដ្ឋឡើងតាមការបោះឆ្នោតរើសអង្គការនីតិបញ្ញត្តិ បង្កើតជាអង្គការនីតិប្រតិបត្តិ និងតុលាការដែលអំណាចទាំងបីត្រូវបែងចែកដាច់ពីគ្នាតាមគោលការណ៍នៃការបែងចែកអំណាច ។ ផ្អែកតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីសប្រទេសបារាំងថ្ងៃ ២៣ ខែ តុលា ឆ្នាំ១៩៩១ ប្រទេសកម្ពុជាត្រូវគោរពសិទ្ធិមនុស្សនិងរបបលទ្ធិប្រជាធិបតេយ្យតេយ្យសេរីពហុបក្ស ដូចនេះបើប្រទេសកម្ពុជាមានក្សត្រសោយរាជ្យត្រូវប្រកាន់របបប្រជាធិបតេយ្យ និងគោរពសិទ្ធិសេរីភាពប្រជាពលរដ្ឋ ។ ហេតុនេះត្រូវប្រគល់អំណាចទៅឲ្យប្រជារាស្ត្រខ្លួនតាមរយៈតំណាង ដោយការបោះឆ្នោតជ្រើសរើសមានអាណត្តិកំណត់ ជៀសវាងទ្រង់ជាក្សត្រគ្រងរាជ្យផងកាន់អំណាចផងនាំឲ្យមានការប្រើអំណាចផ្តល់ក្លាយជាផ្តាច់ការ ឬត្រូវទទួលរងនូវការរិះគន់ផ្សេងៗក្នុងការដឹកនាំនយោបាយ ។ ដូចនេះ ទើបរដ្ឋធម្មនុញ្ញមាត្រា១កំណត់ថា “ព្រះមហាក្សត្រទ្រង់ប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងតាមលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស” និងមាត្រា៧កំណត់ថា “ព្រះមហាក្សត្រទ្រង់គ្រងរាជសម្បត្តិ ប៉ុន្តែទ្រង់មិនកាន់អំណាចឡើយទ្រង់ជាប្រមុខរដ្ឋអស់មួយជីវិត និងមិនអាចមាននរណារំលោភបំពានបានឡើយ” ព្រោះទ្រង់មិនបានកាន់អំណាចដឹកនាំរដ្ឋឬធ្វើនយោបាយទេ ក៏ពុំមានកំហុសណាមួយដែរត្រូវទទួលខុសត្រូវដែរ ។
៤៣- ប្រទេសកម្ពុជាជារដ្ឋឯករាជ្យ មានអធិបតេយ្យភាព បូរណភាពដែនដីតាំងពីដើមរៀងមក មានការទទួលស្គាល់ជាអន្តរ ជាតិ ជាសមាជិកនៃអង្គការសហប្រជាតិ មានតំកល់នូវភាពស្របច្បាប់ជាអន្តរជាតិរួចជាស្រេចផង ។ តាមគោលការណ៍ អន្តរជាតិរដ្ឋសមាជិកទាំងឡាយមិនអាចជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ដទៃទេ មិនអាចរំលោភបំពានគ្នាលើកិច្ចការ ដឹកនាំរដ្ឋ និងដែនដីទឹកគ្រប់គ្រងផងដែរ ។ យោងតាមមាត្រា២នៃរដ្ឋធម្មនុញ្ញថា “បូរណភាពទឹកដីរបស់ព្រះរាជាណាចក្រ កម្ពុជា មិនអាចរំលោភបានដាច់ខាតក្នុងព្រំដែនរបស់ខ្លួនដែលមានកំណត់ក្នុងផែនទីខ្នាត ១/១០០.០០០ ធ្វើនៅចន្លោះឆ្នាំ១៩៣៣-១៩៥៣ ហើយដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិនៅចន្លោះឆ្នាំ១៩៦៣-១៩៦៩” និងមាត្រា១បញ្ជាក់ថា “ព្រះរាជាណាចក្រកម្ពុជា ជារដ្ឋឯករាជ្យ អធិបតេយ្យ សន្តិភាព អព្យាក្រឹត អចិន្ត្រៃយ៍ មិនចូលបក្សសម្ព័ន្ធ” ។
៤៤- យោងតាមមាត្រា៧នៃរដ្ឋធម្មនុញ្ញចែងថា “ព្រះមហាក្សត្រទ្រង់គ្រងរាជសម្បត្តិ ប៉ុន្តែទ្រង់មិនកាន់អំណាចឡើយ ។ ទ្រង់ជាប្រមុខរដ្ឋអស់មួយជីវិត ។ ទ្រង់មិនអាចមាននរណារំលោភបំពានបានឡើយ “ ។
៤៥- បានជាអង្គព្រះមហាក្សត្រមិនអាចរំលោភបំពានបាន ព្រោះព្រះមហាក្សត្រទ្រង់គ្រងរាជសម្បត្តិ ប៉ុន្តែទ្រង់មិនកាន់អំណាចឡើយ ហើយទ្រង់ជាប្រមុខរដ្ឋអស់មួយជីវិត ។ ទ្រង់មិនពាក់ព័ន្ធនឹងរឿងនយោបាយ កិច្ចការដឹកនាំរដ្ឋទេ ទ្រង់ពុំមានកំហុសឆ្គងក្នុងការដឹកនាំរដ្ឋដែរ ហេតុនេះទ្រង់ពុំអាចទទួលការរិះគន់ ឬមានការរំលោភបំពានឡើយទាំងរូបកាយ និង កេរ្តិ៍ឈ្មោះ ។ ទ្រង់ជានិមិត្តរូបនៃឯកភាពជាតិ និង និរន្តរភាពជាតិទាំងមូល ជាអ្នកធានានូវឯករាជ្យជាតិអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ។ ទ្រង់ជាអ្នកធានាការគោរពសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ។ ទ្រង់មានតួនាទីខ្ពង់ខ្ពស់ជាអាជ្ញាកណ្តាល ដើម្បីធានាការប្រព្រឹត្តទៅនៃអំណាចសាធារណៈឲ្យមានភាពទៀងទាត់ ។