ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
តុលាការអនុវត្តត្រូវកំណត់កាលបរិច្ឆេទលក់សារជាថ្មី ហើយឲ្យអាជ្ញាសាលាអនុវត្តការលក់ម្តងទៀត។ ប្រសិនបើ មូលហេតុដែលគ្មានអ្នកទិញ ដោយសារតែតម្លៃលក់អប្បបរមាខ្ពស់ពេកនោះ តុលាការអនុវត្តអាចបញ្ចុះតម្លៃលក់អប្បបរមាបាន (ក្រមនីតិ/ណី មាត្រា ៤៣២ កថា.២)។ ប៉ុន្តែ ប្រសិនបើធ្វើការបញ្ចុះតម្លៃលក់អប្បបរមា ដោយមិនបានពិចារណា នោះវាអាចនឹងជះឥទ្ធិពលមិនល្អ។ ប្រសិនបើគ្មានអ្នកទិញ ហើយតុលាការអនុវត្តធ្វើការបញ្ចុះតម្លៃលក់អប្បបរមាឲ្យកាន់តែថោកទៅៗ នោះគេមានការព្រួយបារម្ភថា អ្នកមានគោលបំណងទិញនឹងកម្រធ្វើការស្នើសុំទិញ ដោយរង់ចាំឲ្យតម្លៃលក់អប្បបរមានោះចុះថោកសិន។ ប្រសិនបើធ្វើបែបនេះ នីតិវិធីនៃការលក់នឹងមានភាពយឺតយ៉ាវ ដូចនេះ តុលាការអនុវត្តមិនចាំបាច់ផ្លាស់ប្តូរតម្លៃលក់អប្បបរមាទេ គឺគ្រាន់តែបង្គាប់ឲ្យអាជ្ញាសាលាធ្វើការលក់ម្តងទៀត ដោយធ្វើការពិចារណាការអនុវត្តវិធីផ្សេងក្រៅពីវិធីលក់ឡាយឡុងដោយស្រោមសំបុត្រ ឬ ដោយផ្ទាល់មាត់ (ក្រមនីតិ/ណី មាត្រា ៤៣៦ កថា.២)។ ខ្លឹមសារលំអិតនៃក្រមនីតិវិធីរដ្ឋប្បវេណី មាត្រា ៤៣៦ កថា.២ ដែលបានកំណត់ថា "វិធីលក់ផ្សេងទៀតក្រៅពីវិធីលក់ឡាយឡុងដោយស្រោមសំបុត្រ ឬ ដោយផ្ទាល់មាត់” គឺអាស្រ័យទៅលើការអនុវត្តជាក់ស្តែងដែលមានលក្ខណៈសមរម្យ ដោយពុំមានកំណត់ក្នុងក្រមនីតិវិធីរដ្ឋប្បជាទេ ។ ឧទាហរណ៍ ក្នុងករណីដែលទីកន្លែងនៃអចលនវត្ថុនោះមានលក្ខណៈលំបាកក្នុងការធ្វើដំណើរទៅ នោះទោះបីជាគ្មានអ្នកទិញអចលនវត្ថុនោះដោយស្រោមសំបុត្រក៏ដោយ ក៏ប្រហែលជាមានអ្នកជិតខាងណាម្នាក់ដែលមានឆន្ទៈចង់ទិញផងដែរ។ ម្យ៉ាងទៀត ក្នុងករណីដែលមានអ្នកកាន់កាប់អចលនវត្ថុនោះ ទោះបីជាគ្មានអ្នកទិញដោយស្រោមសំបុត្រក៏ដោយ ក៏ប្រហែលជាអ្នកកាន់កាប់អចលនវត្ថុនោះផ្ទាល់មានឆន្ទៈចង់ទិញដែរ។ តុលាការអនុវត្តអាច ទៅចរចារដោយផ្ទាល់ជាមួយអ្នកទាំងនោះ ហើយអាចឲ្យអ្នកទាំងនោះទិញបាន។ យ៉ាងណាមិញ ក្នុងករណីដែលយល់ឃើញថា លទ្ធផលនៃការបញ្ចុះតម្លៃលក់អប្បបរមានៃអចលនវត្ថុ ក្រោយពីបានសងសោហ៊ុយសម្រាប់នីតិវិធីហើយគ្មានលទ្ធភាពសល់ទេនោះ (ក្រមនីតិ/ណី មាត្រា ៣៧១ កថា.១) តុលាការអនុវត្តត្រូវជូនដំណឹងអំពីការណ៍នោះទៅឲ្យម្ចាស់បំណុលនៃការអនុវត្ត (ក្រមនីតិ/ណី មាត្រា ៤៣៥ កថា.១)។ ប្រសិនបើ ម្ចាស់បំណុលនៃការអនុវត្តស្នើទៅតុលាការអនុវត្តថា ខ្លួននឹងទិញក្នុងតម្លៃស្នើសុំ ដែលសំណើនោះត្រូវធ្វើឡើងក្នុងអំឡុងពេល ១ (មួយ) សប្ដាហ៍គិតចាប់ពីថ្ងៃដែលម្ចាស់បំណុលនៃការអនុវត្តទទួលបានដំណឹង ហើយតម្លៃស្នើសុំនោះត្រូវលើសពីតម្លៃប៉ាន់ប្រមាណនៃសោហ៊ុយសម្រាប់នីតិវីធី ហើយម្ចាស់បំណុលនៃការអនុវត្ត បានដាក់ប្រាក់ធានាស្មើនឹងតម្លៃស្នើសុំនោះតុលាការអនុវត្តអាចបន្តនីតិវិធីបាន។ ប៉ុន្តែ តុលាការអនុវត្តត្រូវលុបចោលនីតិវិធីលក់ដោយបង្ខំ ក្នុងករណីដែលម្ចាស់បំណុលនៃការអនុវត្តមិនបានធ្វើតាមវិធានការណ៍ដូចបានរៀបរាប់ខាងលើនេះ (ក្រមនីតិ/ណី មាត្រា ៤៣៥ កថា.២)។