2019-11-16 09:56
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ការទទួលខុសត្រូវចំពោះអំពើអនីត្យានុកូលមានដូចជា ៖
ទម្រង់នៃការទទួលខុសត្រូវចំពោះអំពើអនីត្យានុកូលទូទៅ មិនមែនតម្រូវឲ្យមានតែការកើតឡើងនូវការខូចខាតតែប៉ុណ្ណោះទេ គឺតម្រូវឲ្យមានកំហុសចេតនា ឬកំហុសអចេតនាថែមទៀត ។ លក្ខខណ្ឌដែលតម្រូវឲ្យមានកំហុសចេតនា ឬ កំហុសអចេតនា អាចធានានូវសេរីភាពរបស់បុគ្គលឯកជន ព្រោះបុគ្គលម្នាក់មិនចាំបាច់ត្រូវទទួលខុសត្រូវចំពោះការខូចខាតទេ ទោះបីខ្លួនបានធ្វើឲ្យនរណាម្នាក់ទៀតរបួសក៏ដោយ ព្រោះខ្លួនបានធ្វើអំពើដោយប្រុងប្រយ័ត្នគ្រប់គ្រាន់ ហើយគ្មានកំហុសចេតនា ឬកំហុសអចេតនានោះទេ ។ ការទទួលខុសត្រូវចំពោះអំពើអនីត្យានុកូលទូទៅ គឺជាការទទួលខុសត្រូវចំពោះអំពើផ្ទាល់ខ្លួនដែលបានប្រព្រឹត្តទៅលើអ្នកដទៃ ។ អំពើផ្ទាល់ខ្លួននោះត្រូវជាអំពើដែលបំពានដោយខុសច្បាប់នូវសិទ្ធិ ឬផលប្រយោជន៍របស់ជនដទៃដោយកំហុសចេតនា ឬអចេតនា ឬការមិនបានបំពេញករណីកិច្ចដែលខ្លួនត្រូវធ្វើ ។ ម្យ៉ាងទៀតអំពើអនីត្យានុកូលនោះត្រូវតែមានទំនាក់ទំនងហេតុផល រវាងអំពើរបស់អ្នកប្រព្រឹត្តអំពើបំពាន និងការកើតឡើងនៃការខូចខាត និងការខូចខាតដែលកើតឡើងលើជនរងគ្រោះ ។
ក្រៅពីអំពើអនីត្យានុកូលទូទៅក្រមរដ្ឋប្បវេណីបានបញ្ញតិ្តអំពីទម្រង់មួយទៀត គឺអំពើអនីត្យានុកូលដែលជាទម្រង់ពិសេស ។ ទាក់ទងទៅនឹងទម្រង់នេះ ក្រមរដ្ឋប្បវេណីគឺបានបញ្ញត្តិអំពើប្រធាន ឬបុគ្គលដែលមានកាតព្វកិច្ចក្នុងការទទួលខុសត្រូវព្រមជាមួយនឹងលក្ខខណ្ឌនានា ស្ដីពីទម្រង់ពិសេសនៃអំពើអនីត្យានុកូលនេះ ។ ការទទួលខុសត្រូវចំពោះអំពើអនីត្យានុកូលទាំងអស់នេះ អាចហៅបានថាជាការទទួលខុសត្រូវចំពោះអំពើអនីត្យានុកូលរបស់អ្នកដទៃ ។
នីតិជនដែលបានប្រព្រឹត្តកំហុសបង្កអោយមានគ្រោះថ្នាក់ ការខូខាត ឬបាត់បង់ផលប្រយោជន៍របស់អ្នកដទៃ ជននោះត្រូវទទួលខុសត្រូវចំពោះអំពើរបស់ខ្លួន ដោយហេតុថាបានបង្កើតកំហុសបណ្តាលអោយមានព្យសនកម្ម និងមានចំណងហេតុ និងផល ។ កំហុស គឺជាអំពើប្រព្រឹត្តដោយចេតនា ឬអចេតនា ដែលបង្កការខូចខាតដល់អ្នកដទៃ ។ កំហុសចេតនា ជាអំពើបំពាន ដោយព្យាករទុកជាមុនថានឹងមានលទ្ធផលកើតឡើង ហើយទទួលយកនូវលទ្ធផលនោះ ។ កំហុសអចេតនា ជាអំពើបើតាមប្រក្រតីបុគ្គលដែលមានឋានៈនៃការងារ ឬបទពិសោធន៍ស្មើគ្នា នឹងអ្នកប្រព្រឹត្តអាចព្យាករទុកជាមុននៃលទ្ធផលក៏ដោយ ក៏អ្នកប្រព្រឹត្តនៅតែមិនយល់ដឹង និងវិនិច្ឆ័យបានអំពីលទ្ធផលនោះ ដោយសារការធ្វេសប្រហែស ការមិនប្រុងប្រយ័ត្ន ទោះបីជាមានករណីកិច្ចជៀសវាងក៏នៅតែប្រព្រឹត្តបំពាន ។ ព្យសនកម្ម គឺជាការបង្កការខូចខាតផ្នែកសម្ភារៈ រាងកាយ ផ្លូវចិត្តដល់អ្នកដទៃ ដែលកើតចេញពីកំហុសចេតនា ឬអចេតនា ។ ចំណងហេតុ និងផល ជាទំនាក់ទំនងរវាងអំពើនិងព្យសនកម្ម ដែលបានកើតឡើង បើតាមប្រក្រតីបើគ្មានអំពើបំពាន ក៏គ្មានការខូចខាត ឬលទ្ធផលកើតឡើងដែរ ។
ដូចមានចែងក្នុងក្រមរដ្ឋប្បវេណី អំពីជនមួយចំនួនដែលត្រូវបានកម្រិតសមត្ថភាពដូចជា ៖
អនីតិជន (មាត្រា ១៧ ) ជននៅក្រោមអាណាព្យាបាលទូទៅ (មាត្រា២៤) និងជននៅក្រោមហិតូបត្ថម្ភ (មាត្រា ២៨) ដែលជនទាំងនេះត្រូវការជាចាំបាច់ឲ្យមានអ្នកគ្រប់គ្រងឬ អ្នកតំណាងរបស់ខ្លួន ព្រោះថាពួកគេពុំមាន ឬមានសមត្ថភាពតិចតូចក្នុងការវិនិឆ្ឆ័យ ឬស្វែងយល់ពីសកម្មភាពរបស់ខ្លួនឲ្យបានច្បាស់លាស់នោះទេ ។ ដូចនេះហើយទើបក្រមរដ្ឋប្បវេណីបានបញ្ញត្តិ អំពីការទទួលខុសត្រូវចំពោះអំពើទាំងឡាយណារបស់ជនដែលត្រូវបានកម្រិតសមត្ថភាព ដែលបានបង្កជាព្យាសនកម្ម ឬប៉ះពាល់ដល់អ្នកដទៃដោយអ្នកមានករណីកិច្ចត្រួតពិនិត្យ។ ជាក់ស្ដែង នៅក្នុងមាត្រា ៧៤៦ នៃក្រមរដ្ឋប្បវេណី បានចែងអំពីអ្នកដែលមានករណីកិច្ចត្រួតពិនិត្យ មានន័យថាអ្នកដែលច្បាប់បានកំណត់ក្នុងការគ្រប់គ្រង ឬត្រួតពិនិត្យលើជនដែលត្រូវបានកម្រិតសមត្ថភាពទាំងនោះ ដូចជាអ្នកមានអំណាចមេបា អ្នកអាណាព្យាបាល អ្នកអាណាព្យាបាលទូទៅ និងហិតូបត្ថម្ភកៈ ដែលត្រូវទទួលខុសត្រូវចំពោះអំពើដែលអ្នកស្ថិតក្រោមការគ្រប់គ្រងបានធ្វើ ហើយនិងបង្កឲ្យមានការខូតខាតចំពោះអ្នកដទៃ ។ ទោះជាយ៉ាងណាក៏មានអញ្ញត្រកម្មផងដែរ ចំពោះការទទួលខុសត្រូវរបស់អ្នកដែលមានករណីយ កិច្ចត្រួតពិនិត្យដូចជា ចំពោះអនីតិជនដែលមានអាយុចាប់ពី ១៤ ឆ្នាំ ដល់ក្រោម ១៨ ឆ្នាំ បើពួកគេបានប្រព្រឹត្តអំពើបំពានណាមួយដ៏អ្នកដទៃនោះ ត្រូវមានការទទួលខុសត្រូវដោយសាមគី្គភាពរវាងអនីតិជននោះ និងអ្នកដែលមានករណីកិច្ចត្រួតពិនិត្យ (មាត្រា៧៤៦ ក.ថ ២)។ ម្យ៉ាងទៀត ប្រសិនអ្នកដែលមានករណីកិច្ចត្រួតពិនិត្យបានបញ្ជាក់ថាខ្លួនបានបំពេញករណីកិច្ចត្រួតពិនិត្យជាប្រក្រតី នោះអាចរួចផុតពីការទទួលខុសត្រូវក្នុងការសងការខូចខាតបាន(មាត្រា ៧៤៦ ក.ថ ៣) ។
និយោជក ជាអ្នកប្រើនិយោជិតឲ្យធ្វើសកម្មភាពណាមួយ ដើម្បីរកផលចំណេញឲ្យខ្លួនហេតុនេះហើយ ចំពោះអំពើអនីត្យានុកូលដែលបង្កឡើងដោយនិយោជិតក្នុងការអនុវត្តកិច្ចការ និយោជកត្រូវទទួលខុសត្រូវជំនួសនិយោជិត ។
យោងតាមមាត្រា ៧៤៧ លក្ខខណ្ឌនៃការទទួលខុសត្រូវរបស់និយោជក គឺមានដូចជា ៖
- បុគ្គលដែលត្រូវទទួលខុសត្រូវអាចជានិយោជក ដែលប្រើនិយោជិតដើម្បីអនុវត្តកិច្ចការ ឬ បុគ្គលដែលស្ថិតក្នុងឋានៈត្រូវត្រួតពិនិត្យនិយោជិតជំនួសនិយោជក។
- ការបង្កការខូចខាតកើតចេញសកម្មភាពអនុវត្តការងារ
- និយោជិតមានកំហុសចេតនា ឬអចេតនា និយោជកត្រូវទទួលខុសត្រូវ ទោះបីជាខ្លួនគ្មានកំហុសក៏ដោយ នេះជាប្រភេទនៃការទទួលខុសត្រូវដែលមានលក្ខណៈតឹងតែង ។ មួយវិញទៀត អ្នកត្រួតពិនិត្យនិយោជិតជំនួសនិយោជក ក៏ត្រូវទទួលខុសត្រូវផងដែរ ប៉ុន្តែបើក្នុងករណីដែលបុគ្គលនោះបានត្រួតពិនិត្យត្រឹមត្រូវ ហើយនោះអាចយកមកបញ្ជាក់ដើម្បីរួចផុតពីការទទួលខុសត្រូវចំពោះការខូតខាតនោះបាន (មាត្រា ៧៤៧ ក.ថ ២) ។ បើយោងទៅតាមកថាខណ្ឌទី ៣ នៃមាត្រា ៧៤៧ ឃើញថា និយោជក ឬអ្នកត្រួតពិនិត្យជំនួសនិយោជក អាចទាមទារសំណងពីនិយោជិតបានអាស្រ័យទៅតាមកម្រិតនៃកំហុសរបស់និយោជិតនោះ ។ យើងដឹងថា និយោជិតជាចារីផ្ទាល់នោះត្រូវមានកាតព្វកិច្ចសងការខូតខាតរួមជាមួយនិយោជក ឬអ្នកត្រួតពិនិត្យជំនួសនិយោជក ប៉ុន្តែនិយោជក ឬអ្នកត្រួតពិនិត្យជំនួសនិយោជកមិនអាចទាមទារសំណងបានទេប្រសិនបើទំហំនៃកំហុសមានកម្រិតតិចតួច ។
ទាក់ទងនិងការទទួលខុសត្រូវ ចំពោះអំពើអនីត្យានុកូលរបស់នីតិបុគ្គលនេះដែរ បើយោងទៅតាមមាត្រា ៧៤៨ នៃក្រមរដ្ឋប្បវេណី ឃើញថាមានលក្ខណៈប្រហាក់ប្រហែលទៅនិងបញ្ញត្តិនៃការទទួលខុសត្រូវរបស់និយោកជកផងដែរ ព្រោះថាវាស្ថិតក្នុងស្ថានភាពមួយដូចគ្នា ដែលកើតចេញពីបុគ្គលដែលធ្វើការនៅក្នុងរោងចក្រ សហគ្រាស ឬ ក្រុមហ៊ុនណាមួយ ។ ប៉ុន្តែវាមានភាពខុសគ្នាមួយចំនួនដូចជា ៖
- ក្នុងករណីអំពើអនីត្យានុកូលរបស់នីតិបុគ្គល អ្នកប្រព្រឹត្តអំពើបំពានគឺត្រូវបានកម្រិតចំពោះសមាជិកនាយក ឬ អ្នកតំណាងស្របច្បាប់របស់នីតិបុគ្គលនោះ ចំណែកក្នុងករណីនៃការទទួលខុសត្រូវរបស់និយោជក គ្មានការកំណត់បែបនេះទេ តែជាការទទួលខុសត្រូវរបស់រូបវ័ន្តបុគ្គលម្នាក់ដែលជានិយោជក ចំពោះអំពើរបស់វូបវ័ន្តបុគ្គលម្នាក់ទៀតដែលជានិយោជិត ។
- នីតិបុគ្គលមិនអាចធ្វើការតវ៉ាដើម្បីរួចផុតពីការទទួលខុសត្រូវ ដូចជាការតវ៉ានៅក្នុងករណីនៃការទទួលខុសត្រូវ របស់បុគ្គល ដែលត្រួតពិនិត្យជំនួសនិយោជកដោយអះអាងពីការគ្រប់គ្រងត្រឹមត្រូវបានឡើយ ។ ចំពោះអំពើអនីត្យានុកូល ដែលបានប្រព្រឹត្តដោយអ្នកតំណាងរបស់នីតិបុគ្គល គឺសាមីខ្លួនអ្នកតំណាងនោះជាអ្នកទទួលខុសត្រូវ ហើយក្រៅពីនេះនីតិបុគ្គលក៏ត្រូវទទួលខុសត្រូវផងដែរ ។ ពាក់ព័ន្ធនឹងការទទួលខុសត្រូវចំពោះអំពើអនីត្យានុកូលរបស់នីតិបុគ្គល ពុំមានបញ្ញត្តិ លើកលែងដូចការទទួលខុសត្រូវរបស់និយោជកទេ ពោលគឺមានភាពតឹងតែងជាង ដោយហេតុថាទំនាក់ទំនងរវាងអ្នកតំណាង នឹងនីតិបុគ្គល គឺមានភាពជិតស្និទ្ធណាស់ ។ លើសពីនេះទៅទៀត អំពើរបស់ស្ថាប័នតំណាង គឺជាអំពើរបស់នីតិបុគ្គលនោះតែម្តង ។ ឧទាហរណ៍ អ្នកតំណាងក្រុមហ៊ុនម្នាក់បានធ្វើសកម្មភាពអនុវត្តភារកិច្ច ដោយចុះកិច្ចសន្យាមួយ ដែលក្នុងនាមបម្រើផលប្រយោជន៍ឲ្យក្រុមហ៊ុន តែកិច្ចសន្យានោះបែរជាមានផលប៉ះពាល់ដល់ផលប្រយោជន៍របស់បុគ្គលដែលជាភាគីនៃកិច្ចសន្យាដោយខុសច្បាប់ ដែលទាមទារឲ្យមានការទទួលខុសត្រូវសងការខូចខាតដល់ភាគីរងគ្រោះ ។ ក្នុងករណីនេះនីតិបុគ្គលពោល គឺក្រុមហ៊ុនត្រូវទទួលខុសត្រូវចំពោះអំពើរបស់អ្នកតំណាងនោះជាដាច់ខាត ដោយមិនអាចលើកឡើងនូវហេតុផល ដើម្បីរួចផុតពីការទទួលខុសត្រូវឡើយ ។ ទោះជាយ៉ាងណា នីតិបុគ្គលអាចទាមទារសំណងពីអ្នកតំណាង ដែលបានប្រព្រឹត្តអំពើបង្កការខូចខាតនោះ ។ (មាត្រា៧៤៨ កថាខណ្ឌ២ នៃក្រមរដ្ឋប្បវេណី) ។
ជាបញ្ញត្តិមួយថ្មី ដែលបង្ហាញពីសមភាពរវាងរដ្ឋ និងប្រជាពលរដ្ឋ ដោយសារតែរដ្ឋគឺមាននូវអំណាចមួយដែលហៅថា បុព្វសិទ្ធិនៃអំណាចសាធារណៈ ដែលនៅក្នុងន័យនេះគឺគ្មានទេសមភាពរវាងរដ្ឋ និងប្រជាពលរដ្ឋនោះ ។ ប៉ុន្តែក្នុងទិដ្ឋភាពនេះមិនមានន័យថាប្រជាពលរដ្ឋត្រូវតែមានសមភាពជាមួយរដ្ឋគ្រប់កាលៈទេសៈនោះទេ គឺថាប្រជាពលរដ្ឋមានសិទ្ធិប្តឹងទាមទារសំណង ការខូតខាតពីរដ្ឋបាន ដូចមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ (មាត្រា ៣៩) តែប៉ុណ្ណោះ ។ ដោយអនុលោមទៅតាមស្មារតីនៃរដ្ឋធម្មនុញ្ញ ទើបក្រមរដ្ឋប្បវេណី ត្រង់មាត្រា ៧៤៩ បានបញ្ញត្តិអំពីអនីត្យានុកូលរបស់មន្ត្រីរាជការ និងបញ្ជាក់អំពីលក្ខខណ្ឌដូចជា ៖
- បុគ្គលប្រព្រឹត្តអំពើអនីត្យានុកូលត្រូវជាមន្ត្រីរាជការ
- ប្រព្រឹត្តអំពើក្នុងពេលទទួលនូវការអនុវត្តអំណាចសាធារណៈ ជាលក្ខខណ្ឌមួយដែលតម្រូវឲ្យមានជាដាច់ខាត ដូចនេះសកម្មភាពឯកជនរបស់មន្ត្រីរាជការ មិនបណ្តាលឲ្យមានការទទួលខុសត្រូវរបស់រដ្ឋ ។
- បង្កការខូចខាតដល់អ្នកដទៃដោយខុសច្បាប់ ដោយកំហុសចេតនា ឬដោយកំហុសអចេតនា យោងតាមមាត្រា ៧៤៩ កថាខណ្ឌទី១ មន្ត្រីសាធារណៈផ្ទាល់មិនទទួលខុសត្រូវចំពោះអំពើបំពានទេ ប៉ុន្តែមានតែរដ្ឋប៉ុណ្ណោះ ដែលត្រូវទទួលខុសត្រូវចំពោះអំពើអនីត្យានុកូល នៅពេលអនុវត្តនូវអំណាចសាធារណៈរបស់រដ្ឋ ឬស្ថាប័នសាធារណៈ ។ រដ្ឋ ឬ ស្ថាប័នសាធារណអាចទាមទារសំណងបានតែនៅពេលដែលមន្ត្រីរាជការបានបំពានករណីកិច្ចធ្ងន់ធ្ងរ (មាត្រា ៧៤៩ ក.ថ ២) ។ ចំពោះចំណុចខុសគ្នាទៅនឹងការទទួលខុសត្រូវរបស់និយោជក គឺពុំមានបញ្ញត្តិលើកលែងសម្រាប់រដ្ឋ ឬអង្គការសង្គម ដើម្បីរួចផុតពីការទទួលខុសត្រូវនោះទេ ហើយការទាមទារសំណងដោយរដ្ឋ ឬដោយអង្គការសង្គមចំពោះសាមីខ្លួនជាមន្ត្រីរាជការអាចធ្វើទៅបាន តែក្នុងករណីដែលមានការធ្វើសកម្មភាពផ្ទុយនឹងករណីកិច្ចធ្ងន់ធ្ងរតែប៉ុណ្ណោះ ។ ឧទាហរណ៍ កម្លាំងមានសមត្ថកិច្ចទទួលបានអំណាចបង្រ្កាបបទល្មើស ដែលកើតមានក៏ប៉ុន្តែក្នុងពេលអនុវត្តភារកិច្ចនោះដោយមានការប្រើប្រាស់កម្លាំងបាញ់ប្រឆាំងនឹងការបង្រ្កាបរបស់សមត្ថកិច្ចពីសំណាក់ជនល្មើសសមត្ថកិច្ច ក៏សម្រេចប្រើប្រាស់កម្លាំង ដើម្បីទប់ទល់នឹងជនល្មើសវិញ ។ ក្នុងខណៈដែលសមត្ថកិច្ចសម្រេចប្រើប្រាស់អាវុធ ស្រាប់តែគ្រាប់កាំភ្លើងរបស់សមត្ថកិច្ចម្នាក់បានផ្លាតទៅត្រូវប្រជាពលរដ្ឋម្នាក់បណ្តាលឲ្យរងរបួស ។ ដូចនេះស្ថាប័នដែលជាអ្នកតំណាងឲ្យសមត្ថកិច្ចនេះត្រូវទទួលខុសត្រូវចំពោះអំពើរបស់មន្ត្រីនោះ ដែលបានបង្កការខូចខាតដល់ជនរងគ្រោះ ។ ទោះជាយ៉ាងនេះប្រសិនបើរកឃើញថា សមត្ថកិច្ចនោះបានបំពានករណីកិច្ចជៀសវាងនូវការបង្កការខូចខាតធ្ងន់ធ្ងរ ដោយធ្វើការបាញ់តបតជាមួយជនល្មើសក្នុងទីប្រជុំជននោះស្ថាប័នតំណាងមន្ត្រីនោះអាចទាមទារសំណងពីមន្ត្រីនោះបាន ។
យោងតាមមាត្រា ៧៥០ នៃក្រមរដ្ឋប្បវេណី មិនបានបង្ហាញពីកំហុស (ចេតនា ឬអចេតនា) របស់អ្នកកាន់កាប់សត្វនោះទេ ដូចនេះអ្នកកាន់កាប់សត្វត្រូវទទួលខុសត្រូវក្នុងការសងការខូតខាត ប្រសិនបើមានទោះជានៅពេលដែលអ្នកកាន់កាប់នោះបានបង្ហាញថាខ្លួនបានគ្រប់គ្រងដោយត្រឹមត្រូវនិងគ្មានកំហុសក៏ដោយ ។ ចំពោះលក្ខខណ្ឌនៃការទទួលខុសត្រូវ
របស់អ្នកកាន់កាប់នេះទៀតសោត គឺត្រូវតែជាអ្នកកាន់កាប់សត្វដែលបានបណ្តាលឲ្យមានការខូចខាតដល់អ្នកដទៃ ព្រមទាំងទំនាក់ទំនងរវាងហេតុ និងផលជាចាំបាច់ ទើបអាចនាំឲ្យមានការទទួលខុសត្រូវ ។ ការពិចារណាលើលក្ខខណ្ឌចំពោះអ្នកកាន់កាប់សត្វ គឺមិនចាំបាច់ថាអ្នកកាន់កាប់សត្វនោះមានកំហុស ឬគ្មានកំហុសនោះទេមានន័យថា អ្នកកាន់កាប់ត្រូវតែទទួលខុសត្រូវដោយគ្មានកំហុស ដែលមិនអាចមានការអនុគ្រោះឲ្យរួចផុតពីកាទទួលខុសត្រូវទេ ។ ឧទាហរណ៍ ការបណ្តែតបណ្តោយឲ្យសត្វគោរបស់ខ្លួនដើរពាលវាលលើថ្នល់ ហើយសត្វបង្កឲ្យអ្នកដទៃមានគ្រោះថ្នាក់ចរាចរណ៍រងរបួសជាដើម ។
តាមក្រមរដ្ឋប្បវេណី មាត្រា ១១៩ បានផ្តល់និយមន័យលើវត្ថុ ថាគឺសំដៅលើរបស់ដែលមានរូបរាងជាសារធាតុឧស្ម័ន ជាសារធាតុរាវ និងសាធាតុរឹង ។ វត្ថុអាចជាចលនវត្ថុ និងអចលវត្ថុ ដោយសារវត្ថុទាំងនេះអាចប៉ះពាល់ដល់មនុស្ស ដែលកើតចេញពីអ្នកគ្រប់គ្រង ឬអ្នកផលិតវត្ថុទាំងនោះ ដូចនេះហើយទើបមាត្រា ៧៥១ នៃក្រមរដ្ឋប្បវេណី បានបញ្ញត្តិអំពីការទទួលខុសត្រូវចំពោះផលិតផលរបស់អ្នកផលិតវត្ថុនោះ ។ ចំពោះការទទួលខុសត្រូវរបស់អ្នកផលិតវត្ថុនោះ ត្រូវតែកើតចេញពីការមានវិការៈនាំឲ្យមានគ្រោះថ្នាក់មិនសមហេតុផល និងបណ្តាលឲ្យការខូចខាតដល់អ្នកដទៃ ។ យោងតាមមាត្រា ៧៥១ អ្នកដែលត្រូវបានកំណត់ថាត្រូវទទួលខុសត្រូវរួមមាន ៖
- អ្នកដែលផលិតចលនវត្ថុដែលផ្សំដោយគ្រឿង ឬ វត្ថុធាតុដើមដែលមានវិការៈ
- អ្នកនាំចូល
- បុគ្គលដែលបានដាក់សញ្ញានៃនាមករណ៍របស់ខ្លួននៅលើចលនវត្ថុ ក៏ត្រូវចាត់ទុកថាជាអ្នកផលិតដែរ ហើយត្រូវទទួលខុសត្រូវផងដែរក្នុងករណីដែលអ្នកប្រើប្រាស់ ឬអ្នកបរិភោគ ឬអ្នកដទៃទៀត មានការខូចខាតដោយសារតែទំនិញ (ផលិតផល) ដែលអ្នកផលិតបានលក់មានវិការៈ អ្នកផលិតត្រូវទទួលខុសត្រូវនូវសំណងនៃការខូចខាតនោះ បន្ថែមលើនេះអ្នកដែលប្រើប្រាស់នូវផលិតផល ដែលមានវិការៈនោះអាចទាមទារឲ្យអ្នកផលិតទទួលខុសត្រូវ ដោយគ្រាន់តែបញ្ជាក់ភស្ដុតាងអំពីវិការៈប៉ុណ្ណោះ គឺមិនចាំបាច់បញ្ជាក់ភស្តុតាងថាអ្នកផលិតមានកំហុសនោះទេ ។ ឧទាហរណ៍ ផលិតករផ្ទាល់ឬអ្នកដែលត្រូវចាត់ទុកជាផលិតករត្រូវទទួលខុសត្រូវចំពោះផលិតផលរបស់ខ្លួន ដែលមានផ្ទុកទៅដោយសារធាតុដែលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពរបស់អ្នកប្រើប្រាស់ ។ ប៉ុន្តែបញ្ញត្តិការទាមទារនេះមិនអាចធ្វើបានទេ ចំពោះករណីដែលមិនអាចប្រមាណនូវវិការៈនោះតាមកម្រិតវិទ្យាសាស្ត្រនៃបច្ចេកទេស ដែលមាននៅក្នុងសម័យដែលផលិតនោះ (មាត្រា៧៥១ ក.ថ ១) ។
បើពិនិត្យតាមមាត្រា ៧៥២ យើងឃើញថា វត្ថុដែលមានកំណត់នៅក្នុងចំនុចនេះសុទ្ធសឹងតែជាប្រភេទវត្ថុ ដែលមានអត្រាគ្រោះថា្នក់ខ្ពស់ ដូចជាគ្រឿងផ្ទុះវត្ថុធាតុវិទ្យុសកម្ម វត្ថុធាតុគីមី ដែលមានជាតិពុលអតិសុខុមប្រាណឧត្បាត ឬគ្រឿងដែលមានកម្រិតគ្រោះថ្នាក់ផ្សេងទៀត ឬរថយន្ត និងគ្រឿងចក្រសម្រាប់ដឹកជញ្ជូនផ្សេងៗ ។ ដូចនេះទាមទារឲ្យមានការគ្រប់គ្រងឲ្យបានហ្មត់ចត់ ។ ដូចនេះប្រសិនបើវត្ថុទាំងនោះបានបង្កឲ្យមានការខូតខាតដល់អ្នកដទៃ នោះកម្មសិទ្ធិករត្រូវទទួលខុសត្រូវក្នុងការសងការខូតខាតទាំងនោះ ដែលកើតចេញពីកំហុសរបស់ខ្លួន ។ ឧទាហរណ៍ រោងចក្រនុយក្លេអ៊ែរមួយកន្លែងបានធ្លាយធាតុវិទ្យុសកម្មតាមបំពង់់ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ ដែលនៅក្បែរនោះយ៉ាងធ្ងន់ធ្ងរ ។ ដូចនេះម្ចាស់កម្មសិទ្ធិរោងចក្រនោះត្រូវទទួលខុសត្រូវចំពោះសំណងខូចខាតដល់ជនរងគ្រោះទាំងអស់។
ប៉ុន្តែកម្មសិទ្ធិករក៏មានសិទ្ធិក្នុងការតវ៉ាក្នុងការមិនទទួលខុសត្រូវបានដែរ ក្នុងករណីប្រធានសក្កិ ការគ្រប់គ្រងវត្ថុដោយគ្មានវិការៈ ហើយការខូចខាតបណ្តាលមកពីអំពើរបស់ជនរងគ្រោះ ឬតតិយជន ឧទាហរណ៍ករណីខាងលើដដែល បើការលេចធ្លាយធាតុវិទ្យុសកម្មនោះ បណ្តាលមកពីគ្រោះធម្មជាតិធ្ងន់ធ្ងរ ដែលមិនអាចទប់ស្កាត់បានហើយខ្លួនបានគ្រប់គ្រងដោយត្រឹមត្រូវ និងព្យាយាមធ្វើគ្រប់បែបយ៉ាង ដើម្បីជៀសវាងបង្កផលប៉ះពាល់ ហើយនោះនោះកម្មសិទ្ធិករអាចរួចផុតពីការទទួលខុសត្រូវបាន ។
នេះជាចំនុចមួយសំខាន់ផងដែរ ដែលកំណត់ពីផលវិបាកនានាទាក់ទងនិងការគ្រប់គ្រងសំណង់ ដែលជាប់នឹងដីក្នុងករណីសំណង់នោះបានបង្កការខូចខាត ឬប៉ះពាល់ដល់ផលប្រយោជន៍របស់អ្នកដទៃ ។ ហេតុនេះហើយមាត្រា ៧៥៣ (ក.ថ២) បានបញ្ញត្តិអំពីបញ្ហាទាំងនេះ ចំពោះវិការៈដែលកើតចេញពីសំណង់ដែលជាប់នឹងដីនោះ ហើយត្រូវមានការទទួលខុសត្រូវចំពោះការខូតខាតទាំងឡាយពីកម្មសិទ្ធិករ និងអ្នកគ្រប់គ្រងសំណង់នោះដោយសាមគ្គីដែលត្រូវកំណត់ទៅតាមកម្រិតនៃការបង្កឲ្យមានវិការៈនៃការសាងសង់ ឬគ្រប់គ្រង ។ ឧទាហរណ៍ អាគារពាណិជ្ជកម្មដែលមានកម្ពស់ ៤០ជាន់មួយកន្លែង បានបង្កការខូចខាតដល់អ្នកដទៃក្នុងពេលកំពុងសាងសង់ពោល គឺមានការធ្លាក់នូវបំណែកកញ្ចក់នៃអាគារមកលើអ្នកធ្វើដំណើរក្បែរនោះបណ្តាលឲ្យមានរបួសធ្ងន់ ។ ដូចនេះទាំងម្ចាស់អាគារ និងអ្នកគ្រប់គ្រងការសាងសង់ត្រូវទទួលខុសត្រូវសងការខូចខាត ដល់ជនរងគ្រោះដោយសាមគ្គី ។ ប៉ុន្តែអ្នកគ្រប់គ្រងអាចរួចផុតពីការទទួលខុសត្រូវបានកាលណាមានភស្តុតាងបញ្ជាក់ថា ខ្លួនបានធ្វើការគ្រប់គ្រងដោយត្រឹមត្រូវ (មាត្រា ៧៥៣ ក.ថ១) ។