Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១- តើអ្វីជាម៉ាក ?

២- តើម៉ាកមានលក្ខណៈជាអ្វីខ្លះ ?

៣- តាមមាត្រា៤នៃច្បាប់ស្តីពីម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ កំណត់ពីម៉ាកមួយចំនួនដែលមិនអាចចុះបញ្ជីបានមានអ្វីខ្លះ ?

៤- តើសិទ្ធិអ្វីខ្លះដែលទទួលបានតាមរយៈការចុះបញ្ជីម៉ាក ?

៥- តើអ្វីជាពាណិជ្ជនាម ?

ចម្លើយ

១- ម៉ាក គឺជាសញ្ញាដែលមើលឃើញ ហើយអាចសម្គាល់លក្ខណៈខុសគ្នានៃទំនិញ ឬសេវានៃសហគ្រាសនីមួយៗ ។ ម៉ាកដែលប្រើប្រាស់សម្រាប់ទំនិញហៅថាពាណិជ្ជកម្មសញ្ញា ហើយម៉ាកដែលប្រើប្រាស់សម្រាប់សេវា ហៅថាសេវាសញ្ញា ។

២- ម៉ាកមានលក្ខណៈជា ពាក្យ អក្សរ រូបភាព រូបសញ្ញា (ឡូហ្គោ) និមិត្តសញ្ញា ពណ៌ បង្គុំនៃពណ៌ ឬបង្គុំនៃសញ្ញាទាំងនេះ ។ មិនមែនគ្រប់ម៉ាកទាំងអស់សុទ្ធតែអាចចុះបញ្ជី ដើម្បីទទួលបានកិច្ចការពារនោះទេ ។

៣- តាមមាត្រា៤នៃច្បាប់ស្តីពីម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ កំណត់ពីម៉ាកមួយចំនួនដែលមិនអាចចុះបញ្ជីបានមានដូចជា ៖

  • ម៉ាកដែលមិនអាចសម្គាល់លក្ខណៈខុសគ្នានៃទំនិញឬសេវា របស់សហគ្រាសមួយទៅនឹងសហគ្រាសមួយផ្សេងទៀត ។
  • ម៉ាកដែលបណ្តាលឲ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ សីលធម៌ ឬប្រពៃណីល្អរបស់ជាតិ ។
  • ម៉ាកដែលនាំឲ្យសាធារណជនឬមជ្ឈដ្ឋានពាណិជ្ជកម្មភាន់ច្រឡំទៅនឹងប្រភពភូមិសាស្ត្រទំនិញ ឬសេវាពាក់ព័ន្ធ ឬធាតុដើម ឬលក្ខណៈខាងក្រៅរបស់ទំនិញ ឬសេវានោះ ។
  • ម៉ាកដែលដូចគ្នានឹង/ឬត្រាប់តាម ឬមានចំណុចណាមួយដូច សញ្ញាជាតិ ទង់ជាតិ និងនិមិត្តរូបផ្សេងៗ ឈ្មោះឬឈ្មោះសង្ខេប ឬអក្សរកាត់ ឬសញ្ញាឬត្រាជាផ្លូវការ ដែលអនុម័ត ដោយរដ្ឋណាមួយ អង្គការអន្តររដ្ឋាភិបាល ឬអង្គការដែលបង្កើតដោយអនុសញ្ញាអន្តរជាតិមួយ លើកលែងតែមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច នៃរដ្ឋនោះឬអង្គការនោះ ។
  • ម៉ាកដែលដូចគ្នាឬប្រហាក់ប្រហែលគ្នា ដែលនាំឲ្យច្រឡំនឹងម៉ាកឬពាណិជ្ជនាមមួយដែលល្បីក្នុងព្រះរាជាណាចក្រកម្ពុជា ឬបង្កើតពីការបកប្រែនៃម៉ាក ឬពាណិជ្ជនាមដែលល្បីនោះ សម្រាប់ទំនិញឬសេវាដូចគ្នា ឬប្រហាក់ប្រហែលគ្នានៃសហគ្រាសមួយទៀត ។
  • ម៉ាកដែលដូចគ្នាឬប្រហាក់ប្រហែលដែលនាំឲ្យច្រឡំនឹងម៉ាក ឬពាណិជ្ជនាមមួយដែលល្បីឬបង្កើតពីការបកប្រែនៃម៉ាកឬពាណិជ្ជនាមដែលល្បីនោះ ហើយដែលបានចុះបញ្ជីនៅក្នុង ព្រះរាជាណាចក្រកម្ពុជា សម្រាប់ទំនិញឬសេវាដែលមិនដូចគ្នា ឬមិនប្រហាក់ប្រហែលគ្នា ដោយការប្រើប្រាស់ម៉ាកនោះ ធ្វើឲ្យខូចប្រយោជន៍របស់ម្ចាស់ម៉ាកល្បី ។
  • ម៉ាកដែលដូចឬស្ទើរតែដូចគ្នាទាំងស្រុងទៅនឹងម៉ាកដែលជាកម្មសិទ្ធិរបស់ម្ចាស់ផ្សេង ដែលបានចុះបញ្ជីរួចហើយ ឬបានដាក់ពាក្យស្នើសុំចុះបញ្ជីមុន ឬបានទទួលអាទិភាពចុះបញ្ជីមុននៅឯបរទេស ចំពោះទំនិញឬសេវាដូចគ្នាឬទំនិញឬសេវាដែលពាក់ព័ន្ធគ្នាយ៉ាងជិតស្និទ្ធិ ។

៤- សិទ្ធិដែលទទួលបានតាមរយៈការចុះបញ្ជីម៉ាកមានដូចជា ៖

  • ចំពោះម៉ាកដែលទាក់ទងនឹងទំនិញឬសេវា ដែលបានចុះបញ្ជីរួចហើយ ការប្រើប្រាស់ម៉ាកនោះ ដោយជនណាមួយក្រៅពីម្ចាស់ដើម ត្រូវមានការយល់ព្រមពីម្ចាស់ម៉ាកដើមជាមុនសិន ។
  • ម្ចាស់ដើមនៃម៉ាកមានសិទ្ធិប្តឹងទៅតុលាការប្រឆាំងនឹងជនណាម្នាក់​ ដែលប្រើប្រាស់ដោយរំលោភនូវម៉ាករបស់ខ្លួន ដោយគ្មានការយល់ព្រមពីម្ចាស់ដើម ។ ម្ចាស់ដើមក៏មានសិទ្ធិប្តឹងផងដែរចំពោះការប្រើប្រាស់នូវសញ្ញាដែលប្រហាក់ប្រហែលនឹងម៉ាកដែលខ្លួនបានចុះបញ្ជីរួចហើយ និងការប្រើប្រាស់ម៉ាកដែលទាក់ទិនទៅនឹងទំនិញ នឹងសេវាដែលប្រហាក់ប្រហែលទៅនឹងទំនិញឬសេវានៃម៉ាកដែលចុះបញ្ជីរួចហើយ ដែលអាចបណ្តាលឲ្យមានការភាន់ច្រឡំជាសាធារណៈ ។
  • សិទ្ធិដែលទទួលបានតាមរយៈការចុះបញ្ជី ម៉ាកនឹងមិនរាប់បញ្ចូលនូវការដាក់លក់ទំនិញនៅលើទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជា ដោយម្ចាស់ដែលបានចុះបញ្ជីឬដោយមានការយល់ ព្រមពីម្ចាស់ម៉ាកនោះទេ ។

រយៈពេលការពារនៃម៉ាក ម៉ាកដែលចុះបញ្ជីហើយមានសុពលភាព១០ឆ្នាំ ចាប់ពីកាលបរិច្ឆេទនៃការទទួលពាក្យស្នើសុំចុះបញ្ជី ។ តាមការស្នើសុំ ការចុះបញ្ជីម៉ាកមួយអាចធ្វើសាជាថ្មីសម្រាប់រយៈពេល១០ឆ្នាំម្តង ជាបន្តបន្ទាប់ក្នុងលក្ខខណ្ឌដែលម្ចាស់ដើមបង់អាករចុះបញ្ជីជាថ្មីតាមការកំណត់ ។ ការអនុគ្រោះចំពោះការយឺតយ៉ាវក្នុងការចុះបញ្ជីសាជាថ្មី ត្រូវបានអនុញ្ញាតត្រឹមរយៈពេល៦ខែ ។

៥- ពាណិជ្ជនាម គឺជាឈ្មោះ ឬសញ្ញាសម្គាល់ ឬជាឈ្មោះ និងសញ្ញាសម្គាល់ សម្រាប់បញ្ជាក់ និងសម្គាល់លក្ខណៈខុសគ្នានៃសហគ្រាសនីមួយៗ ។ ទោះជាច្បាប់ឬបទបញ្ជាទាំងឡាយចែងអំពីកាតព្វកិច្ចក្នុងការចុះបញ្ជីពាណិជ្ជនាមក៏ដោយ ក៏នាមទាំងនោះត្រូវបានការពារប្រឆាំងនិងទង្វើមិនស្របច្បាប់របស់ភាគីទីបី ទោះមុនការចុះបញ្ជីឬគ្មានការចុះបញ្ជីក៏ដោយ ។​ ការប្រើប្រាស់ពាណិជ្ជនាមជាបន្តបន្ទាប់ដោយភាគីទីបី ទោះបីជាពាណិជ្ជនាមឬម៉ាក ឬជាម៉ាកសមូលភាព ឬការប្រើប្រាស់ណាមួយ ដែលអាចធ្វើឲ្យសាធារណជនភាន់ច្រឡំ ត្រូវចាត់ទុកថាមិនស្របច្បាប់ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login