Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១.សីលញាណជាអ្វីនិងមានមុខងារដូច​ម្តេចខ្លះ ?

២. ដូចម្តេចដែលហៅថា ចិត្តញាណ ?

៣. តើចិត្តញាណ និងសីលញាណដូចគ្នានិងខុសគ្នាដូចម្តេចខ្លះ ?

៤. តើចិត្តញាណ និងលើញាណមានទំនាក់ទំនងគ្នាដូចម្តេច ?

៥. តើធម្មជាតិនៃសីលញាណ មានធាតុសំខាន់ៗប៉ុន្មាន ? គឺអ្វីខ្លះ ?

៦. តើទ្រឹស្តីជាតិ និយមយល់យ៉ាងណាចំពោះបញ្ហាដើមកំណើតសីលញាណ ?ចំពោះអ្នកគំនិតនេះ ត្រឹមត្រូវឬទេ ?

៧. តើទ្រឹស្តីពិសោធនិយមយល់ដូចម្តេចខ្លះអំពីដើមកំណើតសីលញាណ ?

៨. អំពីដើមកំនើតសីលញាណ តើទ្រឹស្តីវិចារណញាណនិយមយល់ដូចម្តេច ?

៩. ចូរវិភាគអំពីបំរែបំរួលនៃសីលញាណ ។

១០. ចូរសិក្សាពីចំនោទបញ្ហាបំរែបំរួលសីលញាណ ។

១១. ចូរពន្យល់គំនិតមួយដែរថាៈ មនុស្សដែលស្តាប់បង្គាប់ និងធ្វើតាមសីលញាណរបស់ខ្លួនជានិច្ច គ្មានអ្វីនឹងស្តាយក្រោយចំពោះអំពើរបស់ខ្លួន ។

១២. ហេតុអ្វីបានជាគេនិយាយថា សីលញាណជាសត្តិមួយមិននឹងថ្កល់ ?

ចម្លើយ

១. សីលញាណជាសញ្ចេ​តនានៃចិត្ត ដែលប្រកបដោយនិយមញុំាងមនុស្សអោយដោះស្រាយបញ្ហាកុសល និងអកុសល ។

សីលញាណជាសំលេងមួយ ដែលស្ថិតនៅក្នុងខ្លួនយើង បង្គាប់យើងអោយធ្វើអ្វីមួយដែលយើងត្រូវធ្វើ ។

វាជាកំលាំងក្នុងខ្លួនដែលធ្វើអោយខ្លួនមនុស្សចេះភ្ញាក់រលឹកដោយខ្លួនឯង ។ វាដើរតួជាចៅក្រមផង ជាសាក្សីផង ។ វាមានមុខងារជាអ្នកតាមសង្កេតពិនិត្យវិនិច្ឆ័យនិងដាក់ទណ្ឌកម្មឬអោយរង្វាន់ចំពោះសញ្ចតនានិងអំពើទាំងឡាយរបស់មនុស្ស ។

២. ចិត្តញាណជាអព្ភន្តរញាណដែលនាំអោយចិត្តដឹងពីភាព និងអំពើរបស់ខ្លួន​ ។

ចិត្តញាណ ជាអ្វីដែលនាំអោយចិត្តស្គាល់សច្ចភាពពិតប្រាកដ នៃសកម្មភាពរបស់មនុស្ស ។

វាគ្រាន់តែជាពន្លឺមួយ សំរាប់ពិនិត្យកត់ត្រាអ្វីដែលមានតថៈ​។

៣. ក.ភាពដូចគ្នារវាងចិត្តញាណ និងសីលញាណៈ

ចិត្តញាណ និងសីលញាណគឺជាសញ្ចេតនានៃចិត្តដែលនាំអោយយើងដឹងនិងជាអំនាចដែលមានគុណសម្បត្តិខាងប្រាប់សច្ចភាពដូចគ្នា ។

ខ. ភាពខុសគ្នារវាងចិត្តញាណ និងសីលញាណ

ចិត្តញាណ

ជាពន្លឺនៃការដឹង និងប្រាប់ការពិតជាក់ស្តែងនៅក្នុងសញ្ចេតនានិងអំពើរបស់យើង

ជាអ្នកទស្សនានិង វិនិច្ឆ័យតាមតថភាព

សីលញាណ

អោយដឹងនឹងញុំាងអោយបំពេញករណីយកិច្ចជាសំលេងទេពនៃចិត្តជាអ្នកណែនាំអោយធ្វើអំពើ និងជាអ្នកកាត់ទោសរកយុត្តិធម៌ និងជាសាក្សីផង

ជាអ្នកវិនិច្ឆ័យលើតំលៃនៃសញ្ចេតនានិងអំពើ

ឧទាហរណ៍ៈ នៅពេលខ្ញុំខឹង ចិត្តញាណប្រាប់ខ្ញុំថាខ្ញុំកំពុងខឹងឯសីលញាណប្រាប់ថាកំហឹងគឺជាកំគឺ ជាកំហុសមួយ​ ។

៤. សីលញាណនិងចិត្តញាណមានទំនាក់ទំនងនឹងគ្នាយ៉ាងជិតសិទ្ធបំផុត ។ ព្រោះមនុស្សមានចិត្តញាណ ទើបសីលញាណអាចចោទឡើងបាន ។ ធម្មតានៅចំពោះមុខសភាពការណ៍មួយមនុស្សអាចបែងចែកខ្លួនជាពីរគឺប្រធានដែលជាអ្នកសង្កេតពិនិត្យនិងវត្ថុដែលត្រូវបានទទួលការសង្កេតពិនិត្យមានន័យថា អត្ថិភាពនៃចិត្តញាណដែលជាអ្នកទស្សនាជាល័ក្ខខ័ណ្ឌចាំបាច់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៃអត្ថិភាពសីលញាណដែលជាអ្នកវិនិច្ឆ័យ និងបំពេញមុខងាររបស់ខ្លួន ។

៥. ទង្វើវិភាពលើសីលញាណបានលិចឡើងនូវទស្សនៈពីរគឺៈ​

សីលវិនិច្ឆ័យៈ គឺជាធាតុបញ្ញានៃញាណ ដែលញុំាងចិត្តអោយពិចារណានិងអោយតំលៃទៅលើសកម្មភាពដូចជាការវិនិច្ឆ័យទៅលើករណីកិច្ចលើសិទ្ធលើច្បាប់លើទំនួលខុសត្រូវរបស់បុគ្គល ។ល។

សីលសញ្ចេតនាៈ គឺជាធាតុវរទនានៃញាណ ដែលនៅជាមួយសីលវិនិច្ឆ័យដូចជាការស្រឡាញ់កុសល ស្អប់កុសល ការពេញចិត្តវិប្បដិសារៈចំពោះខ្លួនឯង ការគោរពរាប់អាន រឺការប្រមាថអ្នកដទៃ ។ល។ អាចរាប់បញ្ចូលទាំងសញ្ចេតនា តំកើង កិតិ្តយសនិងសញ្ចេតនាគោរពខ្លួនឯងផងដែរ ។

 

៦. អំពីហាដើមកំនើតសីលញាណៈ

  • រូស្សូយល់ថាៈ សីលញាណជាសំរេចអមតៈ នៃព្រះអាទិទេព ។ វាជាចៅក្រមទិព្វដែលស្ថិតក្នុងចិត្តមនុស្ស ហើយដែលពុំមានការភ័ន្តច្រលំក្នុងពិចារណាឬវិនិច្ឆ័យឡើយ​ ។
  • រ៉េតយល់ថាៈ សីលញាណជាសញ្ចេតនាភ្លាម ដែលឋិតក្នុងខ្លួននសមនុស្សភាគតិច ។
  • សាមតេប៊ូយយរី និងហ៊ុតចេសុនៈ សីលញាណជាសតិ មួយពិសេសដែលមានលក្ខណៈខុសពីវិចារណញាណ ។

  តាមគំនិតអ្នកប្រាជ្ញាទាំងឡាយនេះ សីលញាណកើតមកពីចិត្តដែលមានតាំងពីកំណើតមនុស្សមក  ។ ពិតមែនតែមនុស្ស ហាក់ដូចជាមានសីលសភាវៈគតិពីកំណើតតែសីលញាណ ក៏មិនមែនកើតឯងឬជាធម្មតាជាតិសុទ្ធសាធទេគឺវាតម្រូវអោយមានពិសោធន៍ទំនាស់ជាមុន គឺទំនាស់រវាងកំហុសនិងនិយមរឺរវាងនិយមផ្ទុយគ្នាហើយក្នុងការដែលសីលញាណផ្លាស់ប្តូរ និងមិនបានបង្ហាញដល់មនុស្សទាំងអស់ នូវករណីយកិច្ចដូចៗគ្នាបញ្ជាក់អោយឃើញច្បាស់ថាសីលញាណក៏មានការភ័ន្តច្រលំដែរ ។

៧. ពួកអ្នកពិសោធនិយមមានៈ

  • ស្តាតនីលយល់ថាៈ គឺពិសោធដែលបានបង្រៀនមនុស្សអោយដឹងខ្លួនហើយផ្លាស់ប្តូរពីអត្តទត្ថភាពមកបរទត្ថភាព ។
  • ស្បិនសែរថាៈ សីលញាណកើតពីការពិសោធន៍របស់មនុស្ស ក្នុងដំណើរវិវត្តន៍នៃធម្មជាតិ មនុស្សមានការបន្តពូជនិងសំរាំងធម្មជាតិ ។
  • តួម៉ាស់ហប្សៈ សីលញាណកើតពីលទ្ធផល នៃទំនៀមទំលាប់ ។
  • ដួខិមថាៈ សីលញាណ កើតមកពីការអប់រំមិនមែនជាមរតកតាមពូជទេ ។ តាមអ្នកពិសោធនិយមសីលញាណជាបំនានរបស់មនុស្សពីការពិសោធន៍យូរអង្វែង  ។

៨. ទស្សនវិទូធំៗ ក្នុងបុរាណកាលនិងទស្សនវិទូស្កូឡាស្ទិចព្រមទាំងដេកកាតកង់...យល់ថាសីលញាណកើតពីខួរក្បាល មនុស្សមានវិចារណញាណដែលគេចាត់ទុកជាបុព្វសិទ្ធិពីកំណើតរបស់មនុស្ស ។ ពិតមែនតែវាលូតលាស់លើមូលដ្ឋានអប់រំ តែវាត្រូវមានពន្លកវិចារណញាណ រឺសីលញាណគជាមុនសិនដែរ ។ វាមិនមែនជាសត្តិមួយពិសេសទេ តែគឺជាវិចារញាណអនុវត្ត ។ ព្រោះថាបើវិចារណញាណយល់ដឹងនូវទំនាក់ទំនងនៃផលធៀបស្មើគ្នា នៃហេតុផល....គឺវាជាវិចារណាញាណទ្រឹស្តីវិចារណលញាណ ។ តែបើវាជាវិចារណញាណវិនិច្ឆ័យ ពីលំដាប់ពីភាពសមរម្យសំរាប់អំពើមនុស្ស គឺវាជាវិចារណញាណអនុរវត្តរឺសីលញាណ  ។

៩.​បើប្រៀបធៀបជំនាន់ និងអរិយធម៌ទាំងឡាយសីលញាណតែងប្រែប្រួលហើយសីលតម្លៃ ក៏មិនច្បាស់លាស់និងមិនដាច់ខាតដែរដែលអាស្រ័យលើបំលាល់ប្តូរទៅតាមលំហនិងកាល ។ តែទោះជាន័យរបស់សីលញាណប្រែប្រួលទម្រង់របស់វា ឋិតនៅដដែលដែរគឺគ្រប់កន្លែងនិងគ្រប់ពេលគេតែងទទួលស្គាល់នូវការអនុញ្ញាតិ និងការហាមឃាត់កុសលនិងអកុសល ហើយគ្រប់អរិយធម៌សុទ្ធតែមានសីលនិយម ។ នៅមានវិច្ឆ័យខ្លះទៀត ហាក់ដូចជាមានលក្ខណៈសកល ដូចជាគេតែងទទួលស្គាល់និងអោយតម្លៃគំនិតនៃភក្តីភាពជាងចំនងក្បត់លើក្លាហានជាងកំសាក លើសប្បុរសធម៌ជាងអសប្បុរសធម៌ ។

 ១០.សីលញាណ អាចផ្លាស់ប្តូរខុសគ្នាពីសង្គមមួយទៅសង្គមមួយទៀតពីពេលមួយទៅពេលមួយទៀតពីកន្លែងមួយទៅកន្លែងមួយទៀត ។ ឯការនិយមគ្នាទៅវិញទៅមកក៏ខុសប្លែកគ្នាដែរ ។ ចំពោះការផ្លាស់ប្តូរនៃសីលញាណ មិនមែនកើតឡើងឬប្រព្រឹត្តទៅដោយចៃដន្យឡើយ តែគឺអាស្រ័យដោយរចនាសម្ព័ន្ធសង្គមក្នុងសម័យនីមួយៗកំនត់ ។ ដូនេះសីលញាណវិវត្តស្របវិវត្តន៍ នៃសីលគោលការណ៍ ដោយផ្អែកលើមូលដ្ឋានបំរែបំរួលរចនាសម្ព័ន្ធសង្គម​ ។

ម៉្យាងទៀត សីលញាណអាចខុសដែរ ដូចជាអ្នកខ្លះមានសីលញាណយល់និងជឿថាខ្លួនធ្វើត្រូវតែតាមពិតនៅចំពោះមុខអ្នកដទៃគេចាត់ទុកអំពើនោះជាអំពើអាក្រក់អាស្រូវ ហើយផ្ទុយនឹងមនុស្សធម៌ទៅវិញ ។

១១. តាមធម្មតាមនុស្សដែលស្តាប់បង្គាប់និង ធ្វើតាមសីលញាណរបស់ខ្លួនពិតជាគ្មានការស្តាយក្រោយ រឺវិប្បដិសារៈឡើយព្រោះគេមានជំនឿជាក់លើសីលញាណរបស់គេ ដែលបានទទួលការអប់រំបណ្តុះបណ្តាលដុសខាត់អោយបានភ្លឺស្វាងនិងរឹងប៉ឹងមាំមួនរៀងរាល់ថ្ងៃនោះ ។ គេតែងមានបំរុងប្រយ័ត្នគ្រប់ជ្រុងជ្រោយនិងបានត្រិះរិះពិចារណារួចអស់ហើយមុននឹងអនុវត្តហើយគេក៏ទុកចិត្តដែរថា បើទោះជាមានការភាន់ ក៏វាអាចកើតមានដោយតិចបំផុតដែរ ។

១២. បានជាគេនិយាយថា សីលញាណជាសត្តិមួយមិននឹងថ្កល់ទេ ព្រោះថាដោយសារការជឿនលឿនផ្នែកសេដ្ឋកិច្ច តិចនិចនិងបញ្ញារបស់មនុស្សជាតិធ្វើអោយសីលញាណក្លាយជាសត្តិមួយរស់វើក ហើយកំពុងតែលួចលាស់តាមកំរិតលូតលាស់ និងជឿនលឿនរបស់សេដ្ឋកិច្ចតិចនិចនិងបញ្ញារបស់មនុស្សនេះឯង ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login