សំណួរ
១. តើគោលខន្តីសំខាន់ៗដែលត្រូវប្រកាន់យកអ្វីខ្លះ ?
២. តើសិល្បៈជាអ្វី ?
៣. តើតម្លៃពិសេសរបស់សិល្បៈវប្បធម៌ជាតិស្ថិតនៅត្រង់ណាខ្លះ ?
៤. ក្នុងនាមជាយុវជនល្អត្រូវមានភារកិច្ច និងអាកប្បកិរិយាដើម្បីការពារសិល្បៈវប្បធម៌ជាតិដូចម្តេច ?
៥. តើមនុស្សដែលមានវប្បធម៌ពេញលេញ ត្រូវមានលក្ខណៈសម្បត្តិដូចម្តេច ?
ចម្លើយ
១. គោលខន្តីសំខាន់ៗដែលត្រូវប្រកាន់យកមាន ៖
- ខន្តីចំពោះសេចក្តីលំបាក គឺអត់ធន់ចំពោះការលំបាករបស់ការងារ ឧបសគ្គ
- ខន្តីចំពោះទុក្ខវេទនា គឺអត់ធន់ចំពោះការឈឺចាប់ជំងឺតំកាត់
- ខន្តីចំពោះការឈឺចាប់គឺអត់ធន់ចំពោះអំពើអយុត្តិធម៌ការមួលបង្កាច់
- ខន្តីចំពោះការបដិបត្តិធម៌ ជាការបដិបត្តិតាមទសពិធរាជធម៌ទាំង ១០ ឱ្យត្រឹមត្រូវ
- ខន្តីចំពោះភាពល្ងង់ខ្លៅរបស់ខ្លួនមិនធ្វើអ្វីៗទាំងអស់ងងើលគ្មានការគិតពិចារណា
- ខន្តីចំពោះអ្នកតូចឬអ្នកធំ មិនមានការបែងចែកវណ្ណៈបែកបាក់សាមគ្គីភាព ។
២. សិល្បៈជាសញ្ញាណដ៏ទូលំទូលាយសម្រាប់សំគាល់ទម្រង់នៃការច្នៃប្រឌិតរបស់មនុស្សស្តែងចេញតាមរយៈកាយវិការសូរសំឡេងនិងឧបករណ៍ផ្សេងៗដែលមានបំណងខ្ពស់បំផុតគឺសោ់ភ័ណនិងសុភមង្គលរបស់មនុស្ស ។
៣. តម្លៃពិសេសរបស់សិល្បៈវប្បធម៌ជាតិស្ថិតនៅត្រង់ ៖
- ស្ថិតនៅលើសោភ័ណភាព ទឹកដៃ គំនិតច្នៃប្រឌិតដ៏កំពូលទេពកោសល្យរបស់សិល្បករ
- ស្ថិតនៅលើខ្លឹមសារ នៅលើអត្ថរស សីលធម៌ គុណធម៌ គតិធម៌ ឧបសគ្គ
- ស្ថិតនៅត្រង់បង្ហាញពីអត្តសញ្ញាណជាតិពិតប្រាកដ
- ស្ថិតនៅត្រង់ចំណង់ចំណូលចិត្ត និងការគោរពបូជារបស់មហាជន ។ ឧទាហរណ៍ ប្រាសាទ បាយ័នមានមុខបួនតំណាងឱ្យព្រហ្មវិហារធម៌ទាំងបួន តំណាងឱ្យគុណធម៌ទូទាំងប្រទេស តំណាងឱ្យណ ឧត្តមគតិ តំណាងឱ្យគតិធម៌ហើយត្រូវបានប្រជាជនគោរពបូជា ។
៤. ក្នុងនាមជាយុវជនល្អត្រូវមានភារកិច្ច និងអាកប្បកិរិយាដើម្បីការពារសិល្បៈវប្បធម៌ជាតិដូចតទៅ ៖
- ទប់ស្កាត់នូវវប្បធម៌បរទេសដែលអន់ថយ តាមគ្រប់រូបភាព
- ថែរក្សានិងគោរពបូជាចំពោះអត្តសញ្ញាណសិល្បៈវប្បធម៌ជាតិ
- រួបរួមគ្នាស្រាវជ្រាវ និងការពារសិល្បៈវប្បធម៌ជាតិ
- បណ្តុះនូវទឹកចិត្តស្រលាញ់សិល្បៈវប្បធម៌ជាតិ
- ផ្សព្វផ្សាយឱ្យបានច្រើនតាមគ្រប់រូបភាពទាំងក្នុងប្រទេសនិងក្រៅប្រទេសទៅលើសិល្បៈវប្បធម៌
- គ្រប់គ្នាត្រូវតែនិយមឱ្យតម្លៃលើស្នាដៃរបស់ជាតិខ្លួន ។
៥. មនុស្សដែលមានវប្បធម៌ពេញលេញ ត្រូវមានលក្ខណៈសម្បត្តិដូចទៅ ៖
- មានចំណេះដឹងផ្នែកវប្បធម៌ទូទៅ មុខជំនាញច្បាស់លាស់និងចំណេះដឹងផ្នែកបច្ចេកទេសវិទ្យា
- សាស្រ្តទំនើប
- មានចំណេះដឹងខាងផ្នែកសីលធម៌ ផ្នែកអាកប្បកិរិយា និយាយជារួមត្រូវមានសីលធម៌ គុណធម៌ របៀបរបបរស់នៅតាមច្បាប់ ទំនៀមទំលាប់របស់សង្គម
- មានចិត្តស្មោះត្រង់ ភក្តីភាព និងមាតុភូមិឥតងាររេ
- ប្រកាន់ខ្ជាប់នូវសា្មរតីសាមគ្គីភាពជាតិ អន្តរជាតិ ដើម្បីទទួលបាននូវសន្តិភាព សេចក្តីសុខ និងការរីកចម្រើន ។