Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១៦- អ្វីទៅជាបែបបទនៃការកសាងព្រះរាជក្រឹត្យ ?

១៧- តើការធ្វើសេចក្តីព្រាងនរណាជាអ្នករៀបចំឡើង ?

១៨- តើការបញ្ជូនសេចក្តីព្រាងព្រះរាជក្រឹត្យទៅរាជរដ្ឋាភិបាលគឺត្រូវធ្វើដូចម្តេច ?

១៩- តើការពិនិត្យសេចក្តីព្រាងព្រះរាជក្រឹត្យ ទៅទីស្តីការគណៈរដ្ឋមន្រ្តីគឺត្រូវធ្វើដូចម្តេច ?

២០- តើទម្រង់នៃព្រះរាជក្រឹត្យចែកចេញជាប៉ុន្មានផ្នែក ?

ចម្លើយ

១៦- បែបបទនៃការកសាងព្រះរាជក្រឹត្យ គឺចេញមកពីរដ្ឋមន្រី្ត នៃក្រសួងពាក់ព័ន្ធ ។ ក្នុងករណីខ្លះ គំនិតផ្តើមក្នុងការធ្វើព្រះរាជក្រឹត្យ ចេញមកពីអន្តរាគមន៍របស់ស្ថាប័នខាងក្រៅ ឬស្ថាប័នថ្នាក់លើ (រាជរដ្ឋាភិបាល) ។ បែបបទនៃការធ្វើព្រះរាជក្រឹត្យ គឺប្រហាក់ប្រហែលនឹងការធ្វើព្រះរាជក្រមដែរ ប៉ុន្តែការធ្វើព្រះរាជក្រឹត្យមានភាពងាយស្រួលជាង ព្រោះព្រះរាជក្រឹត្យមិនត្រូវដាក់ឆ្លងរដ្ឋសភា និងព្រឹទ្ធសភាដើម្បីអនុម័តទេ ហើយចំពោះករណីខ្លះ គេក៏ពុំចាំបាច់ដាក់ឆ្លងសម័យប្រជុំអន្តរក្រសួង និងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីផងដែរ ។ នាយកដ្ឋានជំនាញនៃក្រសួងសាមី មានភារកិច្ចធ្វើសេចក្តីព្រាងព្រះរាជក្រឹត្យ ។

១៧- ការធ្វើសេចក្តីព្រាងដំបូងរបស់ព្រះរាជក្រឹត្យត្រូវបាននាយកដ្ឋានជំនាញរៀបចំឡើង ។ ប្រសិនបើមានក្រសួងច្រើនពាក់ព័ន្ធនឹងខ្លឹមសារនៃព្រះរាជក្រឹត្យដែរ ក្រសួងដែរទទួលខុសត្រូវសំខាន់ជាងគេលើបញ្ហាដែលត្រូវចែងក្នុងព្រះរាជក្រឹត្យ ត្រូវធ្វើសេចក្តីព្រាងព្រះរាជក្រឹត្យ ។ បន្ទាប់មក សេចក្តីព្រាងនេះត្រូវបានដាក់ជូនក្រសួងពាក់ព័ន្ធដទៃទៀតជួយពិនិត្យ និងកែសម្រួល ។ អ្នកតែងសេចក្តីត្រូវមានឯកសារគ្រប់គ្រាន់ ត្រូវមានសេចក្តីណែនាពីថ្នាក់លើ ពីស្ថាប័នបច្ចេកទេស ឬពីគណៈកម្មការឯកទេសណាមួយ ។ល។

            ក្រោយពីបានសិក្សារស្រាវជ្រាវសព្វគ្រប់យ៉ាង អ្នកតែងសេចក្តីចាប់ផ្តើមធ្វើសេចក្តីព្រាងព្រះរាជក្រឹត្យ ។ ក្រោយពីបានពិនិត្យ និងកែសម្រួលសព្វគ្រប់ហើយ សេចក្តីព្រាងព្រះរាជក្រឹត្យបានបញ្ជូនតាមឋានានុក្រមទៅរដ្ឋមន្ត្រីដើម្បីពិនិត្យ ។

            រដ្ឋមន្រ្តីមានភារកិច្ចពិនិត្យ និងកែសម្រួលខ្លឹមសារនៃសេចក្តីព្រាងព្រះរាជក្រឹត្យ មុននឹងបញ្ជូនទៅរាជរដ្ឋាភិបាល ។ តាមធម្មតា រដ្ឋមន្រ្តីអាចចាត់ឲ្យអញ្ជើញថ្នាក់ដឹកនាំក្រសួង (រដ្ឋលេខាធិការ ឬអនុរដ្ឋលេខាធិការ) និងអគ្គនាយក អគ្គនាយករង និងប្រធាននាយកដ្ឋានពាក់ព័ន្ធ ចូលរួមផ្តល់យោបល់លើសេចក្តីព្រាងព្រះរាជក្រឹត្យផងដែរ ។

            ប្រសិនបើព្រះរាជក្រឹត្យមានខ្លឹមសារជាការសំងាត់ ពាក់ព័ន្ធនឹងស្ថានភាពរបស់មន្រ្តីជាន់ខ្ពស់ ឬនាយនគរបាលជាន់ខ្ពស់ នាយទាហានជាន់ខ្ពស់ សមាសភាពចូលរួមប្រជុំពិនិត្យ និងសម្រេចលើខ្លឹមសារព្រះរាជក្រឹត្យ ត្រូវបានកាត់បន្ថយឲ្យនៅតិច ជួនកាលអាចតែថ្នាក់ដឹកនាំក្រសួងប៉ុណ្ណោះ ។

១៨- ការបញ្ជូនសេចក្តីព្រាងព្រះរាជក្រឹត្យទៅរាជរដ្ឋាភិបាល គឺត្រូវធ្វើលិខិតមួយច្បាប់អម ដែលចុះហត្ថលេខាដោយរដ្ឋមន្រ្តី ឬប្រធានស្ថាប័ន ។ លិខិតអម និងសេចក្តីព្រាងព្រះរាជក្រឹត្យខាងលើនេះ ត្រូវបានផ្ញើជូនទីស្តីការគណៈរដ្ឋមន្រ្តី ។ នៅទីស្តីការគណៈរដ្ឋមន្រ្តី អគ្គលេខាធិការនៃរាជរដ្ឋាភិបាល មានភារកិច្ចចាត់ចែងឲ្យពិនិត្យសេចក្តីព្រាងព្រះរាជក្រឹត្យ ។

១៩- ការពិនិត្យសេចក្តីព្រាងព្រះរាជក្រឹត្យ ទៅទីស្តីការគណៈរដ្ឋមន្រ្តីគឺត្រូវបានអគ្គលេខាធិការរាជរដ្ឋាភិបាលដាក់ឆ្លងក្រុមប្រឹក្សារអ្នកច្បាប់ ក្រុមប្រឹក្សារសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ឆ្លងសម័យប្រជុំអន្តរក្រសួង និងសម័យប្រជុំពេញអង្គនៃគណៈរដ្ឋមន្រ្តី ដើម្បីពិនិត្យលើខ្លឹមសារ ទម្រង់ និងភាពស្របច្បាប់ នៃព្រះរាជក្រឹត្យ ។ ចំពោះសេចក្តីព្រាងព្រះរាជក្រឹត្យ ដែលពាក់ព័ន្ធនឹងការតែងតាំង ការតំឡើងឋានៈមន្ត្រីរាជការជាន់ខ្ពស់ ឬនាយនគរបាលជាន់ខ្ពស់ នាយទាហានជាន់ខ្ពស់ គេពុំចាំបាច់យកសេចក្តីព្រាងព្រះរាជក្រឹត្យ ទៅដាក់ឆ្លងក្រុមប្រឹក្សារអ្នកច្បាប់ ឬឆ្លងសម័យប្រជុំអន្តរក្រសួង ឬឆ្លងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីទេ ព្រោះការងារនេះ​ គេធ្វើជាសំងាត់មិនឲ្យខ្ចះខ្ចាយទៅក្រៅ ឬឲ្យសាមីខ្លួនដឹងទេ ។ សេចក្តីព្រាងព្រះរាជក្រឹត្យ ដែលត្រូវបានអគ្គលេខាធិការរាជរដ្ឋាភិបាលពិនិត្យឃើញថា បានកែសម្រួលត្រឹមត្រូវសព្វគ្រប់ទាំងខ្លឹមសារ ទាំងទម្រង់ និងភាពស្របច្បាប់រួចហើយ សេចក្តីព្រាងនេះ ត្រូវបញ្ជូនមកក្រសួងសាមី ដើម្បីរដ្ឋមន្រ្តីចុះហត្ថលេខាអម រួចបញ្ជូនត្រឡប់ទៅអគ្គលេខាធិការរាជរដ្ឋាភិបាល ដើម្បីដាក់ជូនសម្តេចនាយករដ្ឋមន្រ្តីហត្ថលេខាអមដែរ ។ បន្ទាប់មកទៀត​ ព្រះរាជក្រឹត្យត្រូវដាក់ថ្វាយព្រះមហាក្សត្រឡាយព្រះហស្ថលេខា ។

២០- ទម្រង់នៃព្រះរាជក្រឹត្យចែកចេញជាបីផ្នែកគឺ ៖ ចំណែកដើម ខ្លឹមសារ រូបមន្តបញ្ចប់ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login