ការធ្វើចំណាកស្រុកដោយស្របច្បាប់ សុវត្ថិភាព និងតម្លាភាព គឺជាចំណុចវិជ្ជមានមួយ ដែលសេដ្ឋកិច្ចវិទូជាច្រើនបានយល់ស្រប ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ការរក្សាបាននៅកម្លាំងពលកម្មនៅក្នុងស្រុកសំដៅបង្កើនភាពទាក់ទាញផ្តល់ទុនវិនិយោគថ្មី និងសុវត្ថិភាពខ្ពស់ចំពោះកម្លាំងពលកម្ម ដែលទទួលការបណ្ដុះបណ្ដាលទាប ក៏ដូចជាចំណុចមួយដែលរាជរដ្ឋាភិបាល ត្រូវយកចិត្តទុកដាក់ ។
ដើម្បីជាត្រីវិស័យសម្រាប់ការលើកកម្ពស់ប្រសិទ្ធភាព ក្នុងការបង្កើនទីផ្សារការងារសម្រាប់យុវជន ដើម្បីចៀសវាងចំណាកស្រុក រាជរដ្ឋាភិបាល មានយុទ្ធសាស្ត្រសំខាន់ៗដូចខាងក្រោម ៖
- លើកទឹកចិត្តដល់ការវិនិយោគ ដើម្បីទាក់ទាញ និងស្រូបយកអ្នកវិនិយោគិនទាំងក្នុងស្រុក និងក្រៅស្រុក ដើម្បីបង្កើតការងារ និងផ្ដល់ការងារជូនប្រជាពលរដ្ឋ ពិសេសយុវជន ។
- ពង្រឹង និងពង្រីកការវិនិយោគតាមបណ្ដាខេត្ត និងទីជនបទ ដោយការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដើម្បីឲ្យទីផ្សារការងារកាន់តែខិតជិតទៅដល់លំនៅដ្ឋានរបស់ពលរដ្ឋ ។
- បន្តការយកចិត្តទុកដាក់ នឹងធ្វើឲ្យកាន់តែប្រសើរឡើងនូវលក្ខខណ្ឌការងារអនាម័យ និងសុវត្ថិភាព ការងារសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ និងបរិយាកាសការងារល្អ
- ពង្រឹង និងពង្រីកសេវាបេឡាជាតិរបបសន្តិសុខសង្គម មានហានិភ័យការងារ របស់ថែទាំសុខភាព និងរបបសោធននិវត្តន៍ ។
- ពង្រីកសេវារបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ ដូចជា ការប្រមូលចងក្រង និងផ្សព្វផ្សាយព័ត៌មានទីផ្សារការងារដល់អ្នកស្វែងរកការងារធ្វើ និយោជក អ្នកផ្ដល់ការអប់រំបណ្ដុះបណ្ដាល អ្នករៀបចំគោលនយោបាយ និងសាធារណជនទូទៅ ។
- បន្តជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច បង្កើតការងារមុខរបរ និងប្រាក់ចំណូលជូនប្រជាជន ។
- បន្តការយកចិត្តទុកដាក់ នឹងសិក្សាអំពីការតម្លើងប្រាក់ឈ្នួលសមរម្យជូនដល់កម្មករនិយោជិត ។
- គោលនយោបាយជាតិ ស្ដីពីមុខរបរ និងការងារ ស្របទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ។
- អភិវឌ្ឍន៍ធនធានមនុស្សលើផ្នែកបច្ចេកទេស ឱ្យឆ្លើយតបទៅនឹងសំណូមពរនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដោយជំរុញការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈ ប្រកបដោយគុណភាពប្រសិទ្ធភាព និងស្របតាមតម្រូវការទីផ្សារការងារ ។
- ជំរុញការកសាងគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈឲ្យបានច្រើននៅគ្រប់រាជធានី-ខេត្ត ។