Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ប្រព័ន្ធសេដ្ឋកិច្ចគឺជាប្រព័ន្ធនៃផលិតកម្ម ការលៃលកធនធាន និងការបែងចែកទំនិញ ឬសេវាកម្មនៅក្នុងសង្គម ឬទីតាំងភូមិសាស្រ្តជាក់លាក់ណាមួយ ។ វាក៏យោងទៅតាមប្រព័ន្ធនៃសង្គមផងដែរ ដើម្បីកត់សម្គាល់ទៅលើចំណុចអាទិភាព ណាខ្លះ ដែលសង្គមនៅអាចសម្រេចបានក្នុងគោលបំណងបង្កើតយុទ្ធសាស្ត្រសេដ្ឋកិច្ចដ៏មានប្រសិទ្ធភាព និងទទួលបានភាពជោគជ័យ ។ ប្រព័ន្ធនៃសេដ្ឋកិច្ចត្រូវកំណត់ថាអ្វីដែលគេត្រូវផលិត ផលិតដោយរបៀបណា និងផលិតទៅឲ្យអ្នកណា ។ ប្រព័ន្ធនៃសេដ្ឋកិច្ចត្រូវបានគេបែងចែកជា៤ប្រភេទគឺ ៖

  • ប្រព័ន្ធសេដ្ឋកិច្ចបែបប្រពៃណី (Traditional Economic System) ៖ វាគឺជាសេដ្ឋកិច្ចដើម ដែលប្រពៃណីទំនៀមទម្លាប់ និងជំនឿរបស់គ្រួសារ សហគមន៍ ក្រុម កុលសម្ព័ន្ធ ឬសាសនារបស់ខ្លួន នឹងកំណត់ពីទំនិញ ឬសេវាកម្មដែលសេដ្ឋកិច្ចនោះត្រូវផលិតនិងចែកចាយ ហើយភាគច្រើនការដោះដូរទំនិញគឺមិនប្រើប្រាស់ទេ ។ ប្រទេសដែលប្រើប្រាស់សេដ្ឋកិច្ចរបៀបនេះភាគច្រើន គឺស្ថិតនៅតំបន់ដាច់ស្រយាល និងពឹងផ្អែកទៅលើវិស័យកសិកម្មជាចម្បង ។ គេអាចហៅម្យ៉ាងទៀតថា “ភាពគ្រប់គ្រាន់សម្រាប់ចិញ្ចឹមជីវិត” ។ សេដ្ឋកិច្ចរបៀបនេះគឺមិនសូវមានឬគ្មានការអភិវឌ្ឍន៍ទទួលយកបច្ចេកវិទ្យា និងផ្នែកសុខាភិបាលពីបរទេសតិចតួច ឬគ្មានសោះដោយប្រពៃណីនឹងសម្រេចពីការចិញ្ចឹមជីវិត ការស្លៀកពាក់ក៏ដូចជាការតាំងទីលំនៅរបស់ពួកគេ ដែលប្រព្រឹត្តទៅតាមមនុស្សជំនាន់មុន ។ ប៉ុន្តែវាមានលក្ខណៈប្រសើរត្រង់ថាសេដ្ឋកិច្ចបែបនេះ នឹងជួយឲ្យប្រជាជននៅតែរក្សាប្រពៃណីទំនៀមទម្លាប់ និងការបំពេញចិត្តមនុស្សជុំវិញបានស្របពេលដែលសេដ្ឋកិច្ចផ្សេងទៀតពិបាកនឹងធ្វើបាន ។
  • ប្រព័ន្ធសេដ្ឋកិច្ចផែនការ (Planned Economic System) ៖ សេដ្ឋកិច្ចរបៀបនេះ គឺរដ្ឋមានសិទ្ធិកាន់កាប់ទៅលើសកម្មភាពទាំងស្រុងនៃសេដ្ឋកិច្ចដោយការសម្រេចចិត្តចែកចាយ និងផលិតគឺធ្វើទៅតាមផែនការរបស់រដ្ឋាភិបាល ។ វាមិនសូវមានភាពបត់បែនដូចសេដ្ឋកិច្ចទីផ្សារទេ ហើយប្រតិកម្មផ្លាស់ប្តូរការទិញទំនិញរបស់អ្នកប្រើប្រាស់ និងភាពឡើងចុះនៃការផ្គត់ផ្គង់ និងតម្រូវការក៏មានភាពយឺតយ៉ាវផងដែរ ។ ឧទាហរណ៍ដូចជាប្រទេសដែលកាន់របបកុម្មុយនីស ។ ហេតុផល ចម្បងដែលរដ្ឋាភិបាលជ្រើសរើសសេដ្ឋកិច្ចប្រភេទនេះ គឺដើម្បីអាចកាន់កាប់ធនធានដែលមានតម្លៃរបស់ខ្លួន (ឧ. ប្រេង រ៉ែ មាស ) ។ រីឯផ្នែកផ្សេងទៀតដូចជា កសិកម្មគឺប្រជាជនជាអ្នកដឹកនាំនិងចាត់ចែង ។
  • ប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ (Market Economic System) ៖ រាល់សកម្មភាពនៃការដោះដូរទំនិញដោយសេរី និងអាស្រ័យទៅលើការព្រមព្រៀងគ្នារវាងអ្នកប្រើប្រាស់ និងអ្នកផ្គត់ផ្គង់ ។ ក្រុមហ៊ុនក៏ដូចជាស្ថាប័នឯកជនមានសិទ្ធិកាន់កាប់ក្រុមហ៊ុនដាក់តម្លៃទំនិញគ្រប់គ្រងសង្វាក់ផលិតកម្ម ក៏ដូចជាបុគ្គលិកដោយខ្លួនឯង ។ ចំណែករដ្ឋាភិបាលមិនមានសិទ្ធិគ្រប់គ្រងធនធានចាំបាច់ទំនិញដែលមានតម្លៃ ឬវិស័យសំខាន់ៗនៃសេដ្ឋកិច្ចនោះទេ ។ ប្រជាជនជាអ្នកកំណត់ថាសេដ្ឋកិច្ចត្រូវប្រព្រឹត្តទៅដោយរបៀបណា ការផ្គត់ផ្គង់ត្រូវធ្វើដូចម្តេច និងតម្រូវការអ្វីខ្លះដែល ចាំបាច់ ។ ជាក់ស្តែងមិនមានសេដ្ឋកិច្ចទីផ្សារសេរីសុទ្ធសាធនៅក្នុងពិភពលោកឡើយ ។ រដ្ឋាភិបាលនៅតែមានចំណែកចំពោះសេដ្ឋកិច្ចខ្លះៗដដែល ។
  • ប្រព័ន្ធសេដ្ឋកិច្ចចម្រុះ (Mixed Economic System) ៖ ជាសេដ្ឋកិច្ចមួយ ដែលរួមបញ្ចូលកិច្ចសហប្រតិបត្តិការរវាងសេដ្ឋកិច្ចទីផ្សារ និងសេដ្ឋកិច្ចផែនការជាមួយគ្នា ។ ធនធានត្រូវបានគេបែងចែកទៅឲ្យទាំងឯកជននិងរដ្ឋជាអ្នកត្រួតត្រាតាមវិស័យនីមួយៗ ដែលប្រើប្រាស់គោលការណ៍ល្អបំផុតចំពោះប្រព័ន្ធទាំងពីរ ។ ទីផ្សារសេរី គឺមានតិចឬច្រើនជាងរដ្ឋាភិបាលលើកលែងតែវិស័យសំខាន់ៗមួយចំនួន ដូចជាវិស័យអប់រំ ថាមពល (ឧ. អគ្គិសនីកម្ពុជា) ទូរគមនាគម៍ជាដើម ។ វិស័យទាំងនោះ មិនអាចឲ្យឯកជនកាន់កាប់ទាំងស្រុងបានទេ ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិ ។ ជាក់ស្តែងយើងឃើញថាវិស័យផ្សេងៗ គឺមានទាំងរដ្ឋនិងឯកជន (ឧ . វិស័យអប់រំ) ។ ទោះបីជាតាមទ្រឹស្តី គឺគេចង់ធ្វើយ៉ាងណាឲ្យវិស័យទាំងពីរអាចទាញយកផលប្រយោជន៍ពីគ្នាទៅវិញទៅមកឲ្យបានល្អយ៉ាងណាក៏ដោយ ប៉ុន្តែចំពោះការអនុវត្តជាក់ស្តែងគឺមិនងាយនោះឡើយ ។ យើងឃើញថាទំហំនៃការគ្រប់គ្រងរបស់រដ្ឋាភិបាលគឺធំ ដែលជួនកាលអាចមានឥទ្ធិពលលើសពីភាពចាំបាច់ទៅទៀត ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login