សំណួរ
១- តើពន្ធកាត់ទុកគឺជាអ្វី?
២- តើនរណាត្រូវប្រមូលពន្ធកាត់ទុក ?
៣- តើការទូទាត់ប្រភេទណាខ្លះឲ្យទៅនិវាសនជនដែលជាប់ពន្ធកាត់ទុក ?
៤- តើការទូទាត់ប្រភេទណាខ្លះឲ្យទៅអនិវាសនជនដែលជាប់ពន្ធកាត់ទុក ?
៥- តើការទូទាត់ប្រភេទណាខ្លះដែលត្រូវបានអនុគ្រោះ លើកលែងពន្ធកាត់ទុក ?
៦- តើពន្ធកាត់ទុកត្រូវគណនាយ៉ាងដូចម្តេច ?
៧- តើត្រូវដាក់លិខិតប្រកាសពន្ធ និងបង់ពន្ធនៅពេលណា ?
ចម្លើយ
១- ពន្ធកាត់ទុក គឺជាពន្ធដែលត្រូវបានកាត់ទុកដោយអ្នកជាប់ពន្ធនិវាសនជនលើការទូទាត់មួយចំនួន ដែលធ្វើឡើងជាសាច់ប្រាក់ ឬជាវត្ថុឲ្យទៅអ្នកជាប់ពន្ធនិវាសនជន និងអនិវាសនជន ។
២- អ្នកជាប់ពន្ធនិវាសនជនប្រកបអាជីវកម្មទាំងអស់ត្រូវប្រមូលពន្ធកាត់ទុក ។ ពន្ធកាត់ទុកដែលប្រមូលបានត្រូវបង់ទៅឲ្យអគ្គនាយកដ្ឋានពន្ធដារ ។
៣- ការទូទាត់ទាំងឡាយខាងក្រោមដែលធ្វើឡើងជាសាច់ប្រាក់ ឬជាវត្ថុឲ្យទៅនិវាសនជន ដោយអ្នកជាប់ពន្ធនិវាសនជនដែលប្រកបអាជីវកម្មត្រូវជាប់ពន្ធកាត់ទុក ។
- សេវាកម្ម ៖ ប្រាក់ចំណូលដែលរូបវន្តបុគ្គលទទួលបានពីការបំពេញសេវានានារួមមាន ការគ្រប់គ្រង ឬការពិគ្រោះយោបល់ ឬសេវាប្រហាក់ប្រហែល ។ សេវាទាំងនេះរួមមានសកម្មភាពសេដ្ឋកិច្ចរបស់រូបវន្តបុគ្គល ក្រៅតែពីការផលិត និងការលក់ទំនិញភតិសន្យាការជួល ឬការលក់នូវទ្រព្យសម្បត្តិ និងក្រៅពីសកម្មភាពបម្រើការងារដែលជាប់ពន្ធលើប្រាក់បៀវត្ស ។ ប្រាក់ចំណូលនេះមានជាអាទិ៍ប្រាក់ចំណូលពីកំរៃជើងសារ ឬជើងសារជំនួញប្រាក់ចំណូលពីសកម្មភាពដឹកជញ្ជូនជួសជុល សាងសង់ គ្រប់គ្រង ឬពិគ្រោះយោបល់ ប្រាក់ចំណូលបានពីសេវា វិទ្យាសាស្ត្របច្ចេកទេស សិល្បៈ ឬការអប់រំ ប្រាក់ចំណូលបានពីសេវាខាងវេជ្ជសាស្ត្រ ទន្តសាស្ត្រ នីតិសាស្ត្រ វិស្វកម្ម ស្ថាបត្យកម្ម ការសិក្សា និងស្រាវជាវគណនេយ្យ ។ល។
- សួយសារពីទ្រព្យសកម្មអរូបី ៖ សម្រាប់គោលដៅនៃពន្ធកាត់ទុក សួយសារពីទ្រព្យសកម្មអរូបី គឺសំដៅដល់ចំណូលបានមកពីការអនុញ្ញាតឲ្យប្រើប្រាស់សិទ្ធិ បោះពុម្ពផ្សាយលក់ស្នាដៃអក្សរសាស្ត្រសិល្បៈវិទ្យាសាស្ត្រ ឬសិទ្ធិប្រហាក់ប្រហែល (ក្នុងនោះមានរាប់បញ្ចូលទាំងសិទ្ធិថតចំលង និងផ្សាយខ្សែអាត់សម្លេងឬវីដេអូ) ចំណេះដឹង ឬចំណេះធ្វើ ឬព័ត៌មានទាក់ទិននឹងបទពិសោធន៍ផ្សេងៗក្នុងវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម វិទ្យាសាស្ត្របច្ចេកទេស។ល។ ការផ្ទេរសិទ្ធិលើចំណេះ ឬព័ត៌មានដូចមានរៀបរាប់ នៅក្នុងកថាខណ្ឌនេះឬការផ្តល់យោបល់ ឬការផ្តល់សេវាទាក់ទិននឹងការអនុវត្ត ឬការប្រើប្រាស់សិទ្ធិដូចមានរៀបរាប់នៅក្នុងកថាខណ្ឌនេះ។
- សូយសារបានមកពីភាគកម្មក្នុងធនធានរ៉ែ ៖ សម្រាប់គោលដៅនៃពន្ធកាត់ទុក សួយសារបានមកពីភាគកម្មក្នុងធនធានរ៉ែសំដៅដល់រាល់អត្ថប្រយោជន៍ជាប្រាក់ ឬជាវត្ថុដែលទទួលបានទាក់ទិននឹងភាគកម្មនេះ ក្រៅតែពីប្រាក់ចំណេញបានមកពីអាជីវកម្មលើធនធាននេះ និងភាគលាភដែលត្រូវជាប់ពន្ធតាមបទប្បញ្ញត្តិដោយឡែក ។
- ចំណូលពីការប្រាក់ (ស្ថាប័នមិនមែនធនាគារ ឬស្ថាប័នសញ្ជ័យធន) ៖ ការប្រាក់ដែលអ្នកជាប់ពន្ធនិវាសនជនមិនមែនជាធនាគារ ឬស្ថាប័នសញ្ជ័យធនក្នុងស្រុកបង់ទៅឲ្យរូបវន្តបុគ្គល ឬសហគ្រាស ។
- ថ្លៃឈ្នួល ៖ សម្រាប់គោលបំណងនៃពន្ធកាត់ទុកថ្លៃឈ្នួលពីការជួលចលនទ្រព្យ ឬអចលនទ្រព្យគឺសំដៅដល់សាច់ប្រាក់ ឬវត្ថុ ដែលអ្នកជួលបានបង់សម្រាប់ជាថ្នូរនៃការប្រើប្រាស់ចលនទ្រព្យ (ដូចជាបរិក្ខារឧស្សាហកម្មពាណិជ្ជកម្ម បច្ចេកទេស ឬវិទ្យាសាស្រ្ត ឬអចលនទ្រព្យ (ដូចជាដីធ្លីផ្ទះសម្បែង ឬសំណង់ផ្សេងៗ)។ អចលនទ្រព្យត្រូវមានរួមបញ្ចូលលក្ខណៈទាំងអស់របស់ទ្រព្យបន្ទាប់បន្សំនៃអចលនទ្រព្យនោះ ព្រមទាំងសិទ្ធិអនុវត្តទៅតាមច្បាប់ស្តីពីកម្មសិទ្ធិដីធ្លី សិទ្ធិប្រើប្រាស់ និងអាស្រ័យផលលើអចលនទ្រព្យ (ក្នុងករណីទ្រព្យនោះមិនមានការខូចខាត ឬបំផ្លិចបំផ្លាញណាមួយ) និងសិទ្ធិនានាដែលបង្កឲ្យមានការទូទាត់តាមចំនួនកំណត់ ឬមិនកំណត់ ។
- ចំណូលពីការប្រាក់ (ប្រាក់បញ្ញើមានកាលកំណត់ )៖ ការប្រាក់ដែលធនាគារ ឬស្ថាប័នសញ្ជ័យធនក្នុងស្រុកបង់ទៅឲ្យអ្នកជាប់ពន្ធ និវាសនជន (រូបវន្តបុគ្គល និងនីតិបុគ្គល) ដែលមានគណនីបញ្ញើមានកាលកំណត់។
- ចំណូលពីការប្រាក់ (បញ្ញើសន្សំគ្មានកាលកំណត់ ) ៖ ការប្រាក់ដែលធនាគារ ឬស្ថាប័នសញ្ជ័យធនក្នុងស្រុកបង់ទៅឲ្យរូបវន្តបុគ្គលនិវាសនជនដែលមានប្រាក់បញ្ញើនៅក្នុងគណនីសន្សំគ្មានកាលកំណត់។
៤- ការទូទាត់ទាំងឡាយខាងក្រោមដែលធ្វើឡើងជាសាច់ប្រាក់ ឬជាវត្ថុឲ្យទៅអនិវាសនជនដោយអ្នកជាប់ពន្ធនិវាសនជនដែលប្រកបអាជីវកម្មត្រូវជាប់ពន្ធកាត់ទុក ។
- ការទូទាត់ចំពោះសេវាគ្រប់គ្រង និងសេវាបច្ចេកទេសនានា
- ការប្រាក់
- ភាគលាភ
- សួយសារបានមកពីទ្រព្យសកម្មអរូបីដែលបានទូទាត់ទៅឲ្យអនិវាសនជន ។
- សួយសារបានមកពីភាគកម្មនៅក្នុងធនធានរ៉ែប្រេងកាត ឬឧស្ម័នធម្មជាតិ។ សួយសារនេះសំដៅដល់អត្ថប្រយោជន៍ជាសាច់ប្រាក់ ឬជាវត្ថុដែលទទួលបានទាក់ទិននឹងភាគកម្មទាំងនេះ ក្រៅតែពីប្រាក់ចំណេញបានមកពីអាជីវកម្មលើធនធានទាំងនេះនិងភាគលាភ។
- ថ្លៃឈ្នួលទូទាត់ឲ្យទៅអនិវាសនជន ។
៥- ការទូទាត់ពណ៌នាខាងក្រោមត្រូវបានអនុគ្រោះលើកលែងពន្ធកាត់ទុក ៖
- ការប្រាក់ដែលបង់ឲ្យទៅធនាគារ ឬស្ថាប័នសញ្ជ័យធន ឬស្ថាប័នហិរញ្ញវត្ថុក្នុងស្រុក
- ការទូទាត់ទៅឲ្យរាជរដ្ឋាភិបាល ឬស្ថាប័ននៃរាជរដ្ឋាភិបាលនូវសួយសារ ឬប្រាក់ថ្លៃឈ្នួលលើចលនទ្រព្យ ឬអចលនទ្រព្យ (ក្នុងនោះមានរួមបញ្ចូលផងដែរនូវប្រាក់ទូទាត់លើការធ្វើអាជីវកម្មកំពង់ដរ ដីសម្បទានសេដ្ឋកិច្ច និងភាស៊ីផ្សារ ។ល។) លុះត្រាតែការទូទាត់នេះត្រូវទាក់ទិននឹងចលនទ្រព្យ ឬអចលនទ្រព្យដែលបានកត់ត្រាជាទ្រព្យសម្បត្តិរដ្ឋនៅក្នុងបញ្ជីសារពើភ័ណ្ឌគ្រប់គ្រងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយប្រាក់ទូទាត់ត្រូវមានការបញ្ជាក់ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុថាជាចំណូលមិនមែនសារពើពន្ធបង់ចូលថវិការដ្ឋ។
- ការទូទាត់នូវប្រាក់ចំណូលដែលពន្ធលើប្រាក់បៀវត្ស ឬពន្ធលើអត្ថប្រយោជន៍បន្ថែមត្រូវបានកាត់ទុករួចរាល់។ ការទូទាត់នូវការប្រាក់ដោយរាជរដ្ឋាភិបាល ឬ ស្ថាប័នរាជរដ្ឋាភិបាលទៅឲ្យបុគ្គលអនិវាសនជន ចំពោះប្រាក់កម្ចីដែលរាជរដ្ឋាភិបាលកម្ពុជា ឬរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានទទួលស្គាល់ និងយល់ព្រម។
- ការទូទាត់នូវប្រាក់ចំណូលពីការបំពេញសេវានានារួមទាំង ការគ្រប់គ្រង ឬការពិគ្រោះយោបល់ ឬសេវាប្រហាក់ប្រហែលរបស់សហគ្រាសនីតិបុគ្គល ដែលបានចុះបញ្ជីជាសហគ្រាសជាប់ពន្ធតាមរបបពិត។ ប៉ុន្តែទឹកប្រាក់នោះត្រូវតែកត់ត្រាក្នុងវិក្កយបត្រ ដែលចេញដោយអ្នកទទួលប្រាក់និងត្រូវបានកត់ត្រាច្បាស់លាស់ ហើយមានព័ត៌មានគ្រប់គ្រាន់ដូចមានចែងក្នុងប្រកាសលេខ ៣៤១ ប្រក.សហវ.ពដ និងប្រកាសលេខ ៣៤២ ប្រក.សហវ.ពដចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ១៩៩៧ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
៦- ពន្ធកាត់ទុកត្រូវបានគណនាដោយការគុណមូលដ្ឋានគិតពន្ធ នឹងអត្រាពន្ធដែលអនុវត្ត។
- មូលដ្ឋានគិតពន្ធ ៖ ពន្ធកាត់ទុកត្រូវគណនាលើចំនួនទឹកប្រាក់ដុល ដែលត្រូវទូទាត់ឲ្យបុគ្គលណាមួយ។ ចំពោះការទូទាត់ប្រាក់ឲ្យអនិវាសនជន ដែលទាក់ទិនដល់ការផ្គត់ផ្គង់សម្ភារៈបរិក្ខារផង និងសេវាផង ដូចជានៅក្នុងការទូទាត់ចំណាយទិញម៉ាស៊ីនពីក្រៅប្រទេស ដែលរួមមានថ្លៃទិញម៉ាស៊ីន និងថ្លៃសេវាផ្គុំដំឡើងដោយអ្នកបច្ចេកទេសជាបុគ្គលអនិវាសនជនផ្ដល់ដោយអ្នកលក់ (សម្រាប់ដំណើរការដើមដំបូងនៃម៉ាស៊ីន) មូលដ្ឋានសម្រាប់គិតពន្ធកាត់ទុក គឺជាចំណែកប្រាក់ដែលទាក់ទិននឹងសេវាផ្តុំដំឡើងនេះតែប៉ុណ្ណោះ។ ដរាបណាការទូទាត់មិនទាន់ចាត់ជាចំណាយកាតព្វកិច្ចកាត់ទុក ពន្ធក៏នឹងមិនកើតមានឡើងដែរ។ ប៉ុន្តែការទូទាត់នេះត្រូវបានចាត់ទុកថាបានធ្វើឡើង ប្រសិនបើការទូទាត់នេះត្រូវបានកាត់កងជាចំណាយអាជីវកម្ម ហើយភ្នាក់ងារកាត់ទុកត្រូវបង់ពន្ធកាត់ទុកក្នុងនាមអ្នកទទួល។
៧- ភ្នាក់ងារកាត់ទុកមានកាតព្វកិច្ចដាក់លិខិតប្រកាសសារពើពន្ធ និងបង់ប្រាក់ពន្ធយ៉ាងយឺតបំផុតត្រឹមថ្ងៃទី១៥ នៃខែបន្ទាប់ពីខែដែលបានធ្វើការកាត់ទុក ។ ភ្នាក់ងារកាត់ទុកសំដៅដល់បុគ្គល ឬនីតិបុគ្គលដែលបទប្បញ្ញត្តិស្តីពីពន្ធដារបានតម្រូវឲ្យធ្វើការកាត់ទុក និងបង់ពន្ធចូលថវិការដ្ឋក្នុងនាមអ្នកទទួល។ លិខិតប្រកាសពន្ធត្រូវដាក់ទៅការិយាល័យអ្នកជាប់ពន្ធធំ (សម្រាប់គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សាខា ក្រុមហ៊ុមបរទេស ឬក្រុមហ៊ុនពហុជាតិ ឬសហគ្រាសដែលមានផលរបរប្រចាំឆ្នាំចាប់ពី ១.០០០ លានរៀល ឡើងទៅ) ឬសាខា ពន្ធដារខេត្ត-ខណ្ឌដែលអាជីវកម្មនោះតាំងនៅ (សម្រាប់អ្នកជាប់ពន្ធដទៃទៀត)។