Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១៦- តើសិទ្ធិអ្នកនិពន្ធស្នាដៃដែលទទួលបានកិច្ចការពារ ទទួលបានសិទ្ធិប៉ុន្មានប្រភេទ ? អ្វីខ្លះ ? ចូររៀបរាប់ ?

១៧- តើសិទ្ធិអ្នកនិពន្ធមិនអាចធ្វើការហាមឃាត់ចំពោះអ្វីខ្លះ ?

១៨- តើអ្វីជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ?

១៩- តើការផ្សព្វផ្សាយជាសាធារណៈមានសារៈសំខាន់អ្វីខ្លះ ?

២០- តើទង្វើអ្វីខ្លះដែលចាត់ទុកថាជាការប្រកួតប្រជែងមិនស្មោះត្រង់ ?

ចម្លើយ

១៦- សិទ្ធិអ្នកនិពន្ធស្នាដៃដែលទទួលបានកិច្ចការពារ ទទួលបានសិទ្ធិ២ប្រភេទគឺ ៖

+ សិទ្ធិបេតិកភ័ណ្ឌ ជាសិទ្ធិប្រកបអាជីវកម្មរបស់អ្នកនិពន្ធលើទ្រព្យជាស្នាដៃរបស់ខ្លួនតាមរយៈការផលិតឡើងវិញ ការផ្សព្វផ្សាយជាសាធារណៈ​ និងការបង្កើតស្នាដៃបន្ត ។ អ្នកនិពន្ធមានសិទ្ធិផ្តាច់មុខធ្វើដោយខ្លួនឯង ឬអនុញ្ញាតឲ្យគេធ្វើកិច្ចការដូចតទៅ ៖

ក- ការបកប្រែជាភាសាបរទេសនូវស្នាដៃរបស់ខ្លួ​ន ។

ខ- ការយកលំនាំតាម ឬការកែសម្រួលផ្សេងៗទៀតនៃស្នាដៃ ។

គ- ការជួលស្នាដៃច្បាប់ដើម ឬច្បាប់ចម្លងស្នាដៃ សោតទស្សន៍ ឬស្នាដៃថត បញ្ចូលជាហ្វូណូក្រាម កម្មវិធីកុំព្យូរទ័រ ប្រព័ន្ធទិន្នន័យ ឬស្នាដៃតូរ្យតន្រ្តីជាអក្សរភ្លេង ។

ឃ- ការចែកចាយជាសាធារណៈតាមការលក់ ការជួល ឬតាមមធ្យោបាយផ្សេងទៀតនូវច្បាប់ដើម ឬច្បាប់ចម្លងដែលពុំទាន់បានលក់ ឬផ្ទេរកម្មសិទ្ធិ ។

ង- ការនាំចូលក្នុងប្រទេសនូវស្នាដៃចម្លងចេញពីស្នាដៃ របស់សាមីខ្លួនដែលជាអ្នកនិពន្ធ ។

ច- ការសម្តែងស្នាដៃជាសាធារណៈ ។

ឆ- ការផ្សាយស្នាដៃជាសាធារណៈ ។

ជ- ការផ្សាយស្នាដៃតាមទូរផ្សាយ ។

ឈ- ការផ្សាយស្នាដៃជាសាធារណៈតាមវិធីផ្សេងៗទៀត ។

សិទ្ធិដាក់ជួលក្នុងចំណុច គ មិនត្រូវអនុវត្តចំពោះការជួលកម្មវិធីកុំព្យូទ័រឡើយ ក្នុងករណីដែលកម្មវិធីកុំព្យូទ័រនោះ មិនមែនជាកម្មវត្ថុដ័សំខាន់សម្រាប់ការដាក់ជួល ។

+ សិទ្ធិសីលធម៌

សិទ្ធិសីលធម៌របស់អ្នកនិពន្ធមាន៣ចំណុចដូចខាងក្រោម ៖

ក- អ្នកនិពន្ធមានសិទ្ធិផ្តា​ច់មុខក្នុងការសម្រេចពីររបៀប និងពេលនៃការផ្សព្វផ្សាយស្នាដៃរបស់ខ្លួនជាសាធារណៈ ព្រមទាំងបែបបទគ្រប់គ្រងផ្សព្វផ្សាយ ។

ខ- អ្នកនិពន្ធមានសិទ្ធិកំណត់ឲ្យគេទទួលស្គាល់ឈ្មោះ ឋានៈ និងស្នាដៃរបស់ខ្លួនសម្រាប់ទាក់ទងជាមួយសាធារណជន ។

គ- អ្នកនិពន្ធមានសិទ្ធិជំទាស់នូវគ្រប់រូបភាពនៃការបំផ្លើស ឬការកាត់ចោលខ្លឹមសារ ឬការកែប្រែខ្លឹមសារជាហេតុធ្វើឲ្យខូចកិត្តិយស ឬកេរ្តិ៍ឈ្មោះរបស់ខ្លួន ។​ សិទ្ធិសីលធម៌របស់អ្នកនិពន្ធគឺជាសិទ្ធិអចិន្ត្រៃយ៍មិនអាចលក់ដូរបាន មិនអាចរឹបអូសបាន និងមិនអាចផុតអាជ្ញាយុកាល ។

១៧- សិទ្ធិអ្នកនិពន្ធមិនអាចធ្វើការហាមឃាត់ចំពោះ ៖

ក- ការសម្តែងស្នាដៃជាឯកជនដោយមិនគិតជាកម្រៃ ជាការសម្តែងក្នុងរង្វង់គ្រួសារ ឬញាតិមិត្ត ។

ខ- ការរៀបចំទុកក្នុងបណ្ណាល័យនូវសំណៅស្នាដៃណាមួយ ដើម្បីរក្សាទុកឲ្យបានគង់វង្ស ឬដើម្បីទុកសម្រាប់ធ្វើការស្រាវជ្រាវ ។

គ- ការប្រើប្រាស់ស្នាដៃសម្រាប់ការសិក្សាដោយគ្មានរកប្រាក់កម្រៃ ។

ឃ- ការបកប្រែស្នាដៃពីភាសាខ្មែរទៅជាភាសាជនជាតិភាគតិច ឬបកប្រែពីភាសាជនជាតិភាគតិចមកជាភាសាខ្មែរ ។

ប្រសិនបើមានការបញ្ជាក់យ៉ាងច្បាស់លាស់នូវ​ឈ្មោះរបស់អ្នកនិពន្ធ និងប្រភពនៃស្នាដៃ អ្នកនិពន្ធមិនអាចធ្វើការហាមឃាត់ ចំពោះកិច្ចការទាំងឡាយដូចជា ៖

  • ការវិភាគ និងអាគតដ្ឋានខ្លីៗនៃស្នាដៃដែលបញ្ជាក់ពីការរិះគន់ សង្រាមប៉ាកកា គរុកោសល្យ វិទ្យាសាស្ត្រ ឬព័ត៌មានស្តីពីស្នាដៃនោះ
  • ការផ្សាយទស្សនៈសារពត៌មាន
  • ការផ្សាយទាំងស្រុង ឬភាគខ្លះនៃសន្ទរកថានានា ដែលបានថ្លែងជាសាធារណៈក្នុងសារព័ត៌មានឬទូរផ្សាយ
  • ការត្រាប់កំប្លែង ការត្រាប់តាមគំរូ ឬគំនូរត្លុក ដោយផ្អែកតាមលំនាំដើមនៃស្នាដៃ ។
  • ការចម្លងរូបភាពល្អស្នាដៃសិល្បៈក្រាហ្វិក ឬសិល្បៈសូន្យរូប ដែលស្ថិតនៅទីកន្លែងសាធារណៈមួយ លើកលែងតែរូបភាពនោះ ត្រូវបានចាត់ទុកថាជាកម្មវត្ថុសំខាន់នៃការចម្លងបន្ត ។ ច្បាប់ក៏អនុញ្ញាតឲ្យស្រង់អាគតដ្ឋានពីស្នាដៃណាមួយជាស្នាដៃ ដែលបានផ្សព្វផ្សាយត្រឹមត្រូវតាមច្បាប់ បញ្ចូលក្នុងស្នាដៃមួយផ្សេងទៀត ដោយពុំចាំបាច់សុំការអនុញ្ញាតពីអ្នកនិពន្ធ និងពុំចាំបាច់បង់ប្រាក់កម្រៃ ។ ការស្រង់អាគតដ្ឋានត្រូវបញ្ជាក់អំពីប្រភព និងឈ្មោះអ្នកនិពន្ធ បើនៅក្នុងប្រភពនោះមានឈ្មោះអ្នកនិពន្ធច្បាស់លាស់ ។ ការស្រង់អាគតដ្ឋាននេះ មិនត្រូវធ្វើឲ្យហួសពីគោលដៅដែលត្រូវបំពេញនោះឡើយ ។

១៨- ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ សំដៅដល់ឈ្មោះ សញ្ញាសម្គាល់ និង/ឬ រូបភាពផ្សេងៗទៀត ដែលមានលក្ខណៈញែកដាច់ ដែលជាឈ្មោះឬតំណាង ឲ្យប្រភពដើមនៃតំបន់ភូមិសាស្រ្តមួយ ហើយឈ្មោះសញ្ញាសម្គាល់ និង/ឬ រូបភាពនោះសម្រាប់កំណត់អត្តសញ្ញាណទំនិញមានប្រភពក្នុងភូមិសាស្រ្តនោះ​ ដែលបានផ្តល់ជាមូលដ្ឋានគ្រឹះដល់គុណភាព កិត្តិសព្ទឬចរិតលក្ខណៈផ្សេងទៀតនៃទំនិញដែលកើតចេញពីតំបន់ភូមិសាស្រ្តនោះ ។

១៩- ការផ្សព្វផ្សាយជាសាធារណៈមានសារៈសំខាន់ ព្រោះវាបានបង្ហាញឲ្យមនុស្សទាំងអស់បានដឹងពីតក្កកម្ម និងតក្កករ ហើយបុគ្គលទាំងឡាយដែលមានផលប្រយោជន៍ពាក់ព័ន្ធទៅនឹងតក្កកម្មនោះ អាចដាក់ពាក្យបណ្តឹងជំទាស់ពីការប្រគល់ នូវប្រកាសនីយបត្រតក្កកម្មនេះបាន ។

២០- ទង្វើទាំងឡាយដែលចាត់ទុកថាជាការប្រកួតប្រជែងមិនស្មោះត្រង់មានដូចជា ៖

ក- ការបង្កើតឲ្យមានការភាន់ច្រឡំតាមមធ្យោបាយណាមួយ ជាមួយសហគ្រាស ជាមួយទំនិញ ឬជាមួយសកម្មភាពឧស្សាហកម្មពាណិជ្ជកម្ម ឬសេវាកម្មនៃគូប្រកួតប្រជែង ។

ខ- ការពោលអះអាងមិនត្រឹមត្រូវក្នុងពាណិជ្ជកម្ម ដែលធ្វើឲ្យខូចកេរ្តិ៍ឈ្មោះ សហគ្រាស ទំនិញ ឬសកម្មភាពឧស្សាហកម្មពាណិជ្ជកម្ម ឬសេវាកម្មនៃគូប្រកួតប្រជែង ។

គ- ការបញ្ជាក់ ឬការពោលអះអាងដែលបានប្រើប្រាស់នៅក្នុងពាណិជ្ជកម្ម ហើយដែលអាចធ្វើឲ្យសាធារណជនភាន់ច្រឡំអំពីប្រភេទដំណើរការផលិតលក្ខណៈ ភាពសមស្រប សម្រាប់គោលបំណងរបស់គេ ឬបិរមាណនៃទំនិញ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login