សំណួរ
១៦- តើផ្លាកលេខសម្គាល់យានជំនិះមានប៉ុន្មានប្រភេទ ?
១៧- តើផ្លាកលេខសម្គាល់យានជំនិះប្រភេទទី២សម្រាប់យានជំនិះរបស់ស្ថាប័នកំពូលមានអ្វីខ្លះ ?
១៨- តើផ្លាកលេខសម្គាល់យានជំនិះប្រភេទទី៧ សម្រាប់យានជំនិះរបស់ស្ថានទូត អង្គការសហប្រជាជាតិ អង្គការអន្តរជាតិ និងអង្គការមិនមែនរដ្ឋាភិបាលមានអ្វីខ្លះ ?
១៩- តើផ្លាកលេខសម្គាល់យានជំនិះប្រភេទទី៨ សម្រាប់យានជំនិះជារបស់ម្ចាស់កម្មសិទ្ធិយានជំនិះជារូបវន្តបុគ្គល នីតិបុគ្គល ឬសហកម្មសិទ្ធិយានជំនិះ សម្រាប់ប្រើប្រាស់ជាលក្ខណៈឯកជន ដែលលេខចុះបញ្ជីចែកជាប៉ុន្មានចង្កោម ?
២០- តើភិនភាគនៃលេខកូដយានជំនិះមានការប្រែប្រួលទៅតាមក្រុមយានជំនិះអ្វីខ្លះ ?
ចម្លើយ
១៦- ផ្លាកលេខសម្គាល់យានជំនិះមាន៩ប្រភេទគឺ ៖
- ប្រភេទទី១ ៖ ផ្លាកលេខមានផ្ទៃពណ៌បែតងចាស់ អក្សរនិងលេខពណ៌ទឹកមាស សម្រាប់យានជំនិះរបស់ព្រះបរមរាជវាំង
- ប្រភេទទី២ ៖ ផ្លាកលេខមានផ្ទៃពណ៌បៃតងចាស់ អក្សរនិងលេខពណ៌ស សម្រាប់យានជំនិះរបស់ស្ថាប័នកំពូល
- ប្រភេទទី៣ ៖ ផ្លាកលេខមានផ្ទៃពណ៌បៃតងខ្ចី អក្សរនិងលេខពណ៌ស សម្រាប់យានជំនិះជាសម្បត្តិរដ្ឋ
- ប្រភេទទី៤ ៖ ផ្លាកលេខមានផ្ទៃពណ៌ខៀវខាងលើ និងពណ៌ក្រហមខាងក្រោមចែកពាក់កណ្តាលស្មើ អក្សរនិងលេខពណ៌ស សម្រាប់យានជំនិះរបស់កងយោធពលខេមភូមិន្ទ
- ប្រភេទទី៥ ៖ ផ្លាកលេខមានផ្ទៃពណ៌ស អក្សរនិងលេខពណ៌ក្រហម សម្រាប់យានជំនិះរបស់កងកម្លាំងនគរជាតិ
- ប្រភេទទី៦ ៖ ផ្លាកលេខមានផ្ទៃពណ៌ស អក្សរនិងលេខពណ៌បៃតងចាស់ សម្រាប់យានជំនិះរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
- ប្រភេទទី៧ ៖ ផ្លាកលេខមានផ្ទៃពណ៌លឿង អក្សរនិងលេខពណ៌ខៀវចាស់ សម្រាប់យានជំនិះរបស់ស្ថានទូត និងផ្លាកលេខមានផ្ទៃពណ៌ខៀវផ្ទៃមេឃ អក្សរនិងលេខពណ៌សសម្រាប់អង្គការសហប្រជាជាតិ អង្គការអន្តរជាតិ និងអង្គការមិនមែនរដ្ឋាភិបាល
- ប្រភេទទី៨ ៖ ផ្លាកលេខមានផ្ទៃពណ៌ស អក្សរនិងលេខពណ៌ខៀវចាស់ សម្រាប់យានជំនិះជារបស់កម្មសិទ្ធិយានជំនិះជារូបវន្តបុគ្គល នីតិបុគ្គល ឬសហកម្មសិទ្ធិយានជំនិះ
- ប្រភេទទី៩ ៖ ផ្លាកលេខមានផ្ទៃពណ៌លឿងទុំ អក្សរនិងលេខពណ៌ស សម្រាយបយានជំនិះនាំចូលបណ្តោះអាសន្នតាមរបបព្យួរពន្ធ ឬក្រោមរបបគយនាំចូលបណ្តោះអាសន្ន ។
១៧- ផ្លាកលេខសម្គាល់យានជំនិះប្រភេទទី២សម្រាប់យានជំនិះរបស់ស្ថាប័នកំពូលមានដូចជា ៖
- ផ្លាកលេខសម្រាប់យានជំនិះដែលប្រើប្រាស់ដោយក្រុមប្រឹក្សាធម្មនុញ្ញ ដែលផ្នែកខាងលើសរសេរអក្សរខ្មែរ “ក.ប.ធម្មនុញ្ញ” និងនៅខាងចុងមានលេខកូដ សម្គាល់អាណត្តិផ្នែកកណ្តាលជាលេខកូដយានជំនិះ និងលេខចុះបញ្ជីមានបីខ្ទង់និងផ្នែកខាងក្រោមសរសេរអក្សរឡាតាំង “CONSTITUTIONAL COUNCIL” នៅពីក្រោមបន្ទាត់ផ្ដេក ។ ផ្លាកលេខនេះ ផ្តល់ជូនប្រធាននិងសមាជិកនៃក្រុមប្រឹក្សាធម្មនុញ្ញក្នុងអាណត្តិ តាមសំណើរបស់អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាធម្មនុញ្ញ ។
- ផ្លាកលេខសម្រាប់យានជំនិះដែលប្រើប្រាស់ដោយព្រឹទ្ធសភា ដែលផ្នែកខាងលើសរសេរអក្សរខ្មែរ “ព្រឹទ្ធសភា” និងនៅខាងចុងមានលេខកូដ សម្គាល់អាណត្តិ ផ្នែកកណ្តាលជាលេខកូដយានជំនិះ និងលេខចុះបញ្ជីមានបីខ្ទង់ និងផ្នែកខាងក្រោមសរសេរអក្សរឡាតាំង “SENATE” នៅពីក្រោមបន្ទាត់ផ្ដេក ។ ផ្លាកលេខនេះ ផ្តល់ជូនសមាជិកព្រឹទ្ធសភាក្នុងអាណត្តិ តាមសំណើរបស់អគ្គលេខាធិការដ្ឋាននៃព្រឹទ្ធសភា ។
- ផ្លាកលេខសម្រាប់យានជំនិះដែលប្រើប្រាស់ដោយរដ្ឋសភា ដែលផ្នែកខាងលើសរសេរអក្សរខ្មែរ “រដ្ឋសភា” និងនៅខាងចុងមានលេខកូដសម្គាល់អាណត្តិ ផ្នែកកណ្តាលជាលេខកូដយានជំនិះ និងលេខចុះបញ្ជីមានបីខ្ទង់ និងផ្នែកខាងក្រោមសរសេរអក្សរឡាតាំង “NATIONAL ASSEMBLY” នៅពីក្រោមបន្ទាត់ផ្ដេក ។ ផ្លាកលេខនេះ ផ្តល់ជូនសមាជិករដ្ឋសភាក្នុងអាណត្តិ តាមសំណើរបស់អគ្គលេខាធិការដ្ឋាននៃរដ្ឋសភា ។
- ផ្លាកលេខសម្រាប់យានជំនិះដែលប្រើប្រាស់ ដោយឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលផ្នែកខាងលើសរសេរអក្សរខ្មែរ “ឧ.ក.អង្គចៅក្រម” និងនៅខាងចុងមានលេខកូដសម្គាល់អាណត្តិ ផ្នែកកណ្តាលជាលេខកូដយានជំនិះ និងលេខចុះបញ្ជីមានបីខ្ទង់ និងផ្នែកខាងក្រោមសរសេរអក្សរឡាតាំង “SCM” នៅពីក្រោមបន្ទាត់ផ្ដេក ។ ផ្លាកលេខនេះផ្តល់ជូនសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមក្នុងអាណត្តិតាមសំណើ របស់អគ្គលេខាធិការដ្ឋាននៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ។
- ផ្លាកលេខសម្រាប់យានជំនិះដែលប្រើប្រាស់ដោយរាជរដ្ឋាភិបាល ដែលផ្នែកខាងលើសរសេរអក្សរខ្មែរ “រាជរដ្ឋាភិបាល” និងនៅខាងចុងមានលេខកូដសម្គាល់អាណត្តិ ផ្នែកកណ្តាលជាលេខកូដយានជំនិះ និងលេខចុះបញ្ជីមានបីខ្ទង់និងផ្នែកខាងក្រោមសរសេរអក្សរឡាតាំង “ROYAL GOVERNMENT” នៅពីក្រោមបន្ទាត់ផ្ដេក ។ ផ្លាកលេខនេះ ផ្តល់ជូនសមាជិករាជរដ្ឋាភិបាលក្នុងអាណត្តិ តាមសំណើរបស់រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី ។
ផ្លាកលេខសម្គាល់យានជំនិះប្រភេទនេះ មានសុពលភាពប្រើប្រាស់សម្រាប់តែក្នុងនីតិកាល ឬអាណត្តិរបស់ស្ថាប័ននោះតែប៉ុណ្ណោះ ។
១៨- ផ្លាកលេខសម្គាល់យានជំនិះប្រភេទទី៧ សម្រាប់យានជំនិះរបស់ស្ថានទូត អង្គការសហប្រជាជាតិ អង្គការអន្តរជាតិ និងអង្គការមិនមែនរដ្ឋាភិបាលមានដូចជា ៖
ក- ស្ថានទូត ៖
- ផ្លាកលេខសម្រាប់យានជំនិះដែលប្រើប្រាស់ដោយឯកអគ្គរាជទូត ឬឯកអគ្គរដ្ឋទូត ដែលនៅចំកណ្តាលសរសេរអក្សរឡាតាំង “CMD” លេខពីរខ្ទង់បន្ទាប់សម្គាល់ស្ថានទូត ឬកុងស៊ុលនៃប្រទេសនីមួយៗ និងលេខ “1” សម្គាល់ឯកអគ្គរាជទូត ឬឯកអគ្គរដ្ឋទូត
- ផ្លាកលេខសម្រាប់យានជំនិះដែលប្រើប្រាស់ដោយបុគ្គលិកការទូត ដែលផ្នែកខាងលើសរសេរអក្សរឡាតាំង “CD” និងលេខពីរខ្ទង់បន្ទាប់សម្គាល់ស្ថានទូត ឬកុងស៊ុលនៃប្រទេសនីមួយៗ ផ្នែកខាងក្រោមជាលេខកូដយានជំនិះ និងលេខចុះបញ្ជីមានបីខ្ទង់ ។
ខ- អង្គការសហប្រជាជាតិ ៖
- ផ្លាកលេខសម្រាប់យានជំនិះដែលប្រើប្រាស់ ដោយប្រធានបេសកកម្មអង្គការសហប្រជាជាតិ ដែលនៅចំកណ្តាលសរសេរអក្សរឡាតាំង “ONU” លេខពីរខ្ទង់បន្ទាប់សម្គាល់ស្ថានតំណាងនៃសកម្មភាពការងារ និងលេខ “1” សម្គាល់ប្រធានបេសកកម្ម អង្គការសហប្រជាជាតិ
- ផ្លាកលេខសម្រាប់យានជំនិះដែលប្រើប្រាស់ដោយបុគ្គលិកអង្គការសហប្រជាជាតិ ដែលផ្នែកខាងលើសរសេរអក្សរឡាតាំង “ONU” និងលេខពីរខ្ទង់បន្ទាប់សម្គាល់ស្ថានតំណាងនៃសកម្មភាពការងារ ផ្នែកខាងក្រោមជាលេខកូដយានជំនិះ និងលេខចុះបញ្ជីមានបីខ្ទង់ ។
គ- អង្គការអន្តរជាតិ និងអង្គការមិនមែនរដ្ឋាភិបាល ៖
- ផ្លាកលេខសម្រាប់យានជំនិះដែលប្រើប្រាស់ដោយអង្គការអន្តរជាតិ ដែលផ្នែកខាងលើសរសេរអក្សរឡាតាំង “OI” និងផ្នែកខាងក្រោមជាលេខកូដយានជំនិះ និងលេខចុះបញ្ជីមានបួនខ្ទង់
- ផ្លាកលេខសម្រាប់យានជំនិះដែលប្រើប្រាស់ដោយអង្គការមិនមែនរដ្ឋាភិបាលបរទេស ដែលផ្នែកខាងលើសរសេរអក្សរឡាតាំង “ONG1” និងផ្នែកខាងក្រោមជាលេខកូដយានជំនិះ និងលេខចុះបញ្ជីមានបួនខ្ទង់
- ផ្លាកលេខសម្រាប់យានជំនិះដែលប្រើប្រាស់ដោយអង្គការមិនមែនរដ្ឋាភិបាល ក្នុងស្រុកដែលផ្នែកខាងលើសរសេរអក្សរឡាតាំង “ONG2” និងផ្នែកខាងក្រោមជាលេខកូដយានជំនិះ និងលេខចុះបញ្ជីមានបួនខ្ទង់ ។
ផ្លាកលេខសម្គាល់យានជំនិះប្រភេទនេះ ត្រូវបានចុះបញ្ជីផ្តល់បណ្ណ និងបំពាក់ផ្លាកលេខសម្គាល់យានជំនិះ ដោយមានលិខិតស្នើសុំពីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ឬពីក្រសួងមហាផ្ទៃ ។
១៩- ផ្លាកលេខសម្គាល់យានជំនិះប្រភេទទី៨ សម្រាប់យានជំនិះជារបស់ម្ចាស់កម្មសិទ្ធិយានជំនិះជារូបវន្តបុគ្គល នីតិបុគ្គល ឬសហកម្មសិទ្ធិយានជំនិះ សម្រាប់ប្រើប្រាស់ជាលក្ខណៈឯកជន ដែលលេខចុះបញ្ជីចែកជាបីចង្កោមគឺ ៖
- ចង្កោមទី១ ៖ លេខចុះបញ្ជីធម្មតា
- ចង្កោមទី២ ៖ លេខចុះបញ្ជីពិសេស
- ចង្កោមទី៣ ៖ លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន ។
២០- ភិនភាគនៃលេខកូដយានជំនិះមានការប្រែប្រួលទៅតាមក្រុមយានជំនិះដូចជា ៖
- ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងម៉ូតូកង់បួន ៖ លេខកូដយានជំនិះ “១”
- រថយន្តគ្រួសារ និងរថយន្តធុនស្រាល ៖ លេខកូដយានជំនិះ “២”
- រថយន្តធុនធ្ងន់ និងក្បាលរថយន្តសណ្តោង ៖ លេខកូដយានជំនិះ “៣”
- រ៉ឺម៉ក និងសឺមីរ៉ឺម៉ក ៖ លេខកូដយានជំនិះ “៤”
- យានយន្តុបករណ៍ ៖ លេខកូដយានជំនិះ “៥”
- ត្រាក់ទ័រ និងយានយន្តកសិកម្មកែច្នៃ ៖ លេខកូដយានជំនិះ “៦” ។
តភាគ