សំណួរ
១. តើករណីយកិច្ចជាអ្វី ? សិទ្ធិនិងករណីយកិច្ចមានទំនាក់ទំនងគ្នាដូចម្តេចខ្លះ ? ចូរលើកឧទាហរណ៍ពីទំនាក់ទំនងរវាងសិទ្ធិនិងករណីយកិច្ច ។
២. តើមនុស្សម្នាក់ៗត្រូវមានន័យទំនួលខុសត្រូវផ្នែកអ្វីខ្លះ ?
៣. តើការទទួលខុសត្រូវផ្នែកសង្គមចែកកំហុសជាប៉ុន្មាន ? អ្វីខ្លះ ?
៤. តើទំនួលខុសត្រូវផ្នែកសីលធម៌ និងទំនួលខុសត្រូវផ្នែកសង្គមមានលក្ខណៈខុសត្រូវគ្នាដូចម្តេចខ្លះ ?
៥. ហេតុអ្វីបានជាតួនាទី និងការទទួលខុសត្រូវរបស់ពលរដ្ឋជាផ្នែកមួយដ៏សំខាន់នៃលទ្ធិប្រជាធិបតេយ្យ ?
ចម្លើយ
១. ករណីយកិច្ច ជាលក្ខណៈដែលតម្រូវមកលើកំណត់ចិត្តដោយសេរីរបស់មនុស្ស ។ គេអាចនិយាយម៉្យាងទៀតថា ករណីយកិច្ច ជាភារកិច្ច ឬការងារដែលត្រូវធ្វើ ។ សិទ្ធិ ជាអំណាចដែលមនុស្សទទួលបានពីធម្មជាតិ និងអ្វីៗដែលមនុស្សត្រូវតែមានជាចាំបាច់សម្រាប់រស់នៅឱ្យបានសមរម្យ និងមានសេចក្តីថ្លៃថ្នូរជាមនុស្ស ។ ទំនាក់ទំនងរវាងសិទ្ធិ និងករណីយកិច្ច ៖
- សិទ្ធិ និងករណីយកិច្ច ជាទិដ្ឋភាពពីរដែលបំពេញឱ្យគ្នា និងធ្វើជាមូលដ្ឋានដទៃ ហើយករណីយកិច្ចដែលអ្នកដទៃបំពេញឱ្យយើងជាចម្លើយតបនឹងសិទ្ធិរបស់យើង ។
- សិទ្ធិ និងករណីយកិច្ច ត្រូវតែមានទំនាក់ទំនងជាមួយគ្នា ហើយដើរទន្ទឹមគ្នាជានិច្ចមិនអាចនៅដាច់ពីគ្នាបានទេព្រោះថា កាលណាយើងមានករណីយកិច្ចចាំបាច់ត្រូវតែមានសិទ្ធិមួយសមស្របដូចនេះ
- បើមានតែសិទ្ធិខ្វះករណីយកិច្ច គឺអនាធិបតេយ្យ
- បើមានតែករណីយកិច្ចខ្វះសិទ្ធិ គឺជារបបផ្តាច់ការ
- បើមានទាំងសិទ្ធិ មានករណីយកិច្ច គឺជាប្រជាធិបតេយ្យ ។
ឧទាហរណ៍
- សិស្សមានសិទ្ធិសំណូមពរ ឬស្នើរឱ្យគ្រូពន្យល់ចំណុចណាមួយនៃមេរៀនដែលមិនទាន់យល់ឱ្យគ្រូពន្យល់ម្តងទៀត ឯគ្រូមានករណីយកិច្ចរបស់គ្រូឆ្លើយតបនឹងសិទ្ធិរបស់សិស្ស(នេះជាករណីយកិច្ចរបស់គ្រូឆ្លើយតបនឹងសិទ្ធិរបស់សិស្ស)
- គ្រូមានសិទ្ធិដាក់លំហាត់ ឬបញ្ហាឱ្យសិស្សបំពេញកិច្ចការអ្វីមួយ ។ សិស្សឆ្លើយសំណួររបស់គ្រូដើម្បីបំពេញករណីយកិច្ចជូនគ្រូ (ករណីយកិច្ចរបស់សិស្សបំពេញឱ្យគ្រូ គឺជាចម្លើយតបនឹងសិទ្ធិរបស់គ្រូ) ។
២. មនុស្សម្នាក់ៗត្រូវមានន័យទំនួលខុសត្រូវពីរយ៉ាងគឺ ៖
ក. ទំនួលខុសត្រូវផ្នែកសីលវិជ្ជា ជាការទទួលត្រូវចំពោះសីលញាណ ឬវិចារណញាណរបស់ខ្លួនផ្ទាល់ ។ ឧ. វិប្បដិសារីនៅពេលខ្លួនប្រព្រឹត្តខុសលើអ្វីមួយ ។ អ្នកដទៃមិនបានឃើញ មិនបានដឹង តែវិចារណញាណយើងជាអ្នកដឹងឮហើយស្តីបន្ទោសខ្លួនឯងដោយខ្លួនឯង ។
ខ. ទំនួលខុសត្រូវផ្នែកសង្គម ជាការទទួលខុសត្រូវចំពោះមុខច្បាប់សង្គមនៅពេលដែលយើងប្រព្រឹត្តល្មើសច្បាប់ គឺត្រូវទទួលការវិនិច្ឆ័យពីតុលាការ ឬពីអជ្ញាធរមានសមត្ថកិច្ច ។
៣. ការទទួលខុសត្រូវផ្នែកសង្គមចែកកំហុស ២ យ៉ាងគឺ
- កំហុសរដ្ឋប្បវេណី ៖ ជាកំហុសដែលតំរូវអោយមានការចេញសងនូវការខូចខាតតែមិនចំពោះថាអ្នកណាប្រព្រឹត្ត អ្នកនោះត្រូវតែសងនោះទេ ។ អ្នកដទៃ ឬអ្នកអាណាព្យាបាល អាចចេញសងជំនួសអ្នកប្រព្រឹត្តខុស ក្នុងរូបភាពជួសជុលការខូចខាត ឬជាជំងឺចិត្ត ។ ឧទាហរណ៍ ឆ្កែយើងខាំគេយើងជាម្ចាស់ត្រូវចេញថ្លៃព្យាបាលនិងជំងឺចិត្តឱ្យគេ ។
- កំហុសព្រហ្មទណ្ឌ ៖ ជាកំហុសដែលមានលក្ខណៈជាបទល្មើសព្រហ្មទណ្ឌដែលធ្វើឱ្យមានរបូសស្នាមរហូតដល់មានការប្រមាថជីវិតឬសមា្លប់ជីវិត ។ ក្រៅពីនេះនៅមានករណីជាច្រើនទៀតដែលចាត់ចូលក្នុងបទល្មើសព្រហ្មទណ្ឌ ដូចជាករណីលួចប្លន់ការជួញដូរភេទចាប់រំលោភលួចទ្រព្យសម្បត្តិជាតិ ។ បទល្មើសព្រហ្មទណ្ឌតម្រូវទៅលើអ្នកប្រព្រឹត្តត្រូវតែទទួលទោសក្នុងករណីជានីតិជន ។ បទល្មើសធ្ងន់ធ្ងរឈានដល់ការសម្លាប់ជីវិតហៅថា បទឧក្រិដ្ឋ ។
៤. ទំនួលខុសត្រូវផ្នែកសីលធម៌ និងទំនួលខុសត្រូវផ្នែកសង្គមមានលក្ខណៈខុសត្រូវគ្នាត្រង់ ៖
ក. ទំនួលខុសត្រូវផ្នែកសីលធម៌
- ការទទួលខុសត្រូវចំពោះមុខសីលញាណរបស់ខ្លួន
- ជាការដាក់ទណ្ឌកម្មលើ ឬរបស់វិចារណញាណខ្លួនឯង
- គ្មានការបង្ខិតបង្ខំពីបរិស្ថានខ្លួនទេ គឺមានការយោគយល់
- ការភ្ញាក់រលឹកដោយសម្បជញ្ញៈខ្លួនឯង
- តម្រូវឱ្យមានញាណគ្រប់គ្រាន់(មិនមែនជាជនវិកលចរិត)
- ស្គាល់កុសល អកុសល និងសេរីភាពផង
- ចែកចេញជាពីរ គឺទំនួលខុសប្រកបដោយវិចារណញាណ និងខ្វះវិចារណញាណ
- គ្មានការកម្រិតទម្ងន់ទោស (ស្រាល ធ្ងន់) អ្នកប្រព្រឹត្តខុស មានវិប្បដិសារី
ខ. ទំនួលខុសត្រូវផ្នែកសង្គម
- ជាការទទួលខុសត្រូវចំពោះមុខតុលាការ (ច្បាប់សង្គម)
- ជាការដាក់ពិន័យ ឬទណ្ឌកម្មពីច្បាប់សង្គម
- គ្មានការយោគយល់
- មានការកម្រិតទោសកំហុសពីរផ្នែកគឺ រដ្ឋប្បវេណី និងព្រហ្មទណ្ឌ ។
- អ្នកប្រព្រឹត្តខុស ត្រូវទទួលទោសតាមច្បាប់ជាធរមាន ដូចជា សងសំណង ឬត្រូវជាប់ពន្ធនាគារ ។
៥. បានជាតួនាទី និងការទទួលខុសត្រូវរបស់ពលរដ្ឋជាផ្នែកមួយដ៏សំខាន់នៃលទ្ធិប្រជាធិបតេយ្យ ប្រសិនបើមនុស្សគ្មានការទទួលខុសត្រូវនោះទេសង្គមមួយ និងមិនអាចរីកចម្រើនបានឡើយហើយក៏ធ្វើឱ្យសង្គមមានភាពអនាធិបតេយ្យ ។ ដូចនេះលទ្ធិប្រជាធិបតេយ្យក៏មិនអាចដំណើរការបានល្អប្រសើរដែរ ។