សំនួរ
១. តើទស្សនវិស័យនៃទំនាក់ទំនងរវាងចិននិងជប៉ុនយ៉ាងដូចម្តេច? ផ្តោតសំខាន់ទៅលើវិស័យនយោបាយ ។
២. ចូរបង្ហាញពីថ្ងៃខែឆ្នាំនៃប្រទេសទាំង១០ ដែលបានចូលជាសមាជិកអាស៊ាន ។
៣. តើទណ្ឌកម្មខាងវិន័យចំពោះមន្ត្រីរាជការស៊ីវិលមានប៉ុន្មានថ្នាក់ ? ហើយថ្នាក់នីមួយៗមានទណ្ឌកម្មអ្វីខ្លះ ?
៤. ចូរផ្តល់និយមន័យអំណាចរដ្ឋាបាលសាធារណៈអំណាចនយោបាយអំណាចរដ្ឋបាលកណ្តល មជ្ឈការ វិមជ្ឈការ បច្ចេកទេស វិមជ្ឈការដែនដី វិសហមជ្ឈការឯកជនភាវូនីយកម្មនិងប្រតិភូកម្ម ។
៥. តើក្នុងរដ្ឋបាលសាធារណៈមានលក្ខណៈសម្បត្តិប៉ុន្មានយ៉ាង ?
ចម្លើយ
១. ទស្សនវិស័យនៃទំនាក់ទំនងរវាងចិននិងជប៉ុនមិនអាចរលាយចូលគ្នាបានទេលើគ្រប់វិស័យ ពីព្រោះកន្លងមកជប៉ុនបានលើកកងទ័ពមកឈ្លានពានប្រទេសចិន កាន់កាប់ប្រទេសចិន និងកាប់សម្លាប់ប្រជាជនចិន ។ដូចនេះម្លោះហើយបានជាថ្នាក់ដឹកនាំមិនព្រមឱ្យជប៉ុនសើរើប្រវត្តិសាស្រ្តលប់បំបាត់អំពើសាហាវយង់ឃ្នងដែលខ្លួនបានប្រព្រឹត្តនៅក្នុងអតីតកាល ។
២. បង្ហាញអំពីថ្ងៃខែឆ្នាំនៃប្រទេសទាំង១០ ដែលបានចូលជាសមាជិកអាស៊ាន ៖
- សាធារណរដ្ឋឥណ្ឌូណេស៊ី ៖ ថ្ងៃទី០៨ សីហា ១៩៦៧ ។
- សាធារណរដ្ឋហ្វីលីពីន ៖ ថ្ងៃទី ០៨ សីហា ១៩៦៧ ។
- សាធារណរដ្ឋសិង្ហបុរី ៖ ថ្ងៃទី ០៨ សីហា ១៩៦៧ ។
- សហព័ន្ធម៉ាឡេស៊ី ៖ ថ្ងៃទី ០៨ សីហា ១៩៦៧ ។
- ព្រះរាជាណាចក្រថៃ ៖ ថ្ងៃទី ០៨ សីហា ១៩៦៧ ។
- ព្រុយណេដារ៉ូសាឡាម ៖ ថ្ងៃទី ០៨ មករា ១៩៨៤ ។
- សាធារណរដ្ឋសង្គមនិយមវៀតណាម ៖ ថ្ងៃទី ២៨ កក្កដា ១៩៩៥ ។
- សាធារណរដ្ឋប្រជាមានិតឡាវ ៖ ថ្ងៃទី ២៤ កក្កដា ១៩៩៧ ។
- សាធារណរដ្ឋមិយ៉ាន់ម៉ា ៖ ថ្ងៃទី ២៤ កក្កដា ១៩៩៧ ។
- ព្រះរាជាចក្រកម្ពុជា ៖ ថ្ងៃទី ០៣ មេសា ១៩៩៩ ។
៣. ទណ្ឌកម្មខាងវិន័យចំពោះមន្ត្រីរាជការស៊ីវិលមានសរុបចំនួន២ថ្នាក់ ៖
ក. ទណ្ឌកម្មថ្នាក់ទី១
- ស្តីបន្ទោស
- ស្តីបន្ទោសដោយមានចំណារក្នុងសំណុំលិខិតផ្ទាល់ខ្លួន
- ផ្លាស់ដោយបង្ខំតាមវិធានការខាងវិន័យ
- លុបឈ្មោះចេញពី តារាងឡើងឋានន្តរសក្តិឬថ្នាក់នៃសក្របខណ្ឌ ។
ខ. ទណ្ឌកម្មថ្នាក់ទី ២
- ស្តីបន្ទោសជាទម្ងន់បណ្តាលឱ្យលុបចេញពីរតាងរាងឡើងឋានន្តរសក្តិ ឬថ្នាក់ក្របខណ្ឌបើសិនជាមានចុះឈ្មោះហើយ ឬធ្វើឱ្យយឺតក្នុងការរតម្លើងឋានន្តរសក្តិ ឬថ្នាក់ ក្នុងថេរៈវេលាមួយមានកំណត់ តែមិនត្រូវឱ្យលើសពី២ឆ្នាំក្នុងការតម្លើងឋានន្តរសក្តិ ឬថ្នាក់តាមវេនជ្រើសរើស ឬវេនអតីតភាព
- ដាក់ឱ្យនៅទំនេរគ្មានបៀរវត្ស មិនឱ្យលើសពី១ឆ្នាំ
- បន្ថយឋានន្តរសក្តិ ឬថ្នាក់មួយថ្នាក់ ឬច្រើនថ្នាក់
- ដាក់ឱ្យចូលនិវត្តន៍មុនកាលកំណត់ឬបញ្ឈប់ពីការងារដោយបង្ខំ
- បណ្តេញចេញពីមុខតំណែងរាជការ ។
៤. ផ្តល់និយមន័យដូចខាងក្រោម ៖
- អំណាចរដ្ឋបាលសាធារណៈ គឺជាអំណាចស្វ័យតែមួយ ដែលនៅជាប់ជាប្រចាំជានិច្ចក្នុងការបម្រើដល់សង្គមដែលជាម្ចាស់របស់ខ្លួន ហើយអនុវត្តដោយអ្នកបច្ចេកទេសក្នុងរដ្ឋបាលសាធារណៈ ។
- អំណាចនយោបាយ គឺជាអំណាចរាជរដ្ឋាភិបាល និងរដ្ឋសភាដែលអាចផ្លាស់ប្តូរតាមទិសដៅនយោបាយនិងមតិមហាជន ។
- អំណាចរដ្ឋបាលកណ្តាល គឺជាអំណាចដែលមានតួនាទីបំពេញមុខងាររដ្ឋបាលក្នុងលំដាប់ថ្នាក់លើ និងស្ថិតក្នុងក្របខណ្ឌជាតិទាំងមូលមានកាតព្វកិច្ចរៀបចំកិច្ចការប្រទេសជាតិជាទូទៅ ។
- មជ្ឈការ គឺជាការប្រមូលផ្តុំអំណាច ។
- វិមជ្ឈការ គឺជាការផ្ទេរសមត្ថកិច្ច របស់រដ្ឋបាលថ្នាក់ជាតិ ទៅឱ្យនីតិបុគ្គលនៃនីតិសាធារណៈផ្សេងធ្វើឱ្យអភិបាល កិច្ច នៅមូលដ្ឋានកាន់តែឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ។
- វិមជ្ឈការបច្ចេកទេស គឺជាការផ្ទេរសមត្ថកិច្ចទៅនីតិបុគ្គលនៃនីតិសាធារណៈជាគ្រឹះស្ថានសាធារណៈ ។
- វិមជ្ឈការដែនដី គឺជាការផ្ទេរសមត្ថកិច្ចទៅ នីតិបុគ្គលនៃនីតិសាធារណៈជាសមហភាពដែនដី ។
- វិសហមជ្ឈការ គឺជាការបែងចែកអំណាច ធ្វើដោយក្របខណ្ឌរដ្ឋបាលកណ្តាលរបស់រដ្ឋមន្ត្រី ដែលទទួលបន្ទុកនៅកម្រិតផ្សេងៗគ្នា ទទួលបាននូវការផ្ទេរអំណាច ធ្វើសេចក្តីសម្រេចចក្តិនិងអំណាចចុះហត្ថលេខាកាន់តែច្រើនឡើងៗ ហើយការរៀបចំគ្រប់គ្រងនោះនៅតែជា របស់រដ្ឋបាលកណ្តាលរបសស់រដ្ឋ ។
- ឯកជនភាវូនីយកម្ម គឺជាការផ្ទេរសមត្ថកិច្ចទៅឱ្យផ្នែកឯកជនអាចជាការធ្វើសម្បទាន ឬការប្រទានទ្រព្យសកម្ម ។
- ប្រតិភូកម្មអំណាច គឺជាការផ្ទេរសិទ្ធិអំណាច និងការចុះហត្ថលេខាពីស្ថាប័ន ឬអាជ្ញាធរមួយទៀត មិនមែនប្រតិភូកម្មហត្ថលេខា មិនប៉ះពាល់ដល់ការបែងចែកសមត្ថកិច្ចទេ ។
- ប្រតិភូកម្មហត្ថលេខា គឺគ្រាន់តែវិធីរដ្ឋបាលមួយដែលមិនមែនថ្នាក់ក្រោមជាអ្នកសម្រេចទេដោយថ្នាក់លើខ្ចីដៃថ្នាក់ក្រោមឱ្យចុះហត្ថលេខាក្នុងនាមថ្នាក់លើប៉ុណ្ណោះ ។ ប្រតិភូកម្មហត្ថលេខា ធ្វើឡើងចំតែឈ្មោះនរណាម្នាក់ដែលមានសមត្ថកិច្ចប៉ុណ្ណោះ ។
៥. ក្នុងរដ្ឋបាលសាធារណៈត្រូវមានលក្ខណៈសម្បត្តិ៤យ៉ាង ដូចខាងក្រោម ៖
- ទឹកចិត្តបម្រើការងារមោះមុត មានន័យថា រដ្ឋបាលសាធារណៈត្រូវមោះមុតក្នុងការងារ និងមានការលើកកម្ពស់ទឹកចិត្តការងាររបស់មន្ត្រីរាជការ ។
- ភក្តីភាព រដ្ឋបាលសាធារណៈ ដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាល និងស្ថាប័នរដ្ឋត្រូវមានភក្តីភាពចំពោះរដ្ឋ និងភក្តីភាពចំពោះប្រជាពលរដ្ឋ ។
- ផ្តោតលើសេវា រដ្ឋបាលសាធារណៈត្រូវប្រែក្លាយខ្លួនពី”អ្នកគ្រប់គ្រង” ទៅជា “អ្នកផ្តល់សេវា” គួរជាទីគោរព និងមានភាពត្រឹមត្រូវក្នុងការបម្រើ និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង របស់ពលរដ្ឋ ។
- សីលធម៌វិជ្ជាជីវៈ រដ្ឋបាលសាធារណៈត្រូវបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយតម្លាភាព សមត្ថភាព និងប្រសិទ្ធភាព ។ ក្នុងន័យនេះទាមទារឱ្យមន្ត្រីសាធារណៈផ្លាស់ប្តូរអាកប្បកិរិយា និងទម្លាប់ការងារដើម្បីបំពេញបានលក្ខណៈសម្បត្តិទាំងបួនខាងលើ ។