សំនួរ
១. តើកំណើនកម្តៅពិភពលោកមានឥទ្ធិពល លើរបបអាកាសធាតុដូចម្តេច ?
២. ចូរនិយាយពីផលប៉ះពាល់នៃកំណើនសីតុណ្ហភាពលើកសិកម្ម ។
៣. តើកំណើនកម្តៅពិភពលោកមានឥទ្ធិពលលើសុខភាព មុនស្ស និងសង្គមដូចម្តេច ?
៤. ចូរពន្យល់ផែនដីឡើងកម្តៅអាចនាំឲ្យមានទឹកជំនន់ និងគ្រោះរាំងស្ងួត ។
៥. តើមានវិធានការអ្វីខ្លះដើម្បីកាត់បន្ថយល្បឿននៃការឡើងកម្តៅផែនដីបាន ?
ចម្លើយ
១. កំណើនកម្តៅពិភពលោកមានឥទ្ធិពល លើរបបអាកាសធាតុដូចជា ៖
- រដូវក្តៅកាន់តែក្តៅ ហើយរដូវរងាកាន់តែត្រជាក់
- រដូវត្រជាក់អាចខ្លី ជាងមុនតែក្តៅកាន់តែវែង
- នៅតំបន់រយៈទទឹងឆ្ងាយពីអេក្វាទ័រនឹងមានភ្លៀងធ្លាក់ច្រើនជាងធម្មតានៅសរទរដូវ និងសិសិរដូវ ប៉ុន្តែនៅហេមន្តរដូវនិងនិទាឃរដូវមានសភាពស្ងួតជាងធម្មតា ។
- នៅតំបន់ត្រូពិចអាចមានភ្លៀងធ្លាក់ច្រើនជាងមុនហើយទឹកភ្លៀងអាចថយចុះនៅតំបន់ក្បែរត្រូពិច ។
- កំណើនរំហួតទឹកអាចធ្វើឲ្យតំបន់ជាច្រើនស្ងួតជាងមុន
- ធ្វើឲ្យកំណើនមានព្យុះកាន់តែញឹកញាប់ ។
២. និយាយពីផលប៉ះពាល់នៃកំណើនសីតុណ្ហភាពលើកសិកម្ម ៖ កំណើនសីតុណ្ហភាពនិងការប្រែប្រួលរបបទឹកភ្លៀងអាចនឹងធ្វើឲ្យផលិតកម្មស្រូវនៅទូទាំងតំបន់ត្រូវថយចុះ ។ ក្រៅពីការបាត់បង់ដីដាំដំណាំបណ្តាលមកពីទឹកសមុទ្រលិច ទិន្នផលនៃដីដាំដំណាំដែលនៅសេសសល់អាចថយចុះព្រោះលទ្ធផលដាំដំណាំពីរដងក្នុងមួយឆ្នាំត្រូវបានបាត់បង់ដោយសារតម្រូវការទឹកសម្រាប់ស្រោចស្រពហួសកម្រិតផ្គត់ផ្គង់ កំណើនសីតុណ្ហភាពដែលកាត់បន្ថយពេលវេលាសម្រាប់ដំណាំទុំ និងកំណើនទឹកភ្លៀងធ្លាក់ដែលនាំឲ្យមានសំណឹក និងចម្រោះដីជាហេតុធ្វើឲ្យបាត់បង់ដីមានជីជាតិសម្រាប់ផលិតកម្មស្រូវ ។
៣. កំណើនកម្តៅពិភពលោកមានឥទ្ធិពលលើសុខភាពមនុស្សនិងសង្គមដូចជា ៖
- កំណើនតឹងតែងអារម្មណ៍ដោយសារកម្តៅ
- កំណើនជម្ងឺប្រដាប់ដង្ហើម ប្រតិកម្មនិងធាតុនានា និងជម្ងឺដែលឆ្លងតាមខ្យល់
- នៅតំបន់ត្រូពិចត្រូវរាតត្បាតដោយជម្ងឺគ្រុនចាញ់ និងគ្រុនឈាមដែលបណ្តាលមកពីកំណើនទីជម្រងសម្រាប់មូសនិងភ្នាក់ងារចម្លងរោគនៅពេលមានកំណើនសីតុណ្ហភាពនៅបណ្តាលប្រទេសដែលមានអាកាសធាតុបង្គួរ ។
- ឥទ្ធិពលជាប្រយោលទៅលើសុខភាពអាចបណ្តាលមកពីភាពរាំងស្ងួត ទឹកជំនន់ និងដំណើររអាក់រអួលនៃសេដ្ឋកិច្ចនិងសង្គមកិច្ច ។
៤ . ពន្យល់ផែនដីឡើងកម្តៅអាចនាំឲ្យមានទឹកជំនន់ និងគ្រោះរាំងស្ងួត ៖
- កំណើនទឹកសមុទ្រ និងទឹកភ្លៀងធា្លក់ខ្លាំងគឺជា មូលហេតុនៃទឹកជំនន់ ។ បម្រែបម្រួលវដ្តទឹក ( លំហូរ ទឹកនៅលើផែនដី ) អស់ពេលដ៏យូរដោយសារតែសីតុណ្ហភាពខ្ពស់ ( រំហួតកាន់តែខ្លាំង ការរលាយទឹកកក ភ្លៀងធ្លាក់កាន់តែច្រើន ) រួមចំណែកដល់បុព្វហេតុនៃទឹកជំនន់ ។ កំណើនចំហាយទឹកនៅក្នុងបរិយាកាសដោយសារបរិយាកាសកើនកម្តៅគឺ បណ្តាលឲ្យកើតមានទឹកជំនន់ជារឿយៗនៅលើផែនដី។
- គ្រោះរាំងស្ងួតនឹងមានកាន់តែច្រើនដោយសារតែកំណើន កម្តៅនិងបម្រែបម្រួលអាកាសធាតុ ។ បម្រែបម្រួលវដ្តទឹកនាំឲ្យមានបម្រែបម្រួលភ្លៀងធ្លាក់ ។ តំបន់ខ្លះមានភ្លៀងធ្លាក់កាន់តែច្រើន តំបន់ខ្លះទៀតកាន់តែស្ងួតហែង ។ នៅពេលមានកំណើនចំហាយទឹកនៅក្នុងបរិយាកាសដោយសារកើនកម្តៅ ឬការប្រែប្រួលអាកាសធាតុគ្រោះរាំងស្ងួតនឹងកើតមានកាន់តែញឹកញាប់ ។
៥. វិធានការណ៍ដើម្បីកាត់បន្ថយល្បឿននៃការឡើងកម្តៅផែនដីបានគឺ ៖
- កាតបន្ថយការប្រើប្រាស់ឥន្ធនៈផូស៊ីល
- ត្រូវការពារព្រៃឈើដែលមានស្រាប់នៅលើផែនដី និងដាំដើមឈើបន្ថែមទៀតឲ្យបានច្រើនព្រោះដើមឈើអាចទាក់ទាញកាបូនឌីអុកស៊ីតពីបរិយាកាស ។